Connect with us

ព័ត៌មាន

មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មីតេជោ ដាក់ប្រើសាកល្បងប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាសនៅកម្ពុជា

ភ្នំពេញ ÷ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដាក់ឱ្យប្រើប្រាស់សាកល្បង ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) ដើម្បី បង្កើតនូវមូលដ្ឋានជាក់លក្ខ សម្រាប់សហគ្រាសឯកបុគ្គល ឬដៃគូរ ជាពិសេសការផ្តល់ភាពងាយស្រួលដល់ស្ថានប័នរដ្ឋ ឬឯកជន ក្នុងការស្វែងរកអត្តសញ្ញាណសហគ្រាសនីមួយៗ តាមរយៈការគាំទ្រសកម្មភាពផ្សេងៗ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើកឡើងនៅក្នុងពិធីប្រកាសដាក់ឱ្យ ប្រើប្រាស់សាកល្បង “ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (Electronic Know Your Business, e-KYB)” នៅថ្ងៃទី ៦ ខែ កញ្ញា ឆ្នាំ ២០២៤ នេះថា រយៈពេលជាង ៤ ឆ្នាំមកនេះ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX) ត្រូវបានដាក់ដំណើរការ។ ថ្នាលនេះ ត្រូវបានចាត់ទុកថា ជាដំណោះស្រាយបច្ចេកវិទ្យាឌីជីថល ស្ថិតក្នុងទម្រង់ជាហេដ្ឋារចនាសម្ព័ន្ធ ហើយបានក្លាយជាថ្នាលឌីជីថលគ្រឹះ រួមរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងក្លាយជាបច្ចេកវិទ្យាឆ្អឹងខ្នងដ៏មានសក្តានុពល បើកឱកាសឱ្យប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានរបស់ ក្រសួង-ស្ថាប័ននីមួយៗតភ្ជាប់គ្នា និងចែករំលែកទិន្នន័យរវាងគ្នានិងគ្នា នៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ជំរុញការផ្តល់ សេវាអេឡិចត្រូនិកប្រកបដោយប្រសិទ្ធភាព នៅក្រោមក្របខ័ណ្ឌ និងគោលការណ៍ច្បាស់លាស់, តម្លាភាព និងភាពជឿទុកចិត្តបាន។

ឯកឧត្តមបណ្ឌិត បន្តថា សម្រាប់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលកម្ពុជា (CamDigiKey) បានលេចរូបរាងឡើង ជាដំណោះស្រាយ e-KYC ក្នុងទម្រង់ជាយន្តការផ្ទៀងផ្ទាត់អត្តសញ្ញាណបុគ្គល ដោយមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញា ណកម្មរបស់ក្រសួងមហាផ្ទៃ។ ដោយឡែកការប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងនូវ “ប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB)” នេះ គឺជាការផ្សព្វផ្សាយ និងចែករំលែកនូវសមិទ្ធផលថ្មីនេះ ដែលកើតចេញពីកិច្ចសហការរួមរវាងក្រសួង ស្ថាប័ននៅក្នុង រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសមាជិកដែលមកពីវិស័យឯកជនផងដែរ។

ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ឱ្យដឹងថា គិតត្រឹមដំណាច់ខែ សីហា ឆ្នាំ ២០២៤ នេះ, សមាជិកស្វ័យប្រវត្តិ និងមិនស្វ័យ ប្រវត្តិនៃថ្នាល CamDX សរុបមានចំនួន ៦២ ដោយក្នុងនោះសមាជិកស្វ័យប្រវត្តិក្នុងវិស័យសាធារណៈចំនួន ៣០ ជាក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល បានបញ្ចូលសេវាសាធារណៈអាទិភាពរបស់ខ្លួនដែលត្រូវការញឹកញាប់ និងជាប្រចាំចំនួន ៣១ សេវា រួចមកហើយ ហើយបាននិងកំពុងបញ្ចូលសេវាសាធារណៈចំនួន ១០ បន្ថែមទៀត។ ទន្ទឹមនេះ, សមាជិកមិនមែនស្វ័យប្រវត្តិ គឺតាមរយៈការស្នើសុំ ចូលរួមពីវិស័យឯកជន ជាពិសេសពីវិស័យហិរញ្ញវត្ថុ, ធនាគារ និងធានារ៉ាប់រង មានចំនួន ៣២ ស្ថាប័នផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia