ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីភាព ក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
នៅព្រឹកថ្ងៃទី២៤កញ្ញាឆ្នាំ២០២៤ ស្របពេលដែលកម្ពុជាអបអរសាទរខួបលើកទី៣១ នៃ«ទិវាប្រកាសរដ្ឋធម្មនុញ្ញា» (២៤ កញ្ញា ១៩៩៣ -២៤ កញ្ញា ២០២៤) ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញដ៏ល្អវិចិត្រដែលជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់ប្រជាជាតិខ្មែរ ដែលសាងសង់ឡើង ស្ថិតនៅមុខវត្តលង្កាព្រះកុសុមារាម និងខាងលិចវិមានឯករាជ្យ។
ព្រះរាជវត្តមាននៃស្តេចយាងដល់ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗជាច្រើនទៀតបានថ្វាយព្រះរាជវន្ទកកិច្ចដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងនិងអង្គព្រះរាជពិធីទាំងមូលបានស្តេចយាងគោរពនិងអញ្ជើញគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា យាងទត និង ទស្សនារបាំថ្វាយព្រះពរ ដោយទឹកព្រះទ័យ និងសេចក្តីសោមនស្សរីករាយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានទូលថ្វាយនិងជំរាបជូនថា៖ ដើមហេតុនៃការកសាងវិមានរដ្ឋធម្មនុញ្ញនេះដោយយល់ឃើញថា រដ្ឋធម្មនុញ្ញដែលព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ទ្រង់ឡាយព្រះហត្ថលេខាប្រកាសឱ្យប្រើនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ មានអាយុកាល៣០ឆ្នាំគត់ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ជារដ្ឋធម្មនុញ្ញដែលមានអាទិភាព និងស្ថេរភាពយូរអង្វែងជាងគេក្នុងប្រវត្តិរដ្ឋធម្មនុញ្ញរបស់កម្ពុជា ហើយក្នុងអំឡុងពេលនេះព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបោះជំហានទៅមុខសម្រេចបានសមិទ្ធផលធម្មនុញ្ញគួរកត់សម្គាល់ គឺប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរណ៍ មានឯកភាពជាតិ ឯកភាពទឹកដី ក្រោមរដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយព្រះអង្គ រាជរដ្ឋាភិបាលតែមួយ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស បាននិងកំពុងចាក់ឫសក្នុងវប្បធម៌សង្គមនយោបាយរបស់កម្ពុជា ពិសេសក្នុងស្រទាប់ប្រជាពលរដ្ឋនៅមូលដ្ឋានប្រកបដោយវឌ្ឍនភាព និងភាពទន់ភ្លន់ ស្របតាមបរិបទនៃសង្គមខ្មែរ ដែលមានឃឿនអរិយធម៌ និងប្រពៃណីទំនៀមទំលាប់ល្អតាំងពីបុរាណកាលមក។
វិមានរដ្ឋធម្មនុញ្ញនេះ បានប្រើប្រាស់ថវិកាជាតិ សរុប២លាន២សែន៣ម៉ឺន៨ពាន់៨៤៧ដុល្លារអាមេរិក តាមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ ឯកឧត្តម អ៊ឹម ឈុនលឹម បន្តថា វិមានរដ្ឋធម្មនុញ្ញត្រូវបានបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រើរយៈពេលអស់ប្រមាណ១៤ខែ ដោយរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។ វិមាននេះ មានកម្ពស់ ពីទ្រនាប់ខ្សាច់ ដល់កំពូលត្រីសូលសរុប ២៣.៤ម៉ែត្រ និងមានទំងន់សរុប ១១២,៩៩តោន ត្រូវបានសាងសង់លើផ្ទៃដីទំហំ២ពាន់៣៨០ម៉ែត្រក្រឡា សង់បែរមុខទៅទិសខាងកើត។
ក្នុងបរិយាសដ៏វិសេសវិសាលនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឫទ័យ ស្តេចយាងប្រទានព្រះរាជសុន្ទរកថា ប្រកបដោយព្រះរាជហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង ដោយព្រះអង្គបានមានព្រះរាជបន្ទូលថា ដោយថ្ងៃនេះ ត្រូវជាខួប៣១ឆ្នាំដែល ប្រជាជាតិយើងកំពុងប្រារព្ធព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ជាការបង្ហាញឱ្យឃើញថា ប្រជាជាតិខ្មែរ មានឆន្ទៈគោរព ការពារ លើកតម្កើង និងប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលរបស់ជាតិយើង។
ជាមួយនឹងការថ្លែងសរសើរដល់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលបានថ្វាយរបាយការណ៍ស្តីពីការកសាងវិមានរដ្ឋធម្មនុញ្ញ ដែលជាបូជនីយស្ថានតំណាងរដ្ឋធម្មនុញ្ញនៃជាតិយើង ព្រះអង្គបានបញ្ជាក់ថា ជាសច្ចធម៌មិនអាចប្រកែកបានរយៈពេលជាង៣០ឆ្នាំនៃការអនុវត្តរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជាមានសុខសន្តិភាព និងឯកភាពជាតិ អាស្រ័យដោយមាននយោបាយ ឈ្នះ-ឈ្នះ ដែលត្រូវបានដាក់ចេញ និងដឹកនាំអនុវត្តផ្ទាល់ប្រកបដោយភាពប៉ិនប្រសព្វ ឈ្លាសវៃដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យសម្រេចសមិទ្ធផលដ៏ធំធេងក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពង្រឹងឯកភាពជាតិ រក្សាការពារទឹកដីកម្ពុជា អធិបតេយ្យថ្លៃថ្លា និងអរិយធម៌អង្គរដ៏បវរ កសាងប្រទេសជាតិ ទៅជាកោះសន្តិភាពឡើងវិញផ្អែកលើប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្ស ធានាសិទ្ធិមនុស្ស គោរពច្បាប់ ធ្វើឱ្យប្រទេសជាតិបានឈានឡើងរីកចម្រើនលូតលាស់សម្បូររុងរឿងដូចបច្ចុប្បន្ន។
សមិទ្ធផលធម្មនុញ្ញដ៏ឧត្តុង្គឧត្តមមនេះ គឺជាមរតករបស់ជាតិដែលកំពុងត្រូវបានថែរក្សា និងបន្តអភិវឌ្ឍន៍ប្រកបដោយភាពអង់អាចស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ដើម្បីបន្ត ដឹកនាំកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍក្លាយជាអរិយប្រទេស។ សមិទ្ធផលធម្មនុញ្ញដ៏ត្រចះត្រចង់សម្រេចបាន យ៉ាង ដូច្នេះ ព្រះករុណាជាអម្ចាស់ក៏បានសំណូមពរ ដល់ប្រជារាស្ត្រខ្មែរទាំងមូល តាំងចិត្ត ប្រកាន់យក ជានិច្ចនិរន្តរ៍ នូវស្មារតី យើងប្រជារាស្ត្រខ្មែរ រួបរួមគ្នាថែរក្សា ការពារ គោរព ខ្ចាប់ខ្ជួនរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេស ជានិមិត្តរូបនៃគុណតម្លៃទំនើប រួមផ្សំបុរាណ ជាការសន្យាចំពោះអនាគតរុងរឿងនៃប្រជាជាតិយើង។ ព្រះអង្គបន្តថា អាស្រ័យដោយរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មានអាទិភាព និងស្ថេរភាព ជាង៣ទសវត្ស ជារយៈពេលមួយវែងក្នុងប្រវត្តិ រដ្ឋធម្មនុញ្ញ និងដោយបច្ចុប្បន្នព្រះរាជាណាចក្រម្ពុជា មានសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ធានាបានភាព រឹងមាំ នៃរដ្ឋធម្មនុញ្ញ ដូច្នេះជាពេលវេលាសមស្របដែលត្រូវមានវិមានរដ្ឋធម្មនុញ្ញសម្រាប់ឱ្យខេមរជន ក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត ដឹងនូវគុណបំណាច់របស់ឥស្សរជនស្នេហាជាតិ ជាស្ថាបនិក និងជាប្រតិបត្តិករ នៃច្បាប់ កំពូលមួយនេះ និងសូមគោរពចងចាំអំពីក្រមសីលធម៌និងច្បាប់នានា នៃព្រះរាជាណាចក្រកម្ពុជា ។
ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យ ស្តេចយាងកាត់ខ្សែបូរ ដើម្បីជានិមិត្តរូប នៃព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ ចាប់ពីពេលនេះតទៅ។
សូមបញ្ជាក់ថា វិមានរដ្ឋធម្មនុញ្ញ ត្រូវបានរៀបចំជាពីរផ្នែកចំបង ៖
-ផ្នែកទី១នៃវិមាន៖ គឺផ្នែកខាងក្រោមមានសាលតូច រាងកាកបាទ ត្រូវបានប្រសិទ្ធនាមថា «ខេមរសន្តិមូលសាល» ជាទីតាំងសរសស្តម្ភ រដ្ឋធម្មនុញ្ញ។ នៅខាងលើមានទម្រ តម្កល់ព្រះសិរមហាព្រហ្ម កសាងពីសំរឹទ្ធិ, សរសស្តម្ភរដ្ឋធម្មនុញ្ញ មានរាង៦ជ្រុង ដែលជ្រុងខាងមុខមានចារិកបុព្វកថា រដ្ឋធម្មនុញ្ញ និង៥ជ្រុងផ្សេងទៀតសម្រាប់ចារិកយុទ្ធវិធីទាំង៥ នៅក្នុងយុទ្ធសាស្ត្រនយោបាយ ឈ្នះ-ឈ្នះ នៃមកនូវសន្តិភាពដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ»បំបែក ឯកោ បញ្ចប់ សមាហរណកម្ម អភិវឌ្ឍន៍» តំណាងដោយព្យញ្ញនៈ៥តួ គឺ( ប ឯ ប ស អ)។
-ផ្នែកទី២នៃវិមាន៖ គឺតួមហាបុស្បុក មានទំងន់សរុបប្រមាណ១២តោន កសាងពីសំរឹទ្ធិ ប្រមាណ៧០% ស្ពាន់ប្រមាណ៣០% ក្នុងទម្រង់សិល្បៈខ្មែរប្រកបដោយក្បូរក្បាច់ដ៏ល្អិតល្អន់ល្អវិចិត្រ សាងឡើងតាមក្បួនខ្នាតរចនាបថ ខ្មែរបុរាណ។ក្នុងទម្រង់សិល្បៈបែបនេះ ទើបនាំឱ្យសន្និដ្ឋានបានថា៖ វិមានរដ្ឋធម្មនុញ្ញ គឺជាសីលាលោហប្រសាទដ៏ធំល្អវិចិត្រ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងក្លាយជាសំណង់សតវត្សរ៍ ក្នុងអនាគតកាល៕ អត្ថបទ៖ មុត សុទ្ធ

-
ព័ត៌មាន5 days ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន2 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន1 week ago
ក្រុមហ៊ុនទឹកស្អាតអានកូក្រុងកំពង់ឆ្នាំង បន្តកាយដីចេញ ក្រោមការត្រួតពិនិត្យពីក្រសួងធនធានទឹក
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ស ថេត ជំរុញដល់កងអង្គរក្សប្តេជ្ញាចិត្តរក្សាខឿនការពារជាតិ សន្តិភាព ស្ថិរភាពសង្គម
-
ព័ត៌មាន13 hours ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន5 days ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន6 days ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន3 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន