ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បើកវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យានុកូលភាព
កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការត្រួតពិនិត្យនីត្យានុកូលភាព» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការ គណៈរដ្ឋមន្ត្រី និង ធ្វើបទឧទ្ទេសនាមដោយឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីចំណុះស្តីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់ និងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល និងនិស្សិត សរុបប្រមាណ ៥០០នាក់ ។
ឯកឧត្តមបានមានប្រសាសន៍ថា នេះជាលើកទី៧ហើយ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំវគ្គបណ្តុះបណ្តាលបែបនេះ ក្នុងទិសដៅបន្តកសាង និងពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជារបស់ស្ថាប័នពាក់ព័ន្ធ ដែលមានបំណងចង់សិក្សារៀនសូត្រ។ ឯកឧត្តម វង្សី វិស្សុត បានស្នើដល់មន្រ្តីទាំងអស់ ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព និងចំណេះដឹងជាប់ជាប្រចាំ ហើយប្រកាន់ខ្ជាប់នូវគោលការណ៍ «Life-long learning» ដោយធ្វើការផង និងរៀនផង ហើយរៀនក្នុងស្ថាប័នខ្លួនឯងផង និងរៀនពីខាងក្រៅផង ដើម្បីបន្តរក្សាខ្លួនជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមជាតិ។
ឯកឧត្តមបន្តថា ប្រធានបទស្តីពី«ការត្រួតពិនិត្យនីត្យានុកូលភាព» ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក្នុងនោះមានទាំងការងារកំណែទម្រង់ច្បាប់ និងអភិបាលកិច្ចល្អ។
ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឋាមពល និងភាពជាក់ស្តែងនិយមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមុំទី១ បានកំណត់យក “ការពង្រឹងនិងការកែទម្រង់ស្ថាប័ន” ជាចំណុចចាំបាច់និងស្នូល តាមរយៈការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារនៅក្នុង “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រនានា របស់រាជរដ្ឋាភិបាល ក្នុងបរិការណ៍ដ៏ស្មុគស្មាញនៃសង្គម‑សេដ្ឋកិច្ច ទាំងក្នុង និងក្រៅប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ មុំទី៤បានកំណត់យកការលើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ មានគោលដៅពង្រឹងគោលការណ៍នីតិរដ្ឋ ពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងពង្រឹងជំនឿទុកចិត្តពីសាធារណជនមកលើវិស័យយុត្តិធម៌ ដែលជាកត្តារួមចំណែកដ៏សំខាន់ក្នុងការធានាថែរក្សាស្ថិរភាពសង្គម សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាក្នុងសង្គមជាតិ។
ឯកឧត្តមថា នៅក្នុងសង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋ រដ្ឋធម្មនុញ្ញ គឺជាច្បាប់កំពូល ដែលនៅក្នុងនោះ មានចែងអំពីគោលការណ៍ធំៗជាច្រើន ដូចជា ស្ថាប័ននយោបាយនិងធម្មនុញ្ញ ស្ថាប័នធានាការអនុវត្តច្បាប់ សិទ្ធិនិងកាតព្វកិច្ចរបស់ពលរដ្ឋ ប្រព័ន្ធសេដ្ឋកិច្ច សំដៅធានានិរន្តរភាព និងប្រសិទ្ធភាពនៃការដឹកនាំរដ្ឋ ដែលយកប្រជាជនជាធំ។
ការធានានូវអនុលោមភាពនិងការគោរពរដ្ឋធម្មនុញ្ញ និងច្បាប់ ទាំងក្នុងន័យចង្អៀតនិងទូលាយ គឺជាយន្តការចំបងមួយ ហើយ ប្រទេសជាច្រើន រួមទាំងកម្ពុជាបានបង្កើតឱ្យមានយន្តការត្រួតពិនិត្យធម្មនុញ្ញភាព ដើម្បីធានាថារាល់ច្បាប់ទាំងអស់ត្រូវតែមានអនុលោមភាពជាមួយរដ្ឋធម្មនុញ្ញនេះ។ បន្ថែមពីលើការត្រួតពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ការធានានីត្យានុកូលភាពនៃសកម្មភាពរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន អាជ្ញាធរសាធារណៈ និងអាជ្ញាធរមូលដ្ឋានទាំងអស់ ទាំងនៅក្នុងការដាក់ចេញលិខិតបទដ្ឋានគតិយុត្តិក្រោមច្បាប់ ទាំងសកម្មភាព ទាំងការសម្រេចចិត្ត គឺជាកិច្ចការងារសំខាន់ផងដែរ ហើយដែលជាប្រធានបទនៃវគ្គបណ្តុះបណ្តាលរបស់យើងនាថ្ងៃនេះ៕
-
ព័ត៌មាន1 week ago
បេក្ខភាព ១៦រូបឈានឡើងវគ្គ ១/៨ ផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Frenzy Freestyle
-
កីឡា1 week ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ ចាប់ផ្ដើមប្រកួតថ្ងៃនេះ ខណៈព្រះខ័នរាជ ត្រៀមខ្លួនរួចរាល់ដើម្បីការពារជើងឯក
-
ព័ត៌មាន1 week ago
ករណីក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិ នៅមុខផ្សារច្បាអំពៅ សមត្ថកិច្ចបន្តបង្ក្រាបបាន០៥នាក់ហើយ
-
ព័ត៌មាន4 days ago
សម្តេចធិបតី៖ រាជរដ្ឋាភិបាលនឹងដំឡើងប្រាប់ឧបត្ថម្ភជានិច្ចដល់អតីតយុទ្ធជន និងអតីតកងកម្លាំងគ្រប់ប្រភេទ
-
ព័ត៌មាន2 days ago
ស្នាក់ការសន្តិសុខកងរាជអាវុធហត្ថច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ផឹកស៊ីកាប់គ្នា
-
កីឡា1 week ago
សហព័ន្ធគុនខ្មែរ អនុវត្ដវិធានការទី១ លើកីឡាករ ១៥រូប ក្រោយល្មើសបម្រាមប្រកួតសម្រាកតិចជាង ២សប្ដាហ៍
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើវិស័យកសិកម្ម សន្ដិសុខស្បៀង និងប្រជាកសិករ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ ពាក្យ «អរគុណសន្តិភាព អរគុណនយោបាយឈ្នះ ឈ្នះ» ប្រើស័ក្ដិសមបំផុត នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ខណៈទីនេះបានកែប្រែពីតំបន់ព្រៃមកជាការអភិវឌ្ឍរីកចម្រើន