ព័ត៌មាន
NEA បង្កើនកិច្ចសហការជាមួយសាកលវិទ្យាល័យនានា ដើម្បីផ្សព្វផ្សាយព័ត៌មានការងារដល់យុវជន
ភ្នំពេញ៖ គិតរហូតមកពេលនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៅតែបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៦ ខែធ្នូនេះ លោក ជិន ខិ អនុប្រធានមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញ នៃទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងថា ការផ្សព្វផ្សាយរហូតមកដល់ពេលនេះ កត់សម្គាល់ឃើញថា ពិតជាមានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់យុវជន សិស្ស និស្សិត ក៏ដូចជាអ្នកកំពុងស្វែងរកការងារល្អធ្វើ។ លើសពីនេះទៀត ក៏ទទួលបានការសាកសួរព័ត៌មានអំពីឱកាសការងារក្នុងវិស័យផ្សេងៗជាច្រើនផងដែរ។
លោកបានឲ្យដឹងទៀតថា នៅឆ្នាំ២០២៥ខាងខះ ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងពង្រីកការផ្សព្វផ្សាយឲ្យកាន់តែច្រើនជាងនេះថែមទៀតទាំងនៅរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្ត។ ក្នុងនោះក៏នឹងមានបន្ថែមទៀតនូវការចុះផ្សព្វផ្សាយដល់មូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត។ ដោយឡែក សម្រាប់សាលារៀនថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យផ្សេងៗទៀត NEA ក៏គ្រោងនឹងពង្រីកដូចគ្នា ដើម្បីឲ្យសិស្សានុសិស្ស ទទួលដឹងអំពីរបៀបក្នុងការត្រៀមខ្លួនយ៉ាងណា ដើម្បីបន្តការសិក្សាទៅថ្ងៃខាងមុខឲ្យស្របទៅនឹងខ្លួនពួកគាត់ជាដើម។
លោក ជិន ខិ បានបន្ថែមថា ចំពោះកិច្ចសហការក្នុងការផ្សព្វផ្សាយខាងលើនេះដែរ គិតមកទល់បច្ចុប្បន្នមានកិច្ចសហការជាមួយបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សាចំនួនប្រមាណ២០ ហើយក៏បានកត់សម្គាល់ឃើញទៀតថា មានក្រុមហ៊ុនជាច្រើនផ្សេងៗទៀត បានស្នើសុំកិច្ចសហការជាមួយ NEA ដើម្បីបង្ហាញអំពីតម្រូវការកម្លាំងពលកម្មគ្រប់វិស័យ និងគ្រប់មុខតំណែងផងដែរ។
យោងតាមកាលវិភាគរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ ការផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា នៅរាជធានីភ្នំពេញ សម្រាប់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ រួមមាន៖ សាកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច , សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បះ , សាកលវិទ្យាល័យអន្តរជាតិ និងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។ ដោយឡែក នៅថ្ងៃទី២៧ ខែធ្នូស្អែកនេះ NEA នឹងបន្ត សកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាបន្ថែមទៀត ដែលរួមមាន៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ , សាកលវិទ្យាល័យភូមិន្ទកសិកម្ម , សាកលវិទ្យាល័យបៀលបា្រយ , វិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។
សូមបញ្ជាក់ថា ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ(NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA បានបង្កើនការចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស៕ អត្ថបទ៖ ឈិត បូរ៉ាវី








-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN