Connect with us

ព័ត៌មាន

សមាជិក​គាំទ្រ​គណបក្សប្រឆាំង ៤៩នាក់ នៅស្រុកស្អាង សម្រេច​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា

ខេត្តកណ្តាល៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក រស់ ចំណាន ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោក សឿង ចក់ ព្រមទាំងក្រុមការងារ បាន​អញ្ជើញ​ចុះ​ទទួលស្វាគមន៍សមាជិកគាំទ្រគណបក្សភ្លើងទៀនចំនួន ៤៩នាក់ ដែលបានស្ម័គ្រ​ចិត្ត​ចូល​រួម​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្ថិតនៅស្រុកស្អាង ខេត្តកណ្តាល ក្រោម​ការ​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈ​កម្មាធិការ​គណបក្ស​ប្រជាជនកម្ពុជាខេត្តកណ្តាល និងជាអភិបាលខេត្តកណ្តាល។

នៅក្នុងឱកាសដ៏មានអត្ថន័យនោះ លោក រស់ ចំណាន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការគិតគូរយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់៖ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលជានិច្ចកាល ថ្នាក់​ដឹក​នាំ​តែ​ង​តែ​យក​ចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ សុវត្ថិភាព និងជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ពេល​វេលា និងគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

លោក រស់ ចំណាន ក៏បានថ្លែងអំណរគុណដល់សមាជិកទាំងអស់ ដែល​បាន​សម្រេច​ចិត្ត​ចូល​រួម​រស់​ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាជាហូរហែ តាមរយៈ​ក្រុម​ការងារ​កសាង​បក្ស​គ្រប់​លំដាប់ថ្នាក់ ដោយមើលឃើញពីគុណបំណាច់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំជំនាន់មុន ដែល​បាន​លះ​បង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

ជាពិសេស គុណូបការៈដ៏មិនអាចកាត់ថ្លៃបាន គឺការដាក់ចេញនូវ «នយោបាយឈ្នះ–ឈ្នះ» របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលបា​ន​នាំ​មក​នូវ​សុខ​សន្តិភាព​ពេញ​លេញ​ផ្ទៃក្នុងប្រទេស និងលើកកម្ពស់កិត្យានុភាព​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​រហូត​មក​ដល់​សព្វថ្ងៃ។​

មិនតែប៉ុណ្ណោះ សម្តេចតេជោ បានរៀបចំយុវជនបន្តវេន ដើម្បីបន្តវេនដឹកនាំ និងថែ​រក្សា​សន្តិភាព​ជូន​ប្រទេស​ជាតិឱ្យមានភាពសុខសាន្តយូរអង្វែង មិនឱ្យជាន់ដានប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​ជា​ថ្មី​ទៀត​ឡើយ។​ ជាក់ស្តែង ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយក​រដ្ឋ​មន្ត្រី​ដ៏​ឆ្នើម ដែលពោរពេញដោយចំណេះដឹង គុណធម៌ និងស្មារតីស្នេហាជាតិមាតុភូមិយ៉ាងជ្រាលជ្រៅ បាន​បង្កើតនូវសមិទ្ធផល និងស្នាដៃថ្មីៗជាច្រើនឥតគណនា ដូចអ្វីដែល​យើង​ទាំង​អស់​គ្នា​បាន​ឃើញ​ជាក់​ស្តែង និងមិនអាចបំភ្លៃបានឡើយ។

បន្ទាប់ពីបញ្ចប់ពិធីទទួលស្វាគមន៍ លោក រស់ ចំណាន និងក្រុមការងារ បានអញ្ជើញ​ចុះ​សួរ​សុខ​ទុក្ខ​ប្រជាពលរដ្ឋ ព្រមទាំងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ទៅចែក​ជូន​ដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន ៣គ្រួសារ ដើម្បីជួយសម្រាល​បន្ទុក​ជីវភាព​ប្រចាំ​ថ្ងៃ​។

ជាកិច្ចបញ្ចប់សមាជិកថ្មីទើបចូលរួមរស់ជាមួយបក្ស និងប្រជា​ពលរដ្ឋ​ទទួល​អំណោយ​បាន​សម្តែង​នូវ​ក្តី​រំភើបរីករាយជាអនេក និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន សម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តម គួច ចំរើន និងក្រុម​ការងារ​ព្រមទាំង​បាន​បួង​សួង​ជូន​ពរដល់ថ្នាក់ដឹកនាំទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងទទួលបានជោគជ័យថ្មីៗថែមទៀតក្នុងការដឹកនាំ និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឱ្យកាន់តែរីកចម្រើនរុងរឿងជានិរន្តរ៍៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia