Connect with us

ព័ត៌មាន

ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន អញ្ជើញធ្វើបាឋកថាតម្រង់ទិសប្រគេន និងជូនសមណនិស្សិត និងនិស្សិតនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ខេត្តកណ្តាល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងជាប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សា ដែលជាអំណោយរបស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបាឋកថាតម្រង់ទិសប្រគេន និងជូនសមណនិស្សិត និងនិស្សិតជំនាន់ទី៥ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឆ្នាំសិក្សា២០២៦-២០២៧ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនេះមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះស្ថាបនិក និងជាព្រះសាកលវិទ្យាធិការ ព្រមទាំងព្រះសង្ឃ ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសមណនិស្សិត និស្សិត សរុបចំនួន ១.១៥២ អង្គ/នាក់។

ក្នុងឱកាសនោះ សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា បានមានព្រះថេរដីកាស្វាគមន៍ និងជម្រាបជូនអំពីវឌ្ឍនភាពរបស់សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ ១០០ ភាគរយ ដល់សមណនិស្សិត និងនិស្សិតទាំងអស់។ បច្ចុប្បន្ន សាកលវិទ្យាល័យមាន ៦ មហាវិទ្យាល័យ ដែលបាននិងកំពុងបណ្តុះបណ្តាលសមណនិស្សិត និងនិស្សិតទាំង ៥ ជំនាន់ សរុបចំនួន ៤.១១៧ អង្គ/នាក់។ ជាមួយគ្នានេះ ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលរបស់សាកលវិទ្យាល័យ និងគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងមូលធនមនុស្ស ការបន្តកែទម្រង់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសង្គម និងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាចក្រកម្ពុជា។

ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត ក៏បានរំលឹកពីគុណបំណាច់របស់ថ្នាក់ដឹកនាំជាតិ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងការរំដោះជាតិ សង្គ្រោះប្រជាជន និងស្តារកសាងប្រទេសឡើងវិញចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ជាពិសេស ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត បានរំលេចពីតួនាទីដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វែងរកសន្តិភាព ផ្សះផ្សាជាតិ និងការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨។ ជាមួយគ្នានេះ ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តថែរក្សាសន្តិភាព សាមគ្គីភាព និងឯកភាពជាតិ តាមរយៈការដោះស្រាយបញ្ហាដោយសន្តិវិធី។ ជាមួយគ្នានេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត បានប្រគេនបច្ច័យចំនួន ២១ លានរៀល សម្រាប់ចាត់ចែងកម្មវិធី ប្រគេនសម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រមទាំងបានបវារណាអង្ករចំនួន ១២ តោន សម្រាប់ផ្គត់ផ្គង់រយៈពេល ១ ឆ្នាំ ដល់វត្តព្រះឥន្ទសាមគ្គីធម៌ ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាលកុមារកំព្រា។

ជាចុងក្រោយ ឯកឧត្តមអ្នកឧកញ៉ាអនាថបិណ្ឌិកសេដ្ឋីបណ្ឌិត បានផ្តាំផ្ញើអនុសាសន៍ដល់សមណនិស្សិត និងនិស្សិតឱ្យបន្តខិតខំរៀនសូត្រ និងសិក្សាស្រាវជ្រាវ, ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតប្រកបដោយក្រមសីលធម៌,​ ប្រកាន់ខ្ជាប់នូវវិន័យ និងសីលធម៌, ចៀសវាងគ្រឿងញៀន ល្បែងស៊ីសង និងអំពើហិង្សា ព្រមទាំងចូលរួមសកម្មភាពសង្គម និងការចុះឈ្មោះបោះឆ្នោត ដើម្បីបំពេញសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia