ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការទូតសភា និងកិច្ចសហប្រតិបត្តិការសភាមានតម្លៃ កាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់គោលការណ៍ គុណតម្លៃ និងបទដ្ឋានរបស់អាស៊ាន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ ជាមួយគ្នានេះ សម្តេចបានស្នើឱ្យមានការពង្រឹងឯកភាព សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ សំដៅលើកកម្ពស់អាស៊ាន ដោយយកប្រជាជនជាស្នូល។
សម្តេចប្រធានរដ្ឋសភា បានប្រសាសន៍បែបនេះ នៅក្នុងបទអន្តរាគមន៍គន្លឹះ ក្នុងកិច្ចប្រជុំពេញអង្គលើកទី១ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ នៅទីក្រុងវៀងចន្ទន៌ នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤។ សម្តេចប្រធានរដ្ឋសភាបានលើកឡើងបន្តថា អន្តរសភាអាស៊ានដើរតួនាទីកាន់តែសំខាន់ទ្វេដង ក្នុងការលើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ តាមរយៈការពង្រឹង និងរួមសហការគ្នា និងការអនុវត្តគោលការណ៍និងបទដ្ឋានសំខាន់ៗរបស់អាស៊ាន ជាពិសេសគឺ គោលការណ៍អព្យាក្រឹត, បរិយាបន្ន និងបើកចំហ នៅក្នុងបរិបទដែលសកលលោកនាពេលបច្ចុប្បន្នកំពុងប្រឈមការប្រែប្រួលយ៉ាងឆាប់រហ័ស មិនអាចស្មានទុកជាមុន និងប្រកបដោយគ្រោះថ្នាក់បំផុត ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN”។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មូលបទនៃមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ គឺមានសារៈសំខាន់ និងសមស្របតាមពេលវេលាបំផុត ដោយផ្តោតលើតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនរបស់អាស៊ានប្រកបដោយបរិយាបន្ន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានសង្កត់ធ្ងន់ថា “យើងត្រូវរក្សាការរួបរួម និងទំនាក់ទំនងគ្នាជិតស្និទ្ធ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃតំបន់និយម និងពហុភាគីនិយមប្រកបដោយភាពបើកចំហ និងបរិយាបន្ន ហើយពង្រឹងគោលការណ៍សំខាន់ៗ គុណតម្លៃរួម និងបទដ្ឋាននានាដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក និងលិខិតូបករណ៍ជាតិ និងអន្តរជាតិផ្សេងទៀត។ ការទូតសភា និងកិច្ចសហប្រតិបត្តិការសភាកាន់តែមានភាពសមស្រប ចាំបាច់ខ្លាំង ក្នុងការលើកកម្ពស់គោលការណ៍ គុណតម្លៃ និងបទដ្ឋានរបស់អាស៊ាន”។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សេដ្ឋកិច្ចអាស៊ានកំពុងត្រូវបានស្តារនិងងើបឡើងវិញបានយ៉ាងល្អ ពីជំងឺរាតត្បាតកូវីដ-១៩។ ទោះជាយ៉ាងណាក្តី យើងត្រូវបន្តពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការខិតខំប្រឹងប្រែង និងការអភិវឌ្ឍសមត្ថភាពទាំងអស់គ្នា ក្នុងការរៀបចំផែនការយុទ្ធសាស្រ្ត ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥ និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ព្រមទាំងគោលនយោបាយសេដ្ឋកិច្ចក្នុងតំបន់ផ្សេងទៀត ដើម្បីពង្រឹងការធ្វើសមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។ បន្ថែមពីនេះ យើងក៏ត្រូវគិតគូរបន្ថែមអំពី សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល បញ្ហានៃការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី ជាដើម។
ប្រធានគណៈប្រតិភូសភាកម្ពុជា បានបញ្ជាក់ថា សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល គឺជាប្រភពនៃកំណើនដ៏សំខាន់ប្រកបដោយភាពធន់ និងបរិយាបន្ន។ ចំណែក សមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចស្ត្រី គឺចាំបាច់ក្នុងការជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន។ “ដើម្បីសម្រេចនូវគោលដៅនេះ យើងត្រូវតែវិនិយោគលើការខិតខំប្រឹងប្រែង និងធនធានបន្ថែមទៀត ក្នុងការអភិវឌ្ឍគោលនយោបាយក្នុងតំបន់ និងក្របខណ្ឌច្បាប់ ដែលគាំទ្រដល់ការពង្រឹងសិទ្ធិអំណាច ស្ត្រី ជាពិសេសក្នុងបរិបទនៃបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង”។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា និយាយដោយខ្លី អាស៊ានគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងវិបុលភាពតំបន់។ “យើងចាំបាច់ត្រូវពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន លើកកម្ពស់សណ្តាប់ធ្នាប់ក្នុងតំបន់ដែលដឹកនាំដោយអាស៊ាន តាមរយៈការពង្រឹង សមាហរណកម្ម និងការតភ្ជាប់ក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅ ការលើកកម្ពស់អាស៊ាន ដែលផ្តោតលើប្រជាជនជាស្នូល”។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ជម្រាបជូនអង្គមហាសន្និបាតអាយប៉ានិងអញ្ជើញគណៈប្រតិភូសភាអន្តរជាតិ ចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ខាងមុខនេះផងដែរ។ សន្តិភាពមានតម្លៃជាកសលមិនអាចកាត់ថ្លៃបាន។នៅកម្ពុជាសម្តេចតេជោ ហ៊ុន សែនជា មគ្គុទេសក៍សន្តិភាព។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព (IPTP) ជាវេទិកាមួយដើម្បីលើកកម្ពស់កិច្ចសន្ទនាពហុភាគីស្តីពីសន្តិភាព ដែលនឹងពិភាក្សា និងអនុម័ត “ធម្មនុញ្ញសន្តិភាព៖ សម្រាប់ប្រជាជន និងភពផែនដី” ដែលជាការផ្តួចផ្តើម ដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា៕





-
ព័ត៌មាន3 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន3 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន2 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន3 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន6 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី