ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន៖វត្តមាននាវាចម្បាំងអាមេរិកនៅកម្ពុជាបង្ហាញពីទំនាក់ទំនងល្អនៅក្នុងវិស័យការពារជាតិប្រទេសទាំងពីរ
ភ្នំពេញ៖នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកជំទាវ ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវក្តីរីករាយជួប លោកជំទាវ Bridgette L. Walker ភារធារីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងសហការីនាពេលនេះ។ សម្តេចតេជោ បានមានប្រសាសន៍ថា បន្ទាប់ពីកាន់កាប់មុខតំណែងនៅក្នុងអំណាចនីតិប្រតិបត្តិ អស់រយៈពេល ៤៥ឆ្នាំ បច្ចុប្បន្នក្នុងតំណែងជាប្រធានព្រឹទ្ធសភា សម្តេចតេជោ បានដាក់ចេញអាទិភាពពីរគឺ ការទូតសភា ដែលសំដៅរួមចំណែកកសាងមិត្តជាមួយនឹងរាជរដ្ឋាភិបាល និងគណនេយ្យភាពនៃព្រឹទ្ធសភានៅចំពោះមុខអង្គបោះឆ្នោត។
នាឱកាសនោះ លោកជំទាវ Bridgette L. Walker បានសម្តែងនូវអំណរអរគុណចំពោះសម្តេចតេជោ នៅក្នុងតំណែងថ្មីជាប្រធានព្រឹទ្ធសភា ដែលបានផ្តល់ឱកាសឱ្យលោកជំទាវ និងសហការី បានចូលជួបសម្តែងការគួរសម។ លោកជំទាវ បានចូលរួមរំលែកមរទក្ ចំពោះការបាត់បង់ឯកឧត្តមនាយឧត្តមសេនីយ៍ ឈិន ច័ន្ទពណ៌ ដែលបានសហការយ៉ាងជិតស្និតជាមួយនឹងកិច្ចសហប្រតិបត្តិការអាមេរិកនៅកម្ពុជា នាពេលកន្លងមក។
លោកជំទាវ បានជម្រាបជូន សម្តេចតេជោ ថា ក្រោយដំណើរទស្សនកិច្ចរបស់ ឯកឧត្តម Lloyd Austin រដ្ឋមន្រ្តីការពារជាតិអាមេរិកនៅកម្ពុជា វត្តមាននៃនាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH លើកដំបូងនៅកម្ពុជាម្សិលមិញ នៅក្នុងរយៈពេល៨ឆ្នាំ ចុងក្រោយនេះ សបញ្ជាក់ឱ្យឃើញពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសយើងទាំងពីរ លើវិស័យយោធា ក៏ដូចជានៅក្នុងវិស័យនានាផ្សេងៗទៀត រួមមាន សុខាភិបាល អប់រំ ការដោះមីន ជាដើម។ ជាមួយនឹងវត្តមានរបស់លោកស្រីនាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ប្រចាំកម្ពុជានាពេលជំនួបនេះ លោកជំទាវ សង្ឃឹមនិងចង់ឃើញទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានភាពខ្ពង់ខ្ពស់ ដូចដែលបានលើកឡើងនៅក្នុងសារអបអរសាទររបស់ សម្តេចតេជោ ផ្ញើជូនឯកឧត្តម ដូណាល់ ត្រាំ។
ទន្ទឹមនឹងគ្នានេះដែរលោកជំទាវ ក៏បានចែករំលែកនូវការព្រួយបារម្ភអំពីបទល្មើសឆបោកអនឡាញ ដែលជះឥទ្ធិពលមិនល្អដល់បរិយាកាសវិនិយោគ និងសេដ្ឋកិច្ច នៅកម្ពុជា និងនៅក្នុងតំបន់។
ដោយកម្ពុជាជាប្រទេសសម្របសម្រួលនៃកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក ចាប់ពីឆ្នាំនេះទៅ លោកជំទាវ សង្ឃឹម សហរដ្ឋអាមេរិក និងកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើប្រធានបទកិច្ចសហប្រតិបត្តិការសំខាន់ ដូចជាបញ្ញាសិប្បនិម្មិត (AI) សន្តិសុខអ៊ីនធឺណែត (Cyber Security) ថាមពលស្អាត (Clean energy) … ដើម្បីទទួលបាននូវការគាំទ្រយ៉ាងខ្លាំងក្លាពីប្រទេសពាក់ព័ន្ធទាំងអស់។
លោកជំទាវក៏បាន ស្នើសុំសម្តេចតេជោ ចែករំលែកបទពិសោធកម្ពុជាក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ក្នុងខណៈដែលសង្រ្គាមកំពុងឆាបឆេះនៅតំបន់នានាលើពិភពលោក ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងំណរគុណ ចំពោះពាក្យពេចន៍ដ៏ល្អរបស់លោកជំទាវ Bridgette L. Walker និងបានគូសបញ្ជាក់ថា សម្តេច ពិតជាទទួលស្គាល់ថា ប្រទេសទាំងពីរ មានទំនាក់ទំនងយូរអង្វែង ដោយសហរដ្ឋអាមេរិកបានភ្ជាប់ទំនាក់ទំនងការទូតជាមួយកម្ពុជា មុនកម្ពុជាទទួលបានឯករាជ្យពេញលេញទៅទៀត ។
សម្តេចតេជោ បានបន្ត ថា វត្តមាន នាវាចម្បាំងសហរដ្ឋអាមេរិក USS SAVANNAH នៅកម្ពុជា បង្ហាញពីទំនាក់ទំនងល្អ នៅក្នុងវិស័យការពារជាតិ និងកងទ័ព បន្ទាប់ពីមេបញ្ជាការកងទ័ពកម្ពុជាបានទៅប្រជុំនៅរដ្ឋហាវ៉ែ ហើយជាការបង្កើនទំនុកចិត្ត បន្ថែមលើកិច្ចសហប្រតិបត្តិការផ្សេងៗទៀតដែលមានស្រាប់ និងតាមរយៈសកម្មភាពនានារបស់ USAID ផងដែរ។ ជាមួយនឹងការវិលត្រលប់នៃរដ្ឋបាលឯកឧត្តម ដូណាល់ ត្រាំ នាពេលខាងមុខ សម្តេចតេជោ បានថ្លែងនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនៃប្រទេសយើងទាំងពីរ កាន់តែត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត។
សម្តេចតេជោ បានលើកឡើងថា រឿងចាស់គឺជាបទពិសោធ ក្នុងការរៀបចំឥរិយាបថសម្រាប់ទំនាក់ទំនងនៃអនាគតរបស់ប្រទេសទាំងពីរជាពិសេស ក្នុងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ និងការពិនិត្យចំណុចអាទិភាពនៃកិច្ចសហប្រតិបត្តិការផ្សេងៗទៀត រួមទាំងវិស័យសេដ្ឋកិច្ចនិងការវិនិយោគផងដែរ។
សម្តេចតេជោបន្តថា បទល្មើសអនឡាញមានទម្រង់និងលក្ខណៈស្មុគស្មាញ និងបំលាស់ទីពីប្រទេសមួយទៅប្រទេសមួយ ដែលនេះ ទាមទារការយកចិត្តទុកដាក់ និងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីទប់ស្កាត់បទល្មើសនេះ។ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានពង្រីកការយកចិត្តទុកដាក់ វិសាលភាព និងពង្រឹងយន្តការទប់ស្កាត់បន្ថែមលើបទល្មើសអនឡាញនេះ។
ក្នុងឋានៈជាប្រទេសសម្របសម្រួលកិច្ចសហប្រតិបត្តិការ អាស៊ាន-អាមេរិក សម្តេចតេជោ បានចែករំលែកបទពិសោធជាច្រើនរបស់កម្ពុជា នៅក្នុងអាស៊ាន និងជាមួយដៃគូសន្ទនារបស់អាស៊ាន និង បានសម្តែងនូវក្តីសង្ឃឹមថា ថ្នាក់ដឹកនាំអាមេរិក នឹងចូលរួមដើរតួនាទីយ៉ាងសកម្មបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូ អាស៊ាន-អាមេរិក។
សម្តេចតេជោក៏បានចែករំលែកបទពិសោធដែលជាធាតុចូលសំខាន់ក្នុងការដោះស្រាយវិវាទតំបន់ដែលកំពុងកើតឡើង ដោយ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាតែងតែអនុវត្តគោលការណ៍ច្បាប់អន្តរជាតិ និង សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
លោកជំទាវ Bridgette L. Walker បានសម្តែងនូវការគាំទ្រប្រសាសន៍សម្តេចតេជោ និងប្តេជ្ញារៀនសូត្រអំពីបទពិសោធន៍នាពេលកន្លងមក។ លោកជំទាវបានសម្តែងនូវក្តីសង្ឃឹមថា កិច្ចសហការដោយស្មោះត្រង់រវាងគ្នា និងបើកចំហដល់ការស្វែងរកផ្លវថ្មីន្ថែមទៀតដើម្បីបង្កើនវឌ្ឍនភាពេដ្ឋកិច្ច។ លោកជំទាវ បានសម្តែងនូវសេចក្តីសង្ឃឹមខ្ពស់ផងដែរដោយចង់ឃើញទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែល្អប្រសើរ ដើម្បីចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលជួបប្រទះម្តងម្កាល និងការគ្រប់គ្រងសមរភូមិថ្មី តាមរយៈការសន្ទនាគ្នា ដែលនេះគឺមូលដ្ឋានគ្រឹះដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី៕




-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីប្រគល់-ទទួលអំណោយពី សមាគមឧកញ៉ាកម្ពុជា ប្រគល់ជូនកាកបាទក្រហមកម្ពុជា
-
ព័ត៌មាន6 days agoអាវុធហត្ថរាជធានីបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិក សម្រាប់ជក់សារធាតុគីមី ចាប់យកវត្ថុតាងជាង ៣០ម៉ឺនគ្រឿង
-
ព័ត៌មាន5 days agoឃាត់ខ្លួនជនបរទេស ៧៥នាក់ សង្ស័យលួចប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅរាជធានីភ្នំពេញ
-
ព័ត៌មាន1 week agoស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិនិត្យជំងឺដោយឥតគិតថ្លៃដល់ពលរដ្ឋខ្មែរនៅកូរ៉េ
-
ព័ត៌មាន3 days agoខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានលែងត្រីរាជទម្ងន់ជាង ៧០គីឡូក្រាម ចូលទន្លេមេគង្គ ក្រោយទទួលបានពីប្រជានេសាទ
-
ព័ត៌មាន3 days agoរដ្ឋាភិបាលសម្រេចយកចុងសប្ដាហ៍នៃដើមខែមិថុនា ឆ្នាំ២០២៧ ជាថ្ងៃបោះឆ្នោតឃុំ/សង្កាត់អាណត្តិទី៦
-
ព័ត៌មាន1 week agoចាប់ពីថ្ងៃទី១៨មករាទៅ អាជ្ញាធរភ្នំពេញនឹងអនុវត្តវិធានការជំរុញឱ្យអ្នកលក់គ្មានសណ្ដាប់ធ្នាប់នៅលើដងផ្លូវ លើចិញ្ចើមផ្លូវតំបន់ជុំវិញផ្សារដើមគចាស់ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកក ឱ្យទៅលក់ដូរនៅទីតាំងផ្សារដើមគថ្មី
-
ព័ត៌មាន1 week agoសហគមន៍អន្តរជាតិ ឈរនៅជាមួយកម្ពុជា និងជួយជ្រោមជ្រែងកម្ពុជា គ្រប់កាលៈទេសៈ