ព័ត៌មាន
សម្តេចតេជោ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម មានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
នៅល្ងាច ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែលសម្តេចបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម។ ឯកឧត្តម បានជឿជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេច នាពេលនេះ នឹងពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម បានលើកឡើងថា ឯកឧត្តម ដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ ឯកឧត្តម សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងើម្បីសន្តិភាពជូនកម្ពុជា។
ឯកឧត្តម បន្តថា ប្រទេសយើងទាំងពីរបានចុះកិច្ចព្រមព្រៀងពាណិជកម្មសេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ រដ្ឋសភាអេមីរ៉ាតអារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។ ជាក់ស្តែង រដ្ឋសភារបស់ឯកឧត្តម បានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាតអារ៉ាប់រួម និងកម្ពុជា។ ឯកឧត្តមបានស្នើថា ប្រសិនជាសម្តេចតេជា ឯកភាព រដ្ឋសភារបស់ឯកឧត្តម អាចរៀបចំ និង ចុះហត្ថលេខាលើ MoU ជាមួយកម្ពុជា។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តប្រធានសភា ចំពោះការអញ្ជើញ និង បដិសណ្ឋាកិច្ច សម្តេច និង គណៈប្រតិភូ យ៉ាងកក់ក្តៅ។ សម្តេច បានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។
សម្តេច ក៏បានអរគុណ ឯកឧត្តមប្រធានសភា ផងដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទងនឹងអតីតកាល ប្រវត្តិ និង ការលំបាកដែលបានឆ្លងកាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។ សម្តេច បានបន្ថែមថា ការចាកចេញរបស់សម្តេច ពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេណកាន់អំណាច គឺជាការលះបង់របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។
សម្តេច បានវាយតម្លៃខ្ពស់ និង អរគុណចំពោះតួនាទីសកម្មរបស់សភាអេមីរ៉ាតអារ៉ាប់រួម នៅក្នុងភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកា កន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័ត ធម្មនុញ្ញសន្តិភាពសកល ដើម្បីប្រជាជន និងភពផែនដី។
សម្តេចតេជោ សម្ដែងនូវក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។ សម្តេចបានបន្តថា កម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង មានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
សម្តេចតេជោ បានរលឹកថា នៅក្នុងពេលចុះហត្ថលេខា FTA សម្តេចតេជោ ពេលនោះជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ជាពិសេស អង្ករ គ្រាប់ស្វាយចនទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។ ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេចតេជោ យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការមានដៃគូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិភាពឱ្យរឹងមាំ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និង អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់ និងអន្តរជាតិ។ ទន្ទឹងនឹងពេលដែលសហភាពអឺរ៉ុប (EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាងGCC និង អាស៊ាន មានភាពងាយស្រួល ដោយសារគ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិក GCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើការងារនេះ។
សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។
ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាអេមីរ៉ាតអារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របខាងមុខ៕








-
ព័ត៌មាន24 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ