ព័ត៌មាន
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ចាប់អារម្មណ៍លើការវិនិយោគវិស័យថាមពល និងកសិកម្មនៅកម្ពុជា
ក្រុមប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន បានចំណាប់អារម្មណ៍ខ្ពស់ នឹងពិនិត្យលទ្ធភាពអំពីការវិនិយោគនៅកម្ពុជា លើវិស័យថាមពល និងកសិកម្ម ស្របពេលដែលធនាគារជាតិកាណាដា បានសម្រេចផ្ដល់ទុនដល់ធុរកិច្ចកាណាដា-អាស៊ាន សម្រាប់ការវិនិយោគនៅក្នុង ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន។


ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ២០២៤ បានជួបពិភាក្សាតុមូល ស្ដីពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានការចូលរួមពីសមាជិក-សមាជិការ នៃក្រុមប្រឹក្សាធុរកិច្ចកាណាដា -អាស៊ាន (Canada-ASEAN Business Council- CABC) ដឹកនាំដោយលោក Louis Vachon ជាសហប្រធានប្រចាំកាណាដានៃ CABC, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា, ឯកឧត្តម Alan Bowman អគ្គនាយកកិច្ចការសកលរបស់កណាដា ទទួល បន្ទុកអាស៊ីអាគ្នេយ៍ និងអូសេអានី តំណាងរដ្ឋាភិបាលកាណាដា, លោក Stephane Achard អនុប្រធានប្រតិបត្តិ ផ្នែកអន្តរជាតិ នៃធនាគារជាតិកាណាដា, និងវិស័យឯកជនកម្ពុជា-កាណាដាជាច្រើនរូបផងដែរ។

ក្នុងពិធីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចែករំលែកព័ត៌មានជាមូលដ្ឋានជូនដល់អង្គប្រជុំបានជ្រាប និងចូលរួមផ្សព្វ ផ្សាយបន្ត អំពីវឌ្ឍនភាពថ្មីៗរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការគិតគូរយ៉ាងម៉ត់ចត់ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសគោលនយោបាយ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបានបន្តយកចិត្តទុកដាក់យ៉ាងពេញទំហឹង លើការកសាងមូលធនមនុស្ស, ការលើក កម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និងទន់ ព្រមទាំងការពង្រឹងវិស័យឯកជន និងធុរកិច្ចក្នុងវិស័យមានសក្តានុពល នានា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងឧស្សាហូបនីយកម្មជាដើម។

ឯកឧត្តម ស៊ុន ចាន់ថុល លើកឡើងបន្ថែមថា កម្ពុជាជាប្រទេសតូច ដែលបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ស្របតាម ច្បាប់ស្ដីពីវិនិយោគកម្ពុជា ដោយពុំមានការរើសអើង ឬការបែងចែកណាមួយសម្រាប់ប្រទេសផ្សេងៗ, ជាមួយគ្នានេះដែរ ក្រៅអំពីទីផ្សារ របស់កម្ពុជាក្នុងតំបន់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), និងពីកិច្ចព្រមព្រៀង ផ្សេងៗជាច្រើនទៀត កម្ពុជាក៏បានទទួលអត្ថប្រយោជន៍ បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាម៉េរិក និងប្រព័ន្ធ អនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, បច្ចុប្បន្នក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តខិតខំយ៉ាងពេញទំហឹង ដើម្បីសម្របសម្រួល ការងារវិនិយោគរបស់វិនិយោគិនពីគ្រប់ប្រទេស ដែលសម្រេចចិត្តបណ្ដាក់ទុននៅកម្ពុជា។ របៀបវារៈថ្មី មួយដែលក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានរៀបចំឱ្យក្លាយទៅជាយន្តការកិច្ចសន្ទនាផ្លូវការរវាងរដ្ឋ និងឯកជន សម្រាប់ជួបពិភាក្សាស្ដាប់ និងដះស្រាយបញ្ហាប្រឈម នានារបស់វិនិយោគិន ហើយបច្ចុប្បន្នកម្ពុជាកំពុងអនុវត្តយន្តការនេះ ជាមួយប្រទេសជប៉ុន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ហើយ គ្រោងនឹងរៀបចំជាមួយប្រទេសផ្សេងៗជាបន្តបន្ទាប់ទៀតផងដែរ។

ជាការឆ្លើយតប, លោក Stephane Achard ក៏បានលើកបង្ហាញអំពីលទ្ធផលដ៏ល្អប្រសើរ ដែលធនាគារជាតិកាណាដា បានសម្រេច ផ្ដល់ទុនវិនិយោគជូនដល់សមាជិក-សមាជិកររបស់ក្រុមប្រឹក្សាធុរកិច្ច កាណាដា-អាស៊ាន ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន ហើយធនាគារជាតិកាណាដា នឹងបន្តមានសុទិដ្ឋនិយមខ្ពស់សម្រាប់ កិច្ចការងារនេះ។ ជាលទ្ធផល, សមាជិក-សមាជិករ របស់ក្រុម ប្រឹក្សាធុរកិច្ចកាណាដា-អាស៊ាន ក៏រំលេចលើកឡើងអំពីចំណាប់អារម្មណ៍ខ្ពស់ នឹងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា លើវិស័យមាន ថាមពល និងកសិកម្មផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន1 day agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន5 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន5 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
-
ព័ត៌មាន2 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព