ព័ត៌មាន
ចិនកំពុងសម្របសម្រួលហិរញ្ញប្បទានសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍នៅកម្ពុជា
ចិនកំពុងជួយសម្របសម្រួលនូវហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសាធារណៈ, ការជំរុញវិនិយោគពីវិស័យឯកជន និងជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ព្រមទាំងការទាក់ទាញទេសចរណ៍ចិនមកទស្សនកិច្ចនៅកម្ពុជាជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានរំលេចអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ និងជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ពោលគឺពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនា រួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្នាំ២០២៤ នេះ ជាឆ្នាំពិសេសមួយដែលថ្នាក់ដឹកនាំនៃ ប្រទេសទាំងពីរ កំណត់យកជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដោយបានធ្វើសកម្មភាពជាច្រើនរួមគ្នាកន្លងមក។ មិត្តចិន តែង តែបានផ្តល់អាទិភាពខ្ពស់ យកចិត្តទុកដាក់ជំរុញកិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជារួមមានស្ពាន ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងវិស័យសំខាន់ៗផ្សេងទៀត។ ជាក់ស្តែង, ការផ្តល់ជំនួយឧបត្ថម្ភរបស់មិត្តចិន និងការផ្តល់វ៉ាក់សាំងក្នុង កាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ បានដើរតួជាបង្អែកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលអនុញ្ញាតឱ្យ កម្ពុជាបង្កើតបាននូវភាពស៊ាំ សហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេនៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ ជំនួយរបស់មិត្តចិន គឺឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងទាន់ពេលវេលា ដូចដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងលើកឡើង គឺមិនត្រឹមតែរួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជា ការចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា ដោយប្រទេសទាំងពីរកម្ពុជា-ចិន មានចក្ខុវិស័យស្រដៀង គ្នា និងរួមគ្នាកសាងសហគន៍វាសនារួម ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក។ ភាគទាំងពីរក៏បាន ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀតដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួល បាននូវហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តទៀត សម្រាប់បន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា, ការ ជំរុញវិនិយោគពីវិស័យឯកជន, ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក៏ដូចជាការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ច នៅកម្ពុជា ឲ្យកាន់តែមានចំនួនច្រើនឡើងវិញ ដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។

ក្នុងជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ក៏បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក អនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងបាន បញ្ជាក់ថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលមានឱកាសមកបំពេញតួនាទីដ៏ធំធេង ដើម្បីបន្តពង្រឹងនិងពង្រីកទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធិផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត៕ អត្ថបទ៖ សុន រ៉ាឌី

-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន3 days agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា