ព័ត៌មាន
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយបញ្ញើ
ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការនៅទូទាំងប្រទេស នូវបច្ចេកវិទ្យាកំណត់ទីតាំងប្រកបដោយការច្នៃប្រឌិតដែលមានឈ្មោះថា what3words។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រៃសណីយ៍កម្ពុជាបានចុះហត្ថលេខាលើអនុសារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន what3words ដែលជាការគូសបញ្ជាក់ពីការចាប់ផ្តើមនៃភាពជាដៃគូរបស់ភាគីទាំងពីរក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការចែកចាយបញ្ញើប្រៃសណីយ៍ទូទាំងប្រទេស។

តាមរយៈអនុសារណៈនៃការយោគយល់គ្នា ប្រៃសណីយ៍កម្ពុជាបានបង្កើតភាពជាដៃគូដ៏សំខាន់ជាមួយ what3words ដោយបាននាំយកមកនូវបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតក្នុងការកំណត់ទីតាំង ឬអាសយដ្ឋាន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពសេវាចែកចាយបញ្ញើដល់គោលដៅចុងក្រោយនៅទូទាំងប្រទេស។ ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាសដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន what3words ក្នុងការបង្កើនប្រសិទ្ធភាពសេវាកម្មចែកចាយបញ្ញើប្រៃសណីយ៍ តាមរយៈឌីជីថលភាវូបនីយកម្ម សម្រាប់សម្រួលដល់ការបញ្ជូនបញ្ញើដល់អតិថិជន។
មន្ដ្រីបានបន្ថែមថា ភាពមិនច្បាស់លាស់នៃអាសយដ្ឋាន ដូចជាលេខផ្ទះ លេខផ្លូវ តំបន់ទីក្រុង ជនបទ គឺជាបញ្ហាប្រឈមសម្រាប់ការចែកចាយបញ្ញើឱ្យដល់ទីតាំងច្បាស់លាស់ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ ការមិនអាចកំណត់ទីតាំងច្បាស់លាស់ គឺជាឧបសគ្គសម្រាប់អ្នកផ្តល់សេវាចែកចាយបញ្ញើ និងនាំឱ្យមានការថ្នាំងថ្នាក់ពីអតិថិជនដែលប្រើប្រាស់សេវា។ what3words អាចផ្តល់ជូននូវដំណោះស្រាយដែលមានភាពងាយស្រួល ដោយសារ ប្រព័ន្ធនេះបានកំណត់ទីតាំងយ៉ាងជាក់ច្បាស់ នៅក្នុងរង្វង់ផ្ទៃក្រឡា ៣x៣ មែត្រការ៉េ តាមរយៈពាក្យ ៣ ម៉ាត់ដែលអាចឱ្យយើងស្វែងរកទីតាំងអាសដ្ឋានបានយ៉ាងជាក់ច្បាស់។ បច្ចេកវិទ្យានេះ ផ្តល់នូវជម្រើសមានរហូតដល់ ៦០ ភាសា រួមមានទាំងភាសាខ្មែរផងដែរ ហើយអាចដំណើរការដោយពុំចាំបាច់មានសេវាអ៊ីនថិណិត ដែលជាលក្ខណៈពិសេសមួយសម្រាប់ការប្រើប្រាស់នៅតំបន់មានសេវាអ៊ីនធឹណិតខ្សោយ ឬមិនអាចភ្ជាប់សេវាអ៊ីនធឺណិតបាន។
ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ការដាក់បញ្ចូលប្រព័ន្ធអាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូន ដែលជួយបំពេញតម្រូវការ ដែលកំពុងកើនឡើង សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាតឱ្យប្រៃសណីយ៍អាចបម្រើអតិថិជនបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។
ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលប្រៃសណីយ៍កម្ពុជា បានបន្ថែមថា បច្ចេកវិទ្យាប្រកបដោយនវារនុវត្តរបស់ What3words បានផ្តល់នូវសក្តានុពលដ៏មានសារៈសំខាន់ក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៃចែកចាយបញ្ញើប្រៃសណីយ៍ក្នុងឱកាសការចាប់យកភាពជាដៃគូនេះ។
លោក គ្រីស ស្ហ៊ែលឌ្រីក (Chris Sheldrick) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន what3words បានលើកឡើងថា តាមរយៈកិច្ចសហការជាមួយនឹងក្រុមការងាររបស់ប្រៃសណីយ៍កម្ពុជា បច្ចេកវិទ្យានេះនឹងត្រូវបានណែនាំទៅដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ដើម្បីទទួលបានសេវាប្រៃសណីយ៍ជាមួយនឹងបទពិសោធន៍ថ្មី និងការធ្វើឱ្យប្រសើរឡើងនូវការចែកចាយបញ្ញើប្រកបដោយប្រសិទ្ធភាព។ what3words កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយមនុស្សរាប់លាននាក់នៅទូទាំងពិភពលោក រួមមានស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋានសម្រាប់ការងារប្រចាំថ្ងៃដូចជា ការឆ្លើយតបយ៉ាងឆាប់រហ័សសម្រាប់គ្រាមានអាសន្ន ឧប្បត្តិហេតុផ្សេងៗ តាមរយៈការទទួលបានទីតាំងច្បាស់លាស់ ដើម្បីទៅកាន់ទីកន្លែងដែលរងគ្រោះអាសន្ន ឬកន្លែងដែលមានឧប្បត្តិហេតុកើតឡើង។
បច្ចេកវិទ្យានេះត្រូវបានប្រើប្រាស់ដោយប្រៃសណីយ៍ម៉ុងហ្គោលី នៅឆ្នាំ២០១៦ និងប្រៃសណីយ៍វៀតណាម នៅឆ្នាំ២០២៣ DHL, 7-Eleven, Lotte Mart, Emart Mongolia និង Domino’s Pizza ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងអាសយដ្ឋានរបស់អតិថិជន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា





-
PR NEWS1 week agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!
-
PR NEWS2 days agoកម្មវិធីប្រកួតប្រដាល់ពិសេសរបស់ គូបូតា ឆ្នាំ 2026 បាននាំមកនូវរាត្រីដែលពោរពេញទៅដោយថាមពលដ៏ខ្លាំងក្លា
-
ព័ត៌មាន1 week agoកម្មករនិយោជិតបម្រើការងារផ្គុំ និងដំឡើងរថយន្តនៅក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង ប្រមាណជិត ៨០% ជាអតីតសិស្សបញ្ចប់ការសិក្សាពីគ្រឹះស្ថាន TVET
-
កីឡា1 week agoកម្ពុជាទទួលបានការគាំទ្រឱ្យធ្វើជាម្ចាស់ផ្ទះកីឡាតេក្វាន់ដូអាយ-ធីអែហ្វជើងឯកអាស៊ី២០២៨
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្សព្វផ្សាយរបាយការណ៍ស្រាវជ្រាវចំនួន ៣ សម្រាប់ជាមូលដ្ឋានក្នុងការវិភាគស៊ីជម្រៅពីស្ថានភាពទីផ្សារការងារ តម្រូវការកម្លាំងពលកម្ម និងនិន្នាការនៃការផ្លាស់ប្តូររចនាសម្ព័ន្ធទីផ្សារការងារកម្ពុជាក្នុងឆ្នាំ២០២៦
-
ព័ត៌មាន5 days agoNEA និង គម្រោង AVT-GERMANY រៀបចំសិក្ខាសាលាផ្តល់ចំណេះដឹងដល់មន្ត្រី លើជំនាញវិស័យមេកានិចយានយន្ត និងអគ្គិសនី
-
ព័ត៌មាន5 days agoអ្នកនាំពាក្យក្រសួងព័ត៌មាន អំពាវនាវឱ្យយុវជននៅសមរភូមិក្រោយ បង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ និងភាពម្ចាស់ការដើម្បីទប់ទល់នឹងសង្គ្រាមសតិអារម្មណ៍
-
ព័ត៌មាន7 days agoមន្ត្រីជាន់ខ្ពស់ការបរទេស៖ ការបង្កើតស្ថានកុងស៊ុលកិត្តិយសស្រីលង្កា គឺជាជំហានថ្មីមួយទៀតក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងស្រីលង្កា