ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល ជួបប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបប្រតិភូនៃភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (Agence nationale de recherches sur le sida et les hépatites virales et Maladies infectieuses émergentes, ANRS MIE) ដឹកនាំដោយលោកសាស្ត្រាចារ្យ យ៉ាដាន់ប៉ាណាហ៍ (Pr Yazdan Yazdanpanah) នាយកភ្នាក់ងារ និងលោកស្រីសាស្ត្រាចារ្យ ហ្វ្រង់ស័រ បារេ ស៊ីនុសស៊ី (Pr Françoise Barré-Sinoussi , Prix Nobel de médecine de 2008 pour la découverte du virus HIV) ដើម្បីចូលជួបសំដែងការគួរសម និងពិភាក្សាការងារ, នាទីស្តីការក្រសួង ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងជំនួបនេះឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានស្វាគមន៏ និងថ្លែងអំណរគុណដល់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE ដែលកន្លងមកបានជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកាលើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។
លោកសាស្រ្តាចារ្យ Yazdan Yazdanpanah បានថ្លែងអំណរគុណ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ ផ្តល់ឱកាសប្រតិភូបានចូលសំដែងការគួរសម និងបានគោរពជម្រាបជូនអំពីទិសដៅបេសកកម្មរបស់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា ចំនួនបីចំណុច៖
១- បន្ថែមលើការងារស្រាវជ្រាវលើជំងឺអេដស៍ រលាកថ្លើម របេង ពង្រីកកិច្ចសហការលើការងារស្រាវជ្រាវ ជំងឺបណ្តាលមកពី Arboviruses ដូចជា ជំងឺគ្រុនឈាម ជំងឺ Japanese encephalitis និងជំងឺឆ្លងផ្សេងៗទៀត។
២- ពង្រឹង និងពង្រីក ដៃគូរក្នុងតំបន់ដោយពង្រីកបន្ថែមទៅប្រទេស ឡាវ និងថៃ បន្ថែមលើដៃគូរបច្ចុប្បន្ន ដែលមានតែនៅកម្ពុជា និងវៀតណាម។
៣- ជំរុញការងារបណ្តុះបណ្តាល អ្នកស្រាវជ្រាវវ័យក្មេងបន្តវេន។
លោកស្រីសាស្រ្តាចារ្យ Françoise Barré-Sinoussi ជាជ័យលាភីទទួលបានរង្វាន់ណូបែល ខាងវេជ្ជសាស្រ្ត កាលពីឆ្នាំ២០០៨ បានបញ្ជាក់បន្ថែមទៀត អំពីប្រវត្តិជិត៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការល្អ រវាងភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ជាមួយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ លោកស្រីសំដែងនូវការកោតសរសើរ នូវសមិទ្ធិផលដែលកម្ពុជាសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ និងថ្មីៗនេះទៀត ជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រហូតដល់មានការទទួលស្គាល់កម្រិតពិភពលោក ជាពិសេសការទទួលស្គាល់ពីអង្គការសុខភាពពិភពលោកថែមទៀតផង។
ជាការឆ្លើយតប ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបញ្ជាក់ពីជំហរគាំទ្រនូវបេសកកម្មរបស់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា និងសូមឱ្យភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE បន្តកិច្ចសហប្រតិបត្តិការ លើការងារស្រាវជ្រាវនេះបន្តទៀត ជាពិសេសជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធ នឹងជំងឺឆ្លង និងមន្ទីរពេទ្យជាតិនានា ដើម្បីជួយលើកកំពស់សមត្ថភាព ការងារស្រាវជ្រាវគ្លីនិក សម្រាប់អ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា និងយកលទ្ធផលវិទ្យាសាស្រ្តទាំងនោះ មកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕
អត្ថបទ រដ្ឋា 






















-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល