Connect with us

ព័ត៌មាន

កម្ពុជានឹងបើកស្ថានទូតប្រចាំ​នៅកាណាដា ខណៈកាណាដា​ដំឡើង​កម្រិត​តំណាង​ការ​ទូត​នៅ​កម្ពុជា

ឯកឧត្តមប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និង​សហ​ប្រតិបត្តិ​ការ​អន្តរជាតិ​កាលពីថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២៦នេះ បានជួបជាមួយ លោកជំទាវ Anita Anand រដ្ឋមន្ត្រី​ការបរទេសកាណាដា ដោយកិច្ចជំនួប​នោះភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការទ្វេភាគី នៃប្រទេសទាំង​ពីរ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​បន្ថែម​ទៀត​ជា​ពិសេស​លើ​វិស័យ​នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ជាដើម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានបញ្ជាក់ថា នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការ ដែលកាណា​ដា​បាន​ដំឡើង​កម្រិត​តំណាងការទូតរបស់ខ្លួននៅកម្ពុជាទៅជាស្ថានឯកអគ្គរដ្ឋទូតពេញលេញ ហើយបាន​បង្កើន​ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ចកម្រិតខ្ពស់ និងកំណើននៃពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំង​បាន​បញ្ជាក់​ជា ថ្មីនូវការប្ដេជ្ញាចិត្តរបស់កម្ពុជាក្នុងការបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ក្នុង​ពេល​ឆាប់​ៗខាងមុខនេះ។

នៅក្នុងកិច្ចជំនួបនោះដែរ ភាគីទាំងពីរបាន​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះ​យន្ត​ការ​ពិ​គ្រោះ​យោបល់​ទ្វេភាគី រវាងក្រសួងការបរទេសទាំងពីរ ដែលប្រព្រឹត្តទៅជាប្រចាំប្រកបដោយផ្លែផ្កា ការ​ពង្រីក​វត្ត​មាន​របស់​វិស័យឯកជនកាណាដានៅកម្ពុជា និងការផ្លាស់ប្តូរទស្សនកិច្ចផ្លូវការកម្រិតខ្ពស់។ ភាគី​ទាំង​ពីរ​បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់ឯកឧត្តម Mark Carney នាយករដ្ឋ​មន្ត្រីកាណាដា មកកាន់ព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។ ដំណើរទស្សនកិច្ចនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលបាន​ពង្រឹង​មូលដ្ឋាន​គ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌​។ ភាគីទាំងពីររំពឹងថានឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយចំនួន រួមទាំង​កិច្ច​ព្រមព្រៀងស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិ​កា​រ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ព្រមទាំងការធ្វើការរួមគ្នា ដើម្បីលើកកម្ពស់​សិទ្ធិ​មនុស្ស ​និងប្រជាធិបតេយ្យជាដើម។

លើសពីនេះភាគី ទាំងពីរបានពិភាក្សា​អំពី​ឱកាស​សម្រាប់​កិច្ច​សហប្រតិបត្តិការ​តាម​ខ្សែ​ច្រវាក់​តម្លៃ​ក្នុង​វិស័យ​នានា ជាពិសេស វិស័យកសិកម្ម អវកាស ឧស្សាហកម្មកម្រិតខ្ពស់ និងបច្ចេកវិទ្យា ដើម្បី​ផល​ប្រយោជន៍ទៅវិញទៅមករវាង ប្រទេសទាំងពីរ។ រដ្ឋមន្ត្រីទាំងពីរ ក៏បានផ្លាស់ប្តូ​រ​ទស្សនៈ​ស្តីពី​ការ​កសាង​សហគមន៍និយាយភាសាបារាំង ឱ្យកាន់តែរស់រវើក និងប្រកបដោយសន្តិភាព ក្នុង​ការ​ដែល​កាណាដានឹ​ងកាន់តួនាទីជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីក្នុងឆ្នាំ២០២៨ ភាគី​ទាំង​ពីរ​ក៏​បាន​ពិភាក្សា​អំពីបញ្ហាតំបន់ និងអន្តរជាតិ ព្រមទាំងកិច្ចសហ- ប្រតិបត្តិការលើប​ញ្ហា​ទាំង​នោះ​ផង​ដែរ​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia