Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានទប់ស្កាត់ទឹកកខ្វក់បានជាង ៤៤,២៩ លានម៉ែត្រគូប មិនឱ្យហូរ​ចូល​ទៅ​បំពុល​បរិស្ថាន ក្នុងរយៈពេលជិត២ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារប្រភពទឹកសាធារណៈ និងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ ក្រសួងបរិស្ថានបានគ្រប់គ្រងបរិមាណ ការបញ្ចេញសំណល់រាវដែលបានសម្អាតរួច តាមរយៈទិន្នន័យស្វ័យត្រួតពិនិត្យ បានចំនួន ២៤ ២២២ ៨៨៣ ម៉ែត្រគូប។ លទ្ធផលដ៏គួរឱ្យកត់សម្គាល់នេះ បានរុញច្រានឱ្យតួលេខសរុប នៃការទប់ស្កាត់ទឹកកខ្វក់ក្នុងរយៈពេល ២៣ខែ (ជិត ២ឆ្នាំ ចាប់ពីដើមឆ្នាំ២០២៥ មក) កើនឡើងដល់ ៤៤ ២៩៧ ១៥៦ ម៉ែត្រគូប (ឬជិត ៤៥លានម៉ែត្រគូប) មិនឱ្យហូរចូលទៅបំពុលបរិស្ថានឡើយ។

សូមបញ្ចាក់ថា បើប្រៀបធៀបទៅនឹងរយៈពេល ពេញមួយឆ្នាំ២០២៥ ដែលក្រសួងទប់ស្កាត់ទឹកកខ្វក់បានជាង ២០ លានម៉ែត្រគូប ដោយឡែក តួលេខត្រឹមរយៈពេល ១១ខែ ក្នុងឆ្នាំ២០២៦ នេះ បានកើនឡើងខ្ពស់រហូតដល់ជាង ២៤,២២ លានម៉ែត្រគូប។

សមិទ្ធផលនៃការគ្រប់គ្រងសំណល់រាវក្នុងបរិមាណដ៏ច្រើននេះ ត្រូវបានអនុវត្តតាមយុទ្ធនាការ «ភាពស្អាតក្នុងទឹក» ក្រោមសសរស្តម្ភ «ភាពស្អាត» នៃយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុឡោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ជាមួយគ្នានេះ កំណើននេះឆ្លុះបញ្ចាំងពីការការចូលរួម ក្នុងការអនុវត្តច្បាប់របស់ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានសក្តានុពលបញ្ចេញសំណល់រាវកខ្វក់ ចាប់ពី៤០ម៉ែត្រគូបក្នុង១ថ្ងៃ ឡើងទៅ ធ្វើការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ដើម្បីតាមដានគុណភាពទឹកដោយស្វ័យប្រវត្តិ និងជាប់ជាប្រចាំ។ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទដ្ឋានគតិយុត្តជាធរមានរបស់កម្ពុជា ក្រុមហ៊ុន រោងចក្រ សហគ្រាស បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យគុណភាពទឹក មានចំនួន៧៥ ទីតាំងរួចមកហើយ និងអាចទប់ស្កាត់ទឹកកខ្វក់ មុននឹងអនុញ្ញាតឱ្យបង្ហូរចូលទៅក្នុងប្រភពទឹកធម្មជាតិ បានចំនួនជាង៧ម៉ឺនម៉ែត្រគូប ជារៀងរាល់ថ្ងៃ។

លើសពីនេះ ការទប់ស្កាត់ទឹកកខ្វក់ជិត ៤៥លានម៉ែត្រគូបនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាគុណភាពទឹកតាមដងទន្លេ បឹងបួ និងប្រភពទឹកសាធារណៈនានានៅទូទាំងប្រទេស ក្នុងនោះអាចកាត់បន្ថយហានិភ័យនៃការបាត់បង់ជីវៈចម្រុះក្នុងទឹក ការពារពីការបំពុលដោយសារធាតុគីមីពុល និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia