Connect with us

ព័ត៌មាន

កម្ពុជា និងជប៉ុន ចុះហត្ថលេខាលើលិខិតប្តូរសារស្តីពី ការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងចំនួនពីរ ក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ុស៊ុហ្សឺគិ ហ៊ិដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងចំនួនពីរ ក្រោម កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដូចខាងក្រោម៖

១. ទឹកប្រាក់ចំនួន ១,៤ ប៊ីលានយ៉េន (ប្រមាណ ៩,៤ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោង «សាងសង់រោងចក្រផលិតក្លររាវ» និង

២. ទឹកប្រាក់ចំនួន ១ ប៊ីលានយ៉េន (ប្រមាណ ៦,៧១ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្ត គម្រោង «ការគ្រប់គ្រងសំណល់រឹងទីប្រជុំជនតាមបែបសេដ្ឋកិច្ចចក្រាក្នុងខេត្តបាត់ដំបង»។

គម្រោងទីមួយមានគោលបំណងបង្កើតប្រព័ន្ធផ្គត់ផ្គង់សារធាតុសម្លាប់មេរោគដែលមានសុវត្ថិភាពជាងមុ អាចទុកចិត្តបានជាងមុន និងមានប្រសិទ្ធភាពជាងមុន សម្រាប់សេវាកម្មទឹកស្អាតនៅក្នុងតំបន់រាជធានីភ្នំពេញ ចំណែកគម្រោងទីពីរមានគោលបំណងពង្រឹងការគ្រប់គ្រងសំណល់នៅក្នុងខេត្តបាត់ដំបង។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល ជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ជប៉ុន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia