ព័ត៌មាន
វិស័យឯកជនសាទរចំពោះជោគជ័យនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងការពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការសាទរចំពោះភាពជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា ដោយចាត់ទុកថា ព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ មិនត្រឹមតែបានលើកកម្ពស់កិត្យានុភាព និងមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតឱកាសថ្មីៗសម្រាប់ការតភ្ជាប់បណ្តាញធុរកិច្ច ការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងការស្វែងរកដៃគូវិនិយោគជាមួយបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងផងដែរ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធាន សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ក្រោយបញ្ចប់កិច្ចប្រជុំកំពូលនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកមើលឃើញថា នេះគឺជាជោគជ័យដ៏ត្រចះត្រចង់ ដែលនាំមកនូវមោទនភាព និងលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងតួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលនេះ កម្ពុជាទទួលបានផលប្រយោជន៍យ៉ាងធំធេង ទាំងលើផ្នែកនយោបាយ និងសេដ្ឋកិច្ច។
អ្នកឧកញ៉ាបន្ថែមថា នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំនេះ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមហ៊ុនឯកជនមួយចំនួន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តមប្រធានាធិបតីបារាំង ផងដែរ។

អ្នកឧកញ៉ា មានប្រសាសន៍ថា៖ «ដើម្បីធានាបាននូវនិរន្តរភាពនៃការងារក្រោយកិច្ចប្រជុំកំពូល សភាពាណិជ្ជកម្មកម្ពុជាបានបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យធុរកិច្ចរបស់អង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា ក៏ដូចជា ក្រសួងពាណិជ្ជកម្ម និងស្ថាប័នសេដ្ឋកិច្ចពាក់ព័ន្ធនានារវាងប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការនេះ មិនមែនបញ្ចប់ត្រឹមជំនួបក្នុងកិច្ចប្រជុំនោះទេ ប៉ុន្តែគឺជាការបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងធុរជន និងធុរជន (B2B) ជាពិសេសជាមួយបណ្តាប្រទេសនិយាយភាសាបារាំង»។

លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូនៅកម្ពុជា មើលឃើញថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ នឹងជួយពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងប្រទេសសមាជិកដែលប្រើប្រាស់ភាសាបារាំងជាង ៩០ ប្រទេស។ ជាពិសេស កម្ពុជានឹងមានឱកាសទាក់ទាញការវិនិយោគពីបរទេស និងភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកាន់តែច្រើនថែមទៀត។ ការរៀបចំកិច្ចប្រជុំនេះក៏បង្ហាញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ក្នុងការលើកកម្ពស់ការទទួលស្គាល់ និងកិត្យានុភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។

លោកបណ្ឌិតមានប្រសាសន៍ថា៖« កិច្ចប្រជុំនេះ ក៏ជួយពង្រីកទីផ្សារនាំចេញ និងពាណិជ្ជកម្មអន្តរជាតិ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសសមាជិកហ្វ្រង់កូហ្វូនី និងជំរុញវិស័យទេសចរណ៍ តាមរយៈការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ វប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកាន់តែច្រើន»។
លើសពីនេះ វិស័យឯកជនកម្ពុជា បានសម្តែងការសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះការបើកការិយាល័យតំណាងអង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា។ ការបើកការិយាល័យតំណាងអង្គការហ្វ្រង់កូហ្វូនីនៅកម្ពុជា មានសារសំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប្រទេសសមាជិកដែលប្រើប្រាស់ភាសាបារាំង ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ អប់រំ វប្បធម៌ និងទេសចរណ៍៕


-
កម្សាន្ដ1 week agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
កីឡា1 week agoក្រសួងមហាផ្ទៃ និងខេត្តកណ្ដាល កំពុងនាំមេដាយកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៦
-
កីឡា1 week agoNOCC និង វឌ្ឍនៈ ហ្គោល រីហ្សត ជួបប្រជុំត្រៀមរៀបចំពានវាយកូនគោលលំដាប់ពិភពលោក ក្រោយទទួលការគាំទ្រពីរាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoសម្ដេចធិបតី លើកទឹកចិត្តដល់យុវជនមិនទាន់ជាប់ចូលរួមកាតព្វកិច្ចយោធា សូមបន្តដាក់ដាក់ពាក្យនៅឆ្នាំក្រោយ
-
ព័ត៌មាន1 week agoការរៀបចំការប្រកួតកីឡាជាតិ ជាការត្រៀម កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ ការប្រកួតកីឡាអន្តរជាតិចំនួន៣
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាជាសាលារៀនអប់រំមនុស្សឱ្យចេះ គោរពច្បាប់ គោរពគូប្រកួត ទទួលស្គាល់លទ្ធផល និងក្រោកឈរឡើងវិញ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់