Connect with us

ព័ត៌មាន

បារាំងបន្តគាំទ្រកម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីពីជំហររបស់ប្រទេសបារាំង ក្នុងការគាំទ្រកម្ពុជានិងថៃឱ្យដោះស្រាយបញ្ហាជម្លោះព្រំដែនតាមរយៈការសន្ទនា និងមធ្យោបាយសន្តិវិធី ព្រមទាំងគាំទ្រឯករាជ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តម អូលីវែរ រីឆាត (Olivier Richard) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានថ្លែងដូច្នេះក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅកម្ពុជា។

ឯកឧត្តម អូលីវែរ រីឆាត បានគូសបញ្ជាក់ថា ប្រទេសបារាំងបានប្រកាសជំហររបស់ខ្លួនជាសាធារណៈរួចហើយ ដោយគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី ព្រមទាំងគាំទ្រឯករាជ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។

ឯកឧត្តមមានប្រសាសន៍ថា៖ «ប្រទេសបារាំងបានបង្ហាញជំហរជាសាធារណៈហើយគឺបារាំងគាំទ្រនូវការដោះស្រាយជម្លោះដោយសន្តិភាព និងការគាំទ្រឯករាជ្យភាពរបស់កម្ពុជា និងបូរណភាពទឹកដីរបស់កម្ពុជា ដូច្នេះបារាំងនៅតែរក្សាជំហររបស់ខ្លួនក្នុងការបើកការសន្ទនាជាមួយរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ ហើយបារាំងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនេះ»។

ជាមួយគ្នានេះ ឯកឧត្តមបានបន្ថែមថា ប្រទេសបារាំងក៏បានប្រកាសពីការបើកឱ្យភាគីកម្ពុជា និងថៃអាចចូលប្រើប្រាស់បណ្ណសាររបស់បារាំងផងដែរ។ ជាពិសេស ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា ភាគីទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលពាក់ព័ន្ធនឹងការប្រើប្រាស់បណ្ណសារនេះផងដែរ។ បច្ចុប្បន្ននេះ បារាំងក៏បានផ្តល់ឯកសារមួយចំនួនហើយតាមការស្នើសុំពីភាគីទាំងពីរកម្ពុជា-ថៃ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia