Connect with us

ព័ត៌មាន

សម្តេចប្រធានរដ្ឋសភាកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អាយប៉ា (AIPA) លើកទី៤៧

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ ដែលប្រារព្ធឡើងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

សូមជម្រាបថា គណៈកម្មាធិការប្រតិបត្តិអាយប៉ា គឺជាក្បាលម៉ាស៊ីនដឹកនាំ និងសម្របសម្រួលស្នូលរបស់មហាសន្និបាតអន្តរសភាអាស៊ាន ដែលតែងតែបើកកិច្ចប្រជុំមុនពេលពិធីបើកមហាសន្និបាតជាផ្លូវការចាប់ផ្តើម ក្រោមអធិបតីភាពប្រធានអាយប៉ា (ប្រធានសភា

នៃប្រទេសម្ចាស់ផ្ទះ) និងមានការចូលរួមពីប្រធានគណៈប្រតិភូនៃបណ្តាប្រទេសសមាជិកអាស៊ានទាំងអស់។

កិច្ចប្រជុំដ៏សំខាន់នេះមានភារកិច្ចពិនិត្យ និងអនុម័តលើរបៀបវារៈផ្លូវការ កម្មវិធីការងារ សមាសភាពគណៈកម្មាធិការជំនាញនានា បញ្ជីសេចក្តីព្រាងសេចក្តីសម្រេចចិត្តដែលស្នើឡើងដោយប្រទេសសមាជិក សំណើសុំចូលជាសមាជិកសង្កេតការណ៍ និងភ្ញៀវពិសេស ព្រមទាំងកិច្ចការរដ្ឋបាល ហិរញ្ញវត្ថុរបស់លេខាធិការដ្ឋានអាយប៉ា និងការបញ្ជាក់ពីកាលបរិច្ឆេទនៃមហាសន្និបាតលើកទី៤៨ នៅឆ្នាំបន្ទាប់។

វត្តមានរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ បានបង្ហាញយ៉ាងច្បាស់ពីតួនាទីយ៉ាងសកម្ម និងការចូលរួមចំណែកដ៏សំខាន់របស់សភាកម្ពុជា ក្នុងការតម្រង់ទិសការងាររបស់អាយប៉ា ព្រមទាំងជាឱកាសជំរុញការគាំទ្រពីបណ្តាប្រទេសសមាជិក ចំពោះគំនិតផ្តួចផ្តើម និងសេចក្តីព្រាងសេចក្តីសម្រេចចិត្តនានាដែលកម្ពុជាបានដាក់ស្នើក្នុងមហាសន្និបាតលើកទី៤៧ នេះ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់អាស៊ានទាំងមូល។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia