ព័ត៌មាន
ជនជាប់ចោទ៣នាក់ ត្រូវបានប្រកាសសាលក្រមផ្តន្ទាទោសជាប់ពន្ធនាគារពី៣ទៅ៤ឆ្នាំ និងពិន័យប្រាក់ពី៦ទៅ១០លានរៀល
កំពង់ឆ្នាំង៖ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានអោយដឹងថា ជនជាប់ចោទ៣នាក់ត្រូវបានចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកំពង់ឆ្នាំង ប្រកាសសាលក្រមព្រហ្មទណ្ឌលេខ៨០ ឆ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទ២នាក់ដាក់ពន្ធនាគារចំនួន៤ឆ្នាំ ពិន័យជាប្រាក់១០លានរៀល និងម្នាក់ទៀតផ្តន្ទាទោស៣ឆ្នាំ ពិន័យជាប្រាក់៦លានរៀល។
លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំងបានបន្តថា៖ នៅថ្ងៃនេះ សាលាដំបូងខេត្តកំពង់ឆ្នាំង បានប្រកាសសាលក្រមលើជនជាប់ចោទទាំង៣នាក់ ក្នុងបទបំផ្លាញ, គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក និងអំពើសមគំនិត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីអោយជាប់ចោទផងដែរ។
ក្នុងនោះជនជាប់ចោទ២រូប (១រូបជាអាជីវករ និង១រូបទៀតជាប្រធានការិយាល័យប្រជាពរ្ស្រុកំពង់លែង) ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួន៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន១០លានរៀល ពីបទ បំផ្លាញ, គៃបំបាត់ និងកាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក ប្រព្រឹត្តិនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីកំឡុងខែមីនា ឆ្នាំ២០២៤ តាមមាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ចំណុច១នៃច្បាប់ស្តីពីជលផល។ រីឯជនជាប់ចោទ១រូបទៀត ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន៦លានរៀល ក្នុងអំពើសមគំនិតពីបទបំផ្លាញ, គៃបំបាត់កាប់ឆ្ការគាស់រានឈូសឆាយដីព្រៃលិចទឹក ប្រព្រឹត្តិនៅចំណុចតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីអំឡុងខែមីនា ឆ្នាំ២០២៤ តាមមាត្រា៩៩ មាត្រា៦០៨ នៃក្រមព្រហ្មទណ្ឌ មាត្រា៣២នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ចំណុច១នៃច្បាប់ស្តីពីជលផល។ ចំពោះវត្ថុចាប់យកមួយចំនួន ត្រូវបានតុលាការសម្រេចរឹបអូស និងមួយចំនួនទៀតត្រូវបានប្រគល់អោយម្ចាស់ដើមវិញ ។
កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕ កាំង ហុងវាស្នា












-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំ UN ស្នើអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សបន្តយកចិត្តទុកដាក់ចំពោះប្រជាជនភៀសសឹកកម្ពុជា និងការវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ