Connect with us

ព័ត៌មាន

​សិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)»

ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នីតិ​បុគ្គល​ នៃ​ ស.ស.យ.ក ​បានរៀបចំ​បើក​សិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» តាមប្រព័ន្ធនិមិត្ត ZOOM, កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤។

​សិក្ខាសាលាផ្សព្វផ្សាយ «ឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0)» ប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង​មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានប្រតិបត្តិ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និង​អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំ២៨សាខារាជធានី/ខេត្ត និងសាខាសាកលវិទ្យាល័យ   និង​សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សរុបចំនួន១៤២៥នាក់។

ជាបឋមឯកឧត្តមបណ្ឌិត កែរ រដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ២៨សាខារាជធានី-ខេត្ត និងសាកលវិទ្យាល័យ  សូមគោរពថ្លែងអំណរគុ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជាប្រធានដឹកនាំរៀបចំចងក្រងឯកសារទស្សនាទានសហភាពសហព័ន្ធយុវជនកម្ពុជា ២.០ (UYFC 2.0) និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក នៅសណ្ឋាគារសុខាភ្នំពេញ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី។ ដោយមានការចង្អុលបង្ហាញឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ឱ្យរៀបចំសិក្ខាសាលាផ្សព្វផ្សាយជូនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក នីតិបុគ្គលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់បានទទួលជ្រាបនាថ្ងៃនេះ។ គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ គឺបង្កើតឱ្យមានការជួបជុំ ផ្សព្វផ្សាយ ដល់ថ្នាក់ដឹកនាំ និងសមាជិក នៃរចនាសម័ន្ធ ស.ស.យ.ក ទាំងអស់ ឱ្យបានយល់ដឹង និងជ្រាបអំពីគោលគំនិត នៃឯកសារទស្សនាទាន ស.ស.យ.ក ២.០ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយបន្តដល់សមាជិកដទៃទៀត។ ជាបន្តអង្គសិក្ខាសាលា បានអនុញ្ញាតិឱ្យមានការបង្ហាញដូចខាងក្រោមនូវ៖ បទអន្តរាគមន៍ចំនួន​ ៣​ រួម​មាន​ ៖

• ប្រធានបទទី១៖ ប្រវត្តិ និងដំណើរវិវត្តរបស់ ស.ស.យ.ក និងការពង្រឹងរចនាសម័្ពន្ធ ក្នុងបរិបទ UYFC 2.0 ដោយឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តព្រៃវែង។

• ប្រធានបទទី២៖ ការសម្រួចខ្លឹមសារ ដើម្បីកសាង និងការបង្ហាញអត្តសញ្ញាណ UYFC 2.0 ដោយឯកឧត្តមបណ្ឌិត កែរ រដ្ឋា។

• ប្រធានបទទី៣៖ យុទ្ធសាស្ត្រក្នុងការបង្កើនការផ្សព្វផ្សាយសកម្មភាពរបស់ ស.ស.យ.ក ឱ្យកាន់តែទូលំទូលាយ (Branding UYFC Logo) ដោយឯកឧត្តមបណ្ឌិត សេង បញ្ញាឫទ្ធិ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម លេង ផាលី បានថ្លែងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចាប់ផ្តើមបង្កើតដំបូង​គេបង្អស់នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១២ ក្នុងឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានគ្នាចំនួន៩នាក់  រហូតមកដល់ពេលបច្ចុប្បន្ននេះមានរយៈពេល១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៦ តុលា ឆ្នាំ២០២៤) ក្រោមការ​ដឹកនាំចង្អុលបង្ហាញ​ដោយផ្ទាល់​របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស​ក្រុមការងារ​គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រុម​ការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មាន​សមាជិក សមាជិកា ចំនួន២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិបនាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន៣សាខា)  បានបំពេញ​បេសកកម្ម​ដ៏ថ្លៃថ្លាដោយ​ទទួល​បានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួម​អប់រំ​ផ្សព្វ​ផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គ​សង្គ្រោះបឋម យក​សំណាក​រកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូន​ប្រជាពលរដ្ឋ​ផ្តល់សេវា​ដោយឥតគិតថ្លៃ ក្នុង២៥​រាជធានី-ខេត្ត នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានចំនួន ២០៦៧លើក​​ មានប្រជាពលរដ្ឋ​ចូលរួមចំនួន១៣.២៦៦.៦៣៥ នាក់ (ដប់បីលាន ម្ភៃប្រាំមួយម៉ឺន ប្រាំមួយពាន់ ប្រាំមួយរយ សាមសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន៦.៧៩៨.៦២១នាក់ (ប្រាំមួយលាន ចិតសិបប្រាំបួនម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ ម្ភៃមួយនាក់) គិតត្រឹមថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ច្រើនជាង៣ ភាគ៤ នៃប្រជាជនសរុបទូទាំង​ប្រទេស​ដែលមានចំនួន ១៧,៣៣៦,​៣០៧នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរនាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយ​ទាំងអស់ប្រហែល ៦៦៣.៣៣១.៧៥០ដុល្លារ (ប្រាំមួយរយហុកសិបបីលាន សាមសិប​បីម៉ឺន មួយពាន់ ប្រាំពីររយ ហាសិប ដុល្លារសហរដ្ឋអាមេរិក) ។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ានី បាននិងកំពុងបន្តចុះ​បេសកកម្ម​តាម​ការឧទ្ទេសនាម​របស់​គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយ​ស្ម័គ្រចិត្ត​ឥតគិត​ថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋ​បានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលាន កៅសិប​មួយម៉ឺន មួយពាន់ពីររយ​បីដូស) ក្នុង ២៥ រាជធានី-ខេត្ត។

ឯកឧត្តម លេង ផាលី បាន​បញ្ជាក់ថា ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌​សុទ្ធសាធ​​ដែល​ស្តែង​ចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋ​ក្នុងនាមជា​ឈាមជ័រ​ខ្មែរ​ដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ​អនាគតតែមួយ ពោលគឺការពយាបាលមិន​ប្រកាន់​បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅ​ចូលរួម​កាត់បន្ថយ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ  និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់​សេវា​សុខភាពសាធារណៈដោយឥតគិតថ្លៃ។ ជាពិសេសសូមគោរពថ្លែង​អំណរគុណយ៉ាង​ខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាព​មនុស្សធម៌នេះជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញ​ពី​ការឧបត្ថម្ភគាំទ្រ និងការ​ចង្អុលបង្ហាញដោយ​ផ្ទាល់ពីសំណាក់ ឯកឧត្តមឧបនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលលោកតែងតែ​ខ្វល់ខ្វាយ​គិតគូរ និងរួមសុខរួមទុក្ខជាមួយ​ប្រជាពលរដ្ឋ​ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។

សិក្ខាសាលាបានដំណើរការទៅតាមរបៀបវារៈដែលបានគ្រោងទុក និងបញ្ចប់នៅវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កា។ ជាទីបញ្ចប់នៃអង្គសិក្ខាសាលា ឯកឧត្តម លេង ផាលី បានជូនពរដល់សមាជិកអង្គសិក្ខាសាលា ឱ្យប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia