ព័ត៌មាន
ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់បណ្ណកម្មសិទ្ធអចលនវត្ថុដល់ប្រជាជន ចំនួន២៤ភូមិ នៃក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
ប្រជាជនចំនួន២៤ភូមិ នៃសង្កាត់វាំងចាស់ សង្កាត់ព្រះស្រែ និងសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានទទួលបណ្ណកម្មសិទ្ធអចលនវត្ថុ ដែលប្រគល់ជូនដោយឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ និង ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់។

ពិធីខាងលើនេះបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ នៅសង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំក្រសួង ក្រុមការងាររាជរដ្ឋាភិបាល ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តមអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋសរុបប្រមាណ ១២០០នាក់។

ឯកឧត្តមបណ្ឌិត ជាម ចន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ដែលបានផ្តល់កិត្តិយសដល់អ្នកខេត្តកំពង់ស្ពឺ ក្នុងការចែកបណ្ណកម្មសិទ្ធអចលនវត្ថុជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់នាឱកាសនេះ។

មានមតិសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ុំពូមីង បងប្អូន ដែលអញ្ជើញមកផ្ទាល់ក្នុងអង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវក្តីសោមនស្សរីករាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធនាពេលនេះ។ ការចេញបណ្ណកម្មសិទ្ធដល់បងប្អូនប្រជាពលរដ្ឋ គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាល។

នាឱកាសនោះផងដែរ ឯកឧត្តមបានជំនួសមុខឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺធ្វើការថ្លែងអំណរគុណក្រុមការងារក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ និងក្រុមការងារថ្នាក់ខេត្ត ដែលបានខិតខំវាស់វែងដីធ្លី និងបំពេញបែបបទសម្រាប់រៀបចំបណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋ ដោយមិនគិតពីពេលយប់ និងថ្ងៃចុងសប្តាហ៍ឡើយ សំដៅធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលដល់បងប្អូនដែលមានការមមាញឹកក្នុងការងារប្រចាំថ្ងៃ។
ដោយឡែក ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេសដែលបានចូលរួមយ៉ាងច្រើនកុះករក្នុងចលនាជាតិដ៏ធំ តបតាមសេចក្តីអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមខ្សែបន្ទាត់ព្រំដែន ដែលសបញ្ជាក់នូវការគាំទ្រ និងជំនឿទុកចិត្តយ៉ាងមុតមាំមកលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី អធិបតេយ្យជាតិ។ ឯកឧត្តមបានរំលេចថា បើទោះបីជាការចូលរួមជាទំហំតិចក្តី ច្រើនក្តី តែវាបានបង្ហាញនូវទឹកចិត្តដ៏ធំធេងរបស់បងប្អូនដែលស្រលាញ់ជាតិ ស្រលាញ់ទឹកដី។
នៅចុងបញ្ចប់នៃកម្មវិធី ឯកឧត្តមគណៈអធិបតីបានអញ្ជើញចែកបណ្ណកម្មសិទ្ធជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋដែលមកទទួលបណ្ណ ប្រកបដោយទឹកមុខសប្បាយរីករាយ ស្ថិតក្នុងបរិយាកាសដ៏ស្និទ្ធស្នាលបំផុត ក្រោមផ្ទៃមេឃរលឹមស្រិចៗ ប្រៀបបានការប្រោះព្រុំពរជ័យពីព្រះភិរុណ៕ អត្ថបទ រដ្ឋា




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា6 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន4 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន4 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន4 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា