ព័ត៌មាន
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញចុះពិនិត្យបន្ទាន់ ដើម្បីដោះស្រាយជំនន់ទឹកភ្លៀងតាមតំបន់មួយចំនួន
ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពីបំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់ ដើម្បីដឹកនាំមន្ដ្រីជំនាញ និងអាជ្ញាធរ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុងនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗ។
ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរតែងតែគិតគូរអំពីសុខទុក្ខរបស់ពលរដ្ឋ។ នាប៉ុន្មានថ្ងៃន្លងមកនេះ ខណៈឯកឧត្ដមដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅប្រទេសបារាំង នៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឱ្យតំបន់មួយចំនួនទទួលរងការលិចលង់។ ឯកឧត្ដមបន្តថា បើទោះបីឯកឧត្តមនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម ឯកឧត្តមអភិបាលរាជធានីបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឱ្យបាន។ ក្នុងនោះមុនគេឯកឧត្តមមឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យហើយក្នុងឱកាសនោះឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរក៏ដូចជាមន្ទីរពាក់ព័ន្ធបន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀតឯកឧត្ដមបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។
ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចលង់រហូតមកឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗនោះគឺដោយសារតែតំបន់នេះធ្វើការអភិវឌ្ឍមុនគេ ហើយនៅពេលតំបន់ផ្សេងគេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឱ្យតំបន់នេះ ទទួលរងនូវការលិចលង់ដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សម្រាប់អាជ្ញាធររាជធានីភ្នំពេញមិនបានទុកកិច្ចការងារនេះចោលនោះទេ គឺតែងតែដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។ ឯកឧត្ដមបានបញ្ជាក់ថា ជាដំណោះស្រាយ ដើម្បីឱ្យតំបន់ត្រពាំងថ្លឹងនេះបានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយ៍បូមទឹកចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោងស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យនិង១កន្លែងទៀតលើប្រឡាយម័រ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ជាមួយនិងការស្តារប្រឡាយផងដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។ ប៉ុន្តែដោយសារស្ថានីយ៍បូមទឹកបឹងទំពុនមិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយ៍បូមទឹកពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹកចេញពីតំបន់នេះបានប្រសើរឡើង។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់បន្ថែមថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញឱ្យតែមានភ្លៀងធ្លាក់ធំៗម្ដងៗ គឺគ្រប់បណ្ដាស្ថានីយ៍ទាំងអស់នៅរាជធានីភ្នំពេញតែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីនបូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះឱ្យបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងផងដែរថា ឯកឧត្តម ឃួង ស្រេង ក្នុងបេសកកម្មនៅប្រទេសបារាំង គឺមិនទាន់បញ្ចប់នៅឡើយទេ តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួនទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀង ឯកឧត្ដមក៏ប្រញ៉ាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេសកកម្មរបស់ឯកឧត្ដមមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដើម្បីមកដោះស្រាយការជន់លិចដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

-
ព័ត៌មាន3 days ago
សម្ដេចធិបតី៖ កម្ពុជាកំពុងរៀបចំឯកសារស្នើសុំចុះបញ្ជីសង្ក្រាន្តឆ្នាំថ្មី ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
-
ព័ត៌មាន3 days ago
សម្តេចធិបតី ណែនាំឱ្យរក្សាទុកគ្រូកិច្ចសន្យាដែលមានគុណវុឌ្ឍិ សម្រាប់បំពេញការកង្វះខាតគ្រូបង្រៀន
-
ព័ត៌មាន3 days ago
និស្សិតអាហារូបករណ៍ អ.ម.ត ២៩ រូប សិក្សានៅវិទ្យាស្ថានវ៉ាន់ដា ទទួលជ័យលាភីបញ្ចប់ការសិក្សាដោយជោគជ័យ
-
ព័ត៌មាន1 week ago
រូបចម្លាក់រចនាបែបខ្មែរជាង១០០ នឹងត្រូវដាក់តាំងបង្ហាញនៅព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ
-
ព័ត៌មាន3 days ago
សម្តេចធិបតី ណែនាំអាជ្ញាធររាជធានីភ្នំពេញ ឱ្យរៀបចំទីតាំងអានសៀវភៅនៅតំបន់ Walk Street មុខព្រះបរមរាជវាំង
-
ព័ត៌មាន4 days ago
អ្នកនាំពាក្យក្រសួងការពារជាតិ៖ការតែងតាំងមុខតំណែងឧត្តមនាវីឯក ទៀ សុខា ជាមេបញ្ជាការកងទ័ពជើងទឹកជាការអនុលោមតាមច្បាប់សុទ្ធសាធ
-
ព័ត៌មាន3 days ago
សម្ដេចធិបតី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តមិនបម្រើឱ្យនយោបាយទេ គឺដើម្បីបង្កើតក្ដីសប្បាយរីករាយជូនពលរដ្ឋ និងទាក់ទាញទេសចរ
-
ព័ត៌មាន1 week ago
និយ័តករមូលបត្រកម្ពុជា ចងក្រងនូវទិន្នន័យស្ថិតិទីផ្សារមូលបត្រ សម្រាប់ជាប្រយោជន៍សាធារណជន