Connect with us

ព័ត៌មាន

បារាំង បិទបញ្ចប់ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកជនមានពិការភាព ក្រោយការរៀបចំដោយជោគជ័យ

អ្នកទស្សនាដែលពោពេញដោយទឹកមុខសប្បាយរីករាយ បានសម្រុកទៅកាន់កីឡដ្ឋាន ស្តេតឌឹ ហ្វ្រង់ (Stade de France) ទោះអាកាសធាតុមានភ្លៀងធ្លាក់ក៏ដោយ ក្នុងពិធីបិទកីឡាប៉ារ៉ាឡាំពិកសម្រាប់ជនមានពិការភាព នៅទីក្រុងប៉ារីស ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ៨ កញ្ញា។

ឌីជេចំនួន២៤រូបរបស់ប្រទេសបារាំង រួមទាំងអ្នកនិពន្ធផ្នែកតន្ត្រីដ៏ល្បីឈ្មោះលោក ចា មីឈែល ចារ៉េ ( Jean-Michel Jarre) ក៏ដូចជាឌីជេ លោក កាស៊ីយើស ( Cassius) បានចូលរួមសម្ដែងនៅក្នុងវគ្គចុងក្រោយនៃការបិទព្រឹត្តិការណ៍នេះ។

អ្នកទស្សនាម្នាក់បាននិយាយរូបគេពិតជាសប្បាយរីករាយណាស់ ដែលបានមកទស្សនាដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ។

ក្នុងអំឡុងកម្មវិធីនោះ គណៈប្រតិភូចំនួន ១៦៩ នាក់បានដង្ហែតាមបទភ្លេងបុរាណរបស់បារាំង ដែលធ្វើឱ្យអ្នកទស្សនាច្រៀងតាម។

អភិបាលក្រុងប៉ារីស អាន ហ៊ីដានហ្គោ (Anne Hidalgo) បានប្រគល់ទង់ជាតិប៉ារ៉ាឡាំពិកដល់ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ លោក អាន់ឌ្រូ ផាស៊ិនស៍ (Andrew Parsons) ហើយក្រោយមកបានប្រគល់ទង់នេះដល់អភិបាលក្រុង Los Angeles លោកស្រី ការិន បាស (Karen Bass)ជាអភិបាលក្រុងស្ត្រីស្បែកខ្មៅដំបូង ដែលបានទទួលទង់ជាតិប៉ារ៉ាឡាំពិកក្នុងអំឡុងពេលពិធីបិទនេះ។

ពិធីបានបិទបញ្ចប់ក្រោមទិដ្ឋភាពដ៏សប្បាយរីករាយអមដោយពិធីបាញ់កាំជ្រួចភ្ញីបំភ្លឺផ្ទៃមេឃដ៏ស្រស់ត្រកាលពីលើពហុកីឡដ្ឋានរបស់ប្រទេសបារាំង ក្រោយការរៀបចំព្រឹត្តិការណ៍នេះប្រកបដោយជោគជ័យ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia