ព័ត៌មាន
រដ្ឋមន្រ្តីសុខាភិបាល ណែនាំដល់មន្រ្តីក្រោមឱវាទ«ត្រូវបន្តពង្រឹងការផ្តល់សេវាសង្រ្គោះនៅកន្លែងឱ្យកាន់ តែរឹងមាំ និងបង្កើនមធ្យោបាយនៃសេវាបញ្ជូនអ្នកជំងឺឱ្យកាន់តែល្អប្រសើរ»
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយលោកស្រី MIYOSHI Asagi ទីប្រឹក្សាអមស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក SUZUKI Mudai តំណាងអង្គការ JICA នៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលរថយន្តគិលានសង្គ្រោះ ចំនួន១៤គ្រឿង ដែលជាជំនួយឥតសំណងពីមូលនិធិប្រទេសជប៉ុនសម្រាប់វិបុលភាពនិងភាពធន់ (Japan Fund for Prosperous and Resilient: JFPR) ក្រោមគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់ទន្លេមេគង្គ-ហិរញ្ញប្បទានបន្ថែម ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការ ADB និងរាជរដ្ឋាភិបាលកម្ពុជា ដល់មន្ទីរពេទ្យបង្អែកខេត្តចំនួន១៤ រួមមាន៖ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ព្រៃវែង កំពត កែប ស្ទឹងត្រែង កំពង់ធំ កុងពោធិសាត់ ប៉ៃលិន ឧត្តរមានជ័យ កណ្តាល និងខេត្តត្បូងឃ្មុំ, នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ពីវឌ្ឍនភាពនៃគម្រោង ដែលបានរួមចំណែកជាសារវ័ន្តដល់កិច្ចប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាព និងភាពធន់នៃប្រព័ន្ធសុខាភិបាល រួមទាំងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីត្រៀម និងឆ្លើយតបទាន់ពេល ប្រកបដោយប្រសិទ្ធភាពចំពោះគ្រប់ទម្រង់ នៃវិបត្តិសុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានបញ្ជាក់ផងដែរពីការអនុវត្តអាទិភាពផ្តោតលើ ១. ការកែលម្អគុណភាពសេវា ២. ការលើកកម្ពស់សមត្ថភាពផ្តល់សេវាសង្គ្រោះបឋម សេវាសង្គ្រោះបន្ទាន់ និងសេវាវះកាត់ ៣. ការពង្រីកសេវាជំងឺមិនឆ្លង និង៤. ការផ្តល់សេវា២៤ម៉ោង លើ២៤ម៉ោងនៅមណ្ឌលសុខភាព។
ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ ដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ទូទាំងប្រទេស (តាមរយៈមន្ទីរសុខាភិបាលខេត្តទាំង១៤ ជាប់ព្រំដែន ដែលបានទទួលរថយន្តគិលានសង្រ្គោះនាពេលនេះ) ត្រូវយកចិត្តទុកដាក់លើចំណុចសំខាន់ៗ ៖ ១. រក្សាភាពបុរេសកម្ម និងសកម្ម នៃប្រព័ន្ធអង្កេតតាមដានជំងឺឆ្លង និងហានិភ័យសុខភាពសាធារណៈដ៏ទៃ និងធ្វើការឆ្លើយតបទាន់ពេលនិងមានប្រសិទ្ធភាពខ្ពស់ និងបន្តពង្រឹងវិធានចត្តាឡីស័កតាមច្រកព្រំដែនអន្តរជាតិ គឺត្រូវត្រៀមការពារ និងទប់ស្កាត់ហេតុការណ៍ហានិភ័យនានាជាមុន។
២. បន្តលើកកម្ពស់ការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងសុវត្ថិភាព គឺត្រូវយកចិត្តទុកដាក់លើសម្ភារបរិក្ខារពេទ្យ ឱសថ និងធនធានមនុស្ស។
៣. រក្សាទំនាក់ទំនងប្រកបដោយទំនុកចិត្ត រវាងគ្រូពេទ្យ បុគ្គលិកសុខាភិបាល និងប្រជាជនមូលដ្ឋាន គឺត្រូវផ្តល់ភាពផ្សភ្ជាប់រវាងអ្នកជំងឺ/ប្រជាជនតាមរយៈការគោរព និងផ្តល់តម្លៃដែលជាប្រពៃណីដ៏ល្អបស់កម្ពុជា។
៤. យកចិត្តទុកដាក់លើការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំរថយន្តគិលានសង្គ្រោះឱ្យស្ថិតក្នុងស្ថានភាពអាចចេញប្រតិបត្តិការបានគ្រប់ពេល គឺត្រូវបណ្តុះបណ្តាលមន្រ្តី បុគ្គលិកឱ្យល្អ មានឧបករណ៍គ្រប់គ្រាន់អាចប្រើប្រាស់បាន ថែរក្សា ត្រួតពិនិត្យឱ្យបានជាប្រចាំធានាការប្រើប្រាស់បានយូរ បន្ថែមលើនេះក៏ត្រូវត្រៀមលក្ខណៈសមស្របនៅមន្ទីរពេទ្យដើម្បីត្រៀមសង្រ្គោះអ្នកជំងឺឱ្យបានសមស្រប។
៥. ពង្រឹងការគ្រប់គ្រង ការប្រើប្រាស់ និងការថែទាំសម្ភារៈ ឧបករណ៍ពេទ្យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងមធ្យោបាយដឹកជញ្ជូនឱ្យបានល្អ ដើម្បីផលប្រយោជន៍នៃការប្រើប្រាស់យូរអង្វែងផងនិងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសុខាភិបាលអន្តរាគមន៍សុខភាពសាធារណៈ។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះតួអង្គពាក់ព័ន្ធ ដែលបានសហការ និងការគាំទ្រដល់ក្រសួងសុខាភិបាល ក្នុងការរៀបចំ និងការអនុវត្តគម្រោងនានា និងបានសម្តែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់មូលនិធិឥតសំណងនៅក្នុងគម្រោងខាងលើ ក៏ដូចជាគម្រោងដ៏ទៃទៀត ដែលបាន និងកំពុងអនុវត្តក្នុងវិស័យសុខាភិបាល នៅក្នុងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ជប៉ុន។
ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមក្រសួងសុខាភិបាល នឹងបន្តលើកកម្ពស់កិច្ចសហការជាមួយ ADB ក្នុងការអនុវត្តគម្រោងទប់ស្កាត់ និងបង្ការជំងឺឆ្លងក្នុងមហាអនុតំបន់មេគង្គ និងហិរញ្ញប្បទានបន្ថែម គម្រោងសុខភាពតាមព្រំដែនក្នុងមហាអនុតំបន់មេគង្គ និងគម្រោងគាំទ្រការចាក់វ៉ាក់សាំងកូវីដ-១៩ បន្ទាន់នៅកម្ពុជា ដែលកំពុងត្រូវបានកែសម្រួលឱ្យទៅជាគម្រោងអភិវឌ្ឍហេដ្ឋារចនាសម័ន្ធសុខាភិបាល ដែលឆ្លើយតបទៅនឹងសកម្មភាពនៃផែនការអាទិភាព៕
អត្ថបទ រដ្ឋា

























-
ព័ត៌មាន1 day agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ