ព័ត៌មាន
កម្ពុជានឹងបើកស្ថានទូតប្រចាំនៅកាណាដា ខណៈកាណាដាដំឡើងកម្រិតតំណាងការទូតនៅកម្ពុជា
ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោកជំទាវ Anita Anand រដ្ឋមន្ត្រីការបរទេសកាណាដា ដោយកិច្ចជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតជាពិសេសលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ដែលកាណាដាបានដំឡើងកម្រិតតំណាងការទូតរបស់ខ្លួននៅកម្ពុជាទៅជាស្ថានឯកអគ្គរដ្ឋទូតពេញលេញ ហើយបានបង្កើនការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងបានបញ្ជាក់ជា ថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ក្នុងពេលឆាប់ៗខាងមុខនេះ។

នៅក្នុងកិច្ចជំនួបនោះដែរ ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះយន្តការពិគ្រោះយោបល់ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ដែលប្រព្រឹត្តទៅជាប្រចាំប្រកបដោយផ្លែផ្កា ការពង្រីកវត្តមានរបស់វិស័យឯកជនកាណាដានៅកម្ពុជា និងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម Mark Carney នាយករដ្ឋមន្ត្រីកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបានពង្រឹងមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ ភាគីទាំងពីររំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន រួមទាំងកិច្ចព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាដើម។

លើសពីនេះភាគី ទាំងពីរបានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការតាមខ្សែច្រវាក់តម្លៃក្នុងវិស័យនានា ជាពិសេស វិស័យកសិកម្ម អវកាស ឧស្សាហកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យា ដើម្បីផលប្រយោជន៍ទៅវិញទៅមករវាង ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការកសាងសហគមន៍និយាយភាសាបារាំង ឱ្យកាន់តែរស់រវើក និងប្រកបដោយសន្តិភាព ក្នុងការដែលកាណាដានឹងកាន់តួនាទីជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្នុងឆ្នាំ២០២៨ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងកិច្ចសហ- ប្រតិបត្តិការលើបញ្ហាទាំងនោះផងដែរ៕

-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់