ព័ត៌មាន
អង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី ទទូចឱ្យពន្លឿនដោះស្រាយជម្លោះ និងជំរុញឱ្យធានាពលរដ្ឋខ្មែរវិលទៅលំនៅឋានវិញ
អង្គការអន្ដរជាតិហ្រ្វងកូហ្វូនី ទទូចឱ្យពន្លឿនការដោះស្រាយជម្លោះព្រំដែន កម្ពុជា-ថៃ ស្របតាមកិច្ចព្រមព្រៀងសន្ដិភាព ដោយយកច្បាប់អន្ដរជាតិជាគោល និងជំរុញឱ្យធានាដល់ការវិលទៅកាន់លំនៅឋានវិញរបស់ពលរដ្ឋខ្មែរដោយសេចក្ដីថ្លៃថ្នូរ។
ឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យ កិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៦នេះ បានថ្លែងក្នុងសន្និសីសារព័ត៌មាន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ថា ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី បានសម្ដែងនូវការព្រួយបារម្ភរបស់ខ្លួនយ៉ាងខ្លាំង ពីភាពតានតឹង រ៉ាំរ៉ៃនៅតាមតំបន់ព្រំដែន កម្ពុជា និងថៃ។ ជាមួយគ្នានេះប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី បានបញ្ជាក់អះអាង ជាថ្មី ពីការគាំទ្ររបស់ខ្លួន ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ព្រះរាជាណាចក្រកម្ពុជា។
តាមរយៈកិច្ចប្រជុំកំពូលនេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី បានសម្ដែងការសោកស្ដាយចំពោះទុក្ខវេទនា របស់ប្រជាជន ដែលត្រូវផ្លាស់ទីលំនៅដោយបង្ខំព្រោះសង្រ្គាម ជាពិសេសគឺប្រជាជនកម្ពុជា។ បន្ថែមពីនេះប្រមខុរដ្ឋ ប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិហ្រ្វង់កូហ្វូនី បានគូសបញ្ជាក់ ពីសារៈសំខាន់ នៃការធានា ការពារប្រជាជនស៊ីវិល ដែលរងគ្រោះដោយភាពតានតឹង នៅតាមព្រំដែន ស្របតាមច្បាប់អន្ដរជាតិ និងបានអំពាវនាវឱ្យមានការធានា ថា ប្រជាជនដែលត្រូវបង្ខំឱ្យផ្លាស់ទីលំនៅ និងសហគមន៍ ដែលរងផលប៉ះពាល់ អាចទទួលបានជំនួយមនុស្សធម៌ និងសេវាចាំបាច់មូលដ្ឋាននានា ប្រកបដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំង ធានាការការពារសិទ្ធិរបស់ពួកគេ ក្នុងអំឡុងពេលផ្លាស់ទីលំនៅ ដោយត្រូវលុបលំបាត់រាល់ឧបសគ្គ ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផល ដែលធ្វើឱ្យពួកគេ ពិតជាអាចវិលត្រឡប់ ទៅកាន់លំនៅឋានដើមវិញ ប្រកបដោយសុវត្ថិភាព ដោយស្ម័គ្រចិត្ត និងដោយយូរអង្វែង។
ឯកឧត្ដម នេត្រ ភក្រ្ដា បញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រជាជនកម្ពុជាចំនួន ២ម៉ឺននាក់ នៅមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាននៅឡើយ ហើយការធានាឱ្យពួកគាត់ អាចវិលត្រឡប់ទៅវិញ ដោយសុវត្ថិភាព ដោយសេចក្ដីថ្លៃថ្នូរ គឺជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
សម្រាប់សមាជិក នៃអង្គការអន្ដរជាតិហ្វូនី មិនទទួលស្គាល់ ការកែប្រែខ្សែបន្ទាត់ព្រំដែនតាមទំនើងចិត្ត ដោយប្រើកម្លាំងប្រដាប់អាវុធនោះឡើយ។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃអង្គការអន្ដរជាតិមួយនេះ ថា រាល់វិវាទព្រំដែនត្រូវតែដោះស្រាយដោយមធ្យោបាយសន្ដិវិធី តែមួយមុខប៉ុណ្ណោះស្របតាមច្បាប់អន្ដរជាតិ ហើយមិនអាចមានការផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែនណាមួយតាមរយៈការប្រើប្រាស់កម្លាំង ឬក៏តាមរយៈការបង្កើតស្ថានភាពជាក់ស្ដែងនៅលើដីនោះឡើយ។
បន្ថែមពីនេះ អង្គការអន្ដរជាតិហ្វ្រង់កូហ្វូនី អំពាវនាវឱ្យអនុវត្ត នូវអ្វីដែលបានព្រមព្រៀងគ្នា រវាងកម្ពុជាង និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ស្ដីពី បទឈប់បាញ់ ដែលមានអាទិ៍ត្រូវចាប់ផ្ដើមឡើងវិញ នូវការវាស់វែង និងបោះបង្គោលព្រំដែន របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC ហើយក៏បានគូសបញ្ជាក់ដែរថា កិច្ចការងារនេះ ត្រូវអនុវត្តស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ លើសពីនេះ អង្គការអន្ដរជាតិ ហ្រ្វង់កូហ្វូនី អំពាវនាវភាគីទាំងពីរ គោរពបទឈប់បាញ់ឱ្យពេញលេញ និងបញ្ចៀសសកម្មភាពបង្កភាពតានតឹង ឬធ្វើឱ្យប៉ះពាល់ដល់ដំណើរការខណ្ឌសីមាបោះបង្គោលព្រំដែន។ អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី គាំទ្រយ៉ាងពេញទំហឹង កិច្ចសន្ទនា ការដោះស្រាយវិវាទដោយសន្ដិវិធី ស្របតាមច្បាប់អន្ដរជាតិ ទាំងព្រំដែនគោក និងព្រំដែនទឹក ដែលកំពុងប្រើប្រាស់ UNCLOS ដំណោះស្រាយដែនសមុទ្រ។ តាមរយៈការឯកភាពក្នុងកិច្ចប្រជុំកំពូលនេះ គឺជាសារនយោបាយប្រាប់ជាជំហរទៅកាន់ពិភពលោក ពិសេសប្រទេសថៃ “កម្លាំងទ័ពមិនអាចជំនួសច្បាប់។ ហើយការបង្កើតស្ថានភាពជាក់ស្ដែងថ្មីលើដី មិនអាចកែខ្សែបន្ទាត់ព្រំដែន ហើយប្រជាជនភៀសសឹកត្រូវអាចត្រឡប់ទៅផ្ទះវិញដោយសេចក្ដីថ្លៃថ្នូរ”។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រព្រឹត្តទៅក្រោមប្រធានបទ “រួមគ្នាបន្តកសាងសន្ដិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង”។ កិច្ចប្រជុំកំពូលនេះ មានការអញ្ជើញចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ ចំនួន ៨១ប្រទេស ដែលស្មើ ៩០ភាគ នៃសមាជិកអង្គការអន្តរជាតិហ្រ្វង់កូហ្វូនី សរុប ៩០ប្រទេស។ ហើយអ្នកសារព័ត៌មានជាតិ អន្ដរជាតិ បានចុះឈ្មោះសរុប ១,៥០០នាក់ មកពី ៣០៨ស្ថាប័ន អង្គភាព និង៤២ប្រទេស៕ អត្ថបទ៖ លៀ ស៊ីណា









-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់