Connect with us

ព័ត៌មាន

ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ ដឹកនាំក្បួនម៉ូតូមនុស្សធម៌ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» នាំយកសម្ភារៈសិក្សាចែកជូនសិស្សានុសិស្សនៅខេត្តចម្ប៉ាសាក់

កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦កន្លងទៅនេះ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី គីមរិទ្ធី បានរៀបចំសកម្មភាពជិះម៉ូតូមនុស្សធម៌ក្រោមប្រធានបទ «ជិះម៉ូតូដើម្បីសាលារៀនជនបទ» ដោយបានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកសម្ភារៈសិក្សាទៅចែកជូនដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាភូមិកុងទូន (Kongtoun) ស្រុកប៉ាកសង ខេត្តចម្ប៉ាសាក់។

សកម្មភាពដ៏មានអត្ថន័យនេះ ត្រូវបានរៀបចំឡើងស្របពេលដែលគណៈប្រតិភូខេត្តព្រះវិហារ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅខេត្តចម្ប៉ាសាក់ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុងពិធីបុណ្យកាហ្វេឡាវ តែ និងពិព័រណ៍ផលិតផលកសិកម្ម ឆ្នាំ២០២៦ អបអរសាទរខួបលើកទី ៥១ នៃទិវាបុណ្យជាតិឡាវ។

ក្នុងដំណើរទស្សនកិច្ច ឯកឧត្តម គីម រិទ្ធី និងលោកជំទាវ សុខា គងពិសី ព្រមទាំងគណៈប្រតិភូខេត្តព្រះវិហារ ទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងស្និទ្ធស្នាលបំផុតពីសំណាក់ ឯកឧត្តម អាឡុនសៃ ស៊ូនណាឡាត (Alounxay Sounnalath) លេខាគណៈកម្មាធិការបក្សខេត្ត និងជាអភិបាលខេត្តចម្ប៉ាសាក់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក សេងដួន សូម៉ាវ៉ាន់ (Sengduan Somavanh) អភិបាលស្រុកប៉ាកសង លោក វីស៊ូន កែវខាំភុយ (Visoun Keokhamphui) ប្រធានមន្ទីរការបរទេសខេត្ត លោក ប៊ុនយ៉ុង ស៊ូនថន (Bounyong Sounthone) អនុប្រធានទីស្ដីការរដ្ឋបាលខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

នាឱកាសដ៏រីករាយនោះ គណៈប្រតិភូខេត្តព្រះវិហារ បានចែកជូនអំណោយជាសម្ភារៈសិក្សាដល់ប្អូនៗសិស្សានុសិស្ស រួមមាន កាបូបស្ពាយ ដបទឹក សៀវភៅសរសេរ និងប៊ិក ក្នុងគោលបំណងលើកទឹកចិត្តដល់កុមារតូចៗនៅតំបន់ជនបទឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង និងជំនាញ ដើម្បីក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសហគមន៍ និងប្រទេសជាតិនាពេលអនាគត។

លើសពីនេះ សកម្មភាពមនុស្សធម៌ឆ្លងដែននេះ ក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការផ្សារភ្ជាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងការរួមចំណែកលើកកម្ពស់វិស័យអប់រំនៅតាមតំបន់ជនបទ រវាងខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ ឱ្យកាន់តែរឹងមាំ និងជិតស្និទ្ធថែមមួយកម្រិតទៀត៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia