Connect with us

ព័ត៌មាន

សម្ដេចធិបតីកំពុងដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង​កិច្ចប្រជុំពាក់ព័ន្ធ

នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា កំពុងបន្តដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួម កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៤៩ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន តបតាមការ​អញ្ជើញ​របស់​ឯកឧត្តម ហ្វឹឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន ក្នុង​នាម​ជា​ប្រធានអាស៊ានឆ្នាំ២០២៦។

នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា ២០២៦នេះ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (អាស៊ាន បូក ចិន, ជប៉ុន និងកូរ៉េខាងត្បូង)ហើយនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្ដី ​បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួម​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​សហគមន៍​បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤។

សហគមន៍បំភាយ​ឧស្ម័នកម្រិតសូន្យអាស៊ី (Asia Zero Emission Community – AZEC) គឺជា​វេទិកា​សហប្រតិបត្តិការថ្នាក់តំបន់មួយ ដែលផ្តួចផ្តើមឡើងដោយប្រទេសជប៉ុន ដើម្បីជួយ​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​នៅអាស៊ី សម្រេចបាននូវគោលដៅកា​ត់​បន្ថយ​ការ​បំភាយ​ឧស្ម័នកាបូន​ឱ្យដ​ល់​កម្រិត​សូន្យ (Net-Zero Emissions) ស្របពេលដែលនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និង​សន្តិសុខ​ថាមពល។ គំនិតផ្តួចផ្តើមនេះ ត្រូវបានប្រកាសជា​លើក​ដំបូង​ដោយ​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន ឯកឧត្តម ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅខែមករា ឆ្នាំ២០២២ ហើយកិច្ច​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​លើកដំបូងត្រូវបានធ្វើឡើងនៅខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ សហគមន៍នេះ មាន​សមាជិក​ចំនួន១១ រួមមាន៖ ប្រទេសសមាជិកអាស៊ានចំនួន៩ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម) បូករួមជាមួយ ជប៉ុន និង អូស្ត្រាលី។

នៅ​កិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤ ព្រឹកថ្ងៃនេះ បានបន្ត​ដឹក​នាំ​រួមដោយប្រធានាធិបតីហ្វីលីពីន ឯកឧត្តម ហ្វែឌីណាន់ រ៉ូម៉ាអល់ដេស ម៉ាកូស វិន័យ (Ferdinand R. Marcos Jr.) និងនាយករដ្ឋមន្ត្រីជប៉ុន លោកជំទាវ តាកាអិជិ សាណាយ៉ិ (Sanae Takaichi)។ កិច្ចប្រជុំលើកទី៤នេះ នឹងផ្តោតលើការពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ការ​ធានានូវសន្តិសុខថាមពលក្នុងតំបន់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងការជំរុញ​ទីផ្សារ​កាបូនជាដើម។

ក្នុងកិច្ចប្រជុំនៅពេលនេះ ជប៉ុន នឹងស្នើបង្កើត «ស្ថាប័នថាមពលអន្តរជាតិកំណែទម្រង់អាស៊ី (Asian version of the IEA)» ដែលមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និង​អាស៊ីបូព៌ា (ERIA) ធ្វើជាលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលការស្តុកទុកប្រេងបន្ទាន់ និង​សហការ​ការពារវិបត្តិថាមពល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia