ព័ត៌មាន
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ ប្រៃហ្គេត អែល វ៉កឃឺរ ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ ចូលជួបសម្ដែងការគួរសម
ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។
នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានបសម្តែងការគួរសម។ ោកជំទាវ បានចូលរួមរំលែកមរណទុក្ខ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា នាពេលកន្លងមក។
លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និង កិច្ចសហ ប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។ ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំកម្ពុជានាពេលជំនួបនេះ លោកជំទាវ សង្ឃឹមនិងចង់ឃើញទំនាក់ទំនងប្រទេសយើងទាំងពីរកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនឯកឧត្តម ដូណាល់ ត្រាំ។
ទន្ទឹមនឹងគ្នានេះដែរ លោកជំទាវ ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និង សេដ្ឋកិច្ច នៅកម្ពុជា និង នៅក្នុងតំបន់។
ដោយកម្ពុជាជាប្រទេសសម្របសម្រួល នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកជំទាវ សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជា នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជា បញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។
លោកជំទាវក៏បាន ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុឆាបឆេះនៅតំបន់នានាើពិភពលោក ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេច ពិតជាទទួលស្គាល់ថា ប្រទេសយើងទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត ។
សម្តេចតេជោ បានបន្ត ថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសយើងទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសយើងទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។
សម្តេចតេជោ បានបន្តថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។
ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និង បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។
សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកជំទាវ Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធលកន្លងមក។លោកជំទាវ បានម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយសមោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លូវថ្មីៗបន្ថែមទៀត ដើម្បីបង្កើនវឌ្ឍនភាពសេដ្ឋកិច្ច។ លោកជំទាវ បានសម្តែងនូវសេចក្តីសង្ឃឹមខ្ពស់ផងដែរ ដោយចង់ឃើញទំនាក់ទំនងនៃប្រទេសយើងទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះ គឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី។
នៅចុងបញ្ចប់ សម្តេចតេជោ ជូនពរលោកជំទាវ Bridgette L. Walker និងសហការី ទទួលបានជោគជ័យក្នុងភារកិច្ច និងទន្ទឹងរង់ចាំកិច្ចសហប្រតិបត្តិការល្អនៃប្រទេសយើងទាំងពីរ៕










-
ព័ត៌មាន21 hours agoមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនអេកូឆ្លុះក្នុងសរសៃឈាមបេះដូង-IVUS
-
PR NEWS1 week agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា1 week agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
PR NEWS2 days agoកាន់តែកក្រើកមហាព្រឹត្តិការណ៍ សង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃ!
-
កីឡា1 week agoសហព័ន្ធវាយកូនបាល់ត្រៀមប្រកួតជើងឯកជាតិស្វែងរកធនធានឆ្នើមៗត្រៀមការប្រកួតកម្រិតអន្តរជាតិ
-
ព័ត៌មាន6 days agoក្រសួងវប្បធម៌កម្ពុជា ប្រកាសការពារបេតិកភណ្ឌវប្បធម៌ខ្មែរ និងឆ្លើយតបចំពោះការផ្សព្វផ្សាយលើបណ្តាញសង្គមរបស់ប្រទេសថៃពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី និងវប្បធម៌ខ្មែរ
-
ព័ត៌មាន7 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលមានឆន្ទៈប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត
-
ព័ត៌មាន6 days agoសម្តេចធិបតី សម្រេចបង្កើតកំពង់ផែកំពតឡូជីស្ទីកលើផ្ទៃដីជាង ៧០០ ហិកតា មានសមត្ថភាពផ្តល់សេវាកម្មសម្រាប់ទំនិញឆ្លងកាត់បីលានតោនក្នុង១ឆ្នាំ