Connect with us

ព័ត៌មាន

ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងបញ្ជាក់ថា «រាល់​វិវាទ​ព្រំដែន​ត្រូវ​តែ​ដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ»

បណ្ដាប្រមុខដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បានគូសបញ្ជាក់ថា រាល់​វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្រប​តាម​ច្បាប់​អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬ​តាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (faits accomplis) នោះឡើយ។ នេះ​បើ​តាម​សេចក្តី​សម្រេច​ស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពង្រឹង​សន្តិភាព​នៅ​ក្នុង​លំហ​ហ្វ្រង់កូហ្វូនី នៃកិច្ចប្រជុំកំពូលលើកទី២០នៅរាជធានីភ្នំពេញ នាថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ​២០២៦នេះ។

តាមសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និង​ស្ថានភាព​ង្រឹង​សន្តិភាព​នៅ​ក្នុង​លំហហ្វ្រង់កូហ្វូនី បណ្ដាប្រមុខដ្ឋ និងប្រមុខរដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ប្រើ​ប្រាស់​ភាសាបា​រាំង​ បានសម្តែងការព្រួយបារម្ភ ចំពោះភាពតានតឹងរ៉ាំរ៉ៃនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ និង​បញ្ជាក់អះអាងជាថ្មី អំពីការគាំទ្រចំពោះអធិបតេយ្យភាព និងបូរណភាព​ទឹកដី​របស់​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា។ បណ្ដាប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង បាន សម្ដែងការសោកស្តាយ ចំពោះទុក្ខវេទនារបស់ប្រជាជនដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំ ជាពិសេសប្រជាជនកម្ពុជា។

បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការធានាការពារប្រជាជនស៊ីវិលរងគ្រោះដោយភាពតានតឹងនៅតាមព្រំដែន ស្របតាមច្បាប់អន្តរជាតិ និងអំពាវនាវឱ្យមានការធានាថា ប្រជាជនដែលត្រូវផ្លាស់ទីលំនៅនិងសហគមន៍ដែលរងផលប៉ះពាល់ អាចទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់ជាមូលដ្ឋាននានាប្រកបដោយសុវត្ថិភាពនិងដោយគ្មានការរារាំង ព្រមទាំងធានាការការពារសិទ្ធិរបស់ពួកគេក្នុងអំឡុងពេលនៃការផ្លាស់ទីលំនៅ និងត្រូវលុបបំបាត់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីឱ្យពួកគេ ពិតជាអាចវិលត្រឡប់ទៅកាន់លំនៅដ្ឋានដើមវិញ ប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។

បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្តិវិធីតែមួយមុខប៉ុណ្ណោះ ស្របតាមច្បាប់អន្តរជាតិ ហើយមិនអាចមានការផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថានភាពជាក់ស្តែងនៅលើដី (faits accomplis) នោះឡើយ។

បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាលប្រទេសនិយាយភាសាបារាំងបានទទួលដឹងឮ អំពីកិច្ចខិតខំប្រឹងប្រែងអនុវត្តរួមគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែន, ក្នុងន័យនេះ បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល បានអំពាវនាវឱ្យមានការអនុវត្តនូវអ្វីដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធជាអាទិ៍ ការចាប់ផ្តើមឡើងវិញឱ្យបានឆាប់រហ័សបំផុតនូវការងារវាស់វែងនិងបោះបង្គោលព្រំដែនរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC); បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល បានគូសបញ្ជាក់ថា ការងារទាំងនេះត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀងទាំងអស់ដែលមានស្រាប់។

បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល ក៏បាន អំពាវនាវដោយទទូច ឱ្យភាគីទាំងសងខាងគោរពបទឈប់បាញ់ឱ្យបានពេញលេញ និងជៀសវាងរាល់សកម្មភាពដែលអាចបង្កឱ្យមានភាពតានតឹងឡើងវិញ ឬធ្វើឱ្យប៉ះពាល់ដល់ការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន; យើងស្វាគមន៍ រាល់គំនិតផ្តួចផ្តើមរបស់តំបន់ ក្នុងគោលដៅកាត់បន្ថយភាពតានតឹង និងស្តារទំនុកចិត្តឡើងវិញ។ បណ្ដាប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រទេសនិយាយភាសាបារាំង លើកទឹកចិត្ត ឱ្យបន្តកិច្ចសន្ទនានិងប្រើប្រាស់មធ្យោបាយដោះស្រាយវិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ ជាអាទិ៍នីតិវិធីការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិ សមុទ្រ ឆ្នាំ១៩៨២ សម្រាប់ការដោះស្រាយវិវាទដែនសមុទ្រ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia