ព័ត៌មាន
ប្រធានរដ្ឋសភាតួកគី៖ សម្តេចតេជោគឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិក នៃកម្ពុជាទំនើបបច្ចុប្បន្ន
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភា តួកគី នៅវិមានរដ្ឋសភា រដ្ឋធានីអង់ការ៉ា។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម ប្រធានសភា បានសម្តែងក្តីរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅតួកគីយេ។ ឯកឧត្តម បានចាត់ទុក សម្តេចតេជោ គឺជាឥស្សរជននយោបាយដ៏សំខាន់បំផុត និងស្ថាបនិកនៃកម្ពុជាទំនើបបច្ចុប្បន្ន ហើយបានគូសបញ្ជាក់ថា ទស្សនកិច្ចរបស់សម្តេចតេជោ មានសារៈសំខាន់ពិសេស ខណៈពេលដែលប្រទេសកម្ពុជា និងតួកគី ប្រារព្ធខួបលើកទី៦៥ នៃទំនាក់ទំនងកាទូត។
ឯកឧត្តម បានបន្តថា សកលលោក កំពុងចូលក្នុងយុគសម័យថ្មី ដែលគេសម្គាល់ថា មានការផ្លាស់ប្តូរលឿន និងបង្កើតតុល្យភាពថ្មី។ ក្នុងបរិបទនេះ តួកគី ផ្តល់សារៈសំខាន់ពិសេស ដល់ទ្វីបអាស៊ី ដែលក្នុងនោះ មានកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមប្រធានសភា បានលើកឡើងថា តួកគី នឹងបន្តកសាងស្ពានសហប្រតិបត្តិការថ្មីៗទៀតជាមួយកម្ពុជា។ តួកគីយេបានបើកមជ្ឈមណ្ឌលវប្បធម៌នៅទីក្រុងភ្នំពេញ ហើយ ដោយសហការជាមួយទីភ្នាក់ងារជំនួយអភិវឌ្ឍន៍តួកគី (TIKA) បានចុះហត្ថលេខាខាងវិស័យអប់រំ សិក្សាធិការ។ ជាក់ស្តែង និស្សិតកម្ពុជា ២៥ នាក់កំពុងសិក្សានៅតួកគីហើយសង្ឃឹមថានឹងមានច្រើនទៀតនៅពេលអនាគត។
ឯកឧត្តមបន្ថែមថា កម្ពុជាមានសក្តានុពលធំធេងខាងវិស័យពាណិជ្ជកម្ម ក៏ប៉ុន្តែទំហំនៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ ៣៥០ លានដុល្លារនៅឆ្នាំ២០២៤ លើផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារ។ ឯកឧត្តម បានបន្តថា ទស្សនកិច្ចរបស់ សម្តេចតេជោ នាពេលនេះសំខាន់ណាស់សម្រាប់កសាងទំនាក់ទំនងអន្តរសភាទ្វេភាគី និងពហុភាគី ដែលក្នុងនោះ មានសន្និបាតអន្តរសភាអាស៊ាន (IPA) ផងដែរ។
នាឱកាសនោះសម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានសភាតួកគីយេ ចំពោះការអញ្ជើញ និងស្វាគម៍យ៉ាងកក់ក្តៅ ព្រមទាំង ការលើកឡើងយ៉ាងស៊ីជម្រៅអំពីទំនាក់ទំនង រវាងប្រទេសទាំងពីរ។ សម្តេច បានលើកឡើងថា ទស្សនកិច្ចរបស់សម្តេច នាពេលនេះ ចំពេល នៃខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ និងបន្ទាប់ពី តួកគីយេ និងកម្ពុជា បានដាក់ស្ថានទូតទៅវិញទៅមក។
សម្តេចតេជោ បានអរគុណ ឯកឧត្តមប្រធានសភា ដែលបានលើកសរសើរគុណសម្បត្តិដឹកនាំរបស់សម្តេចយ៉ាងខ្លាំង។ ក្នុងឋានៈជាប្រធានព្រឹទ្ធសភាថ្មី សម្តេចនឹងបន្តធ្វើអ្វីៗទាំងអស់ ដើម្បីកម្ពុជាបន្តរក្សាបាននូវសន្តិភាព និង ស្ថិរភាពយូរអង។ សម្តេចតេជោបានអរគុណតួកគីងដែរ ដែលបានបញ្ជូនអនុប្រធានគណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍តួកគី ទទួលបន្ទុកកិច្ចការបរទេស (AKP) ទៅចូលរួមមហាសន្និបាត ICAPP លើកទី១២ នៅទីក្រុងភ្នំពេញ កាលពីខែវិច្ឆិកា កន្លងទៅនេះ។
សម្តេចតេជោ បានគូសបញ្ជាក់ថា សម្តេច ជាអ្នកផ្តល់សម្ទុះដល់ទំនាក់ទំនងទ្វេភាគីជាមួយតួកគី។ នៅក្នុងពេលបំពេញទស្សនកិច្ចការងារនៅតួកគីឆ្នាំ២០១៨ សម្តេចតេជោ និងប្រធានាធិបតី Erdoğan បានដាក់ផែនការសម្រេចឱ្យបាន១ពាន់លានដុល្លារក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មទៅវិញទៅមក។
សម្ទុះកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ នៅមិនទាន់ខិតជិតដល់គោលដៅនៅឡើយ។ អាស្រ័យហេតុនេះ ទស្សនកិច្ចរបស់សម្តេច និងកិច្ចប្រឹងប្រែងរួម របស់គណបក្សដឹកនាំប្រទេសទាំងពីរ នឹងជំរុញផែនការនេះឱ្យបានសម្រេច ដោយផ្តល់អាទិភាពលើកាលានុវត្តន៍ភាពសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ។ សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានប្តូរយោបល់ និងទស្សនៈវិភាគលើបញ្ហាតំបន់ និងអន្តរជាតិ។ ភាគីទាំងពីរ បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការគោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសនានាក្នុងសកលលោក។
សម្តេចតេជោ គាំទ្រតួនាទីសំខាន់របស់តួកគីយេ ជាអ្នកសម្របសម្រួលនៅក្នុងកិច្ចការអន្តរជាតិ ហើយសម្តេច គូសបញ្ជាក់ថា «មិនអាចយកសង្គ្រាម បញ្ចប់សង្គ្រាមបានទេ មានតែកិច្ចសន្ទនា និងការចរចា»។ ភាគីទាំងពីរបានឯកភាពគ្នា មិនគាំទ្រទណ្ឌកម្មជាឯកតោភាគី។ សម្តេចបានលើកទឹកចិត្តឱ្យតួកគីសម្លឹងបែរទៅទិសខាងកើត ពោលគឺ ទ្វីបអាស៊ី ហើយកម្ពុជា នឹងសម្របសម្រួលជាមួយបណ្តាប្រទេសអាស៊ាន ដើម្បីឱ្យតួកគីក្លាយជាដៃគូសន្ទនាពេញសិទ្ធិរបស់អាស៊ាន។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោបានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
ឯកឧត្តមប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការលើកឡើងរបស់សម្តេចតេជោ និងសូមអរគុណ និងទទួលដោយក្តីរីករាយ នូវការអញ្ជើញរបស់សម្តេចតេជោ និងរកពេលវេលាជាក់ស្តែង ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា៕
-
ព័ត៌មាន7 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ