ព័ត៌មាន
ឯកឧត្តម គួច ចំរើន៖ ដីធ្លីបានចុះបញ្ជីមានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធនដ៏សំខាន់ជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ
កណ្ដាល៖ ក្នុងឱកាសពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០៥០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅភូមិឫស្សីជ្រោយ និងភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ និងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដីធ្លី បានចុះបញ្ជី មានប័ណ្ណកម្មសិទ្ធ គឺមានសុវត្ថិភាព និងជាមូលធន ដ៏សំខាន់សម្រាប់កម្មសិទ្ធិករទាំងអស់ មានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការរបស់បងប្អូន ដូចជាយកទៅលក់, ជួល, បញ្ចាំ. ធ្វើអំណោយ ។ល។ ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកិត្តទុកាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្ថែមថា អនុវត្តតាមគោលនយោបាយគន្លឹះរបស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គឺការចុះបញ្ជីដីធ្លី បង្ហើយ រដ្ឋបាលខេត្តកណ្តាល រួមជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាលនឹងខិតខំប្រឹងប្រែង ដើម្បីជម្រុញការចុះបញ្ជីដីទូទាំងខេត្តកណ្តាលឱ្យ បានចប់នៅឆ្នាំ២០២៥នេះ។ ការចុះបញ្ជីដីធ្លីបង្ហើយ គឺជាការងារអាទិភាពចំពោះមុខ ដើម្បីធ្វើឱ្យវិវាទដីធ្លីកាន់តែកាត់បន្ថយ និងបង្រួមកាន់តែតូចទៅៗ ហើយនៅពេលដែលយើងបានចុះបញ្ជីដីធ្លីរួច ដីធ្លីរបស់យើងកាន់តែមានសុវត្ថិភាពផ្លូវច្បាប់ និងសន្តិភាពផ្លូវចិត្ត ក្នុងការកាន់កាប់អចនទ្រព្យរបស់ប្រជាពលរដ្ឋ និងកសាងសង្គមសុខដុមនីយកម្មនៅកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ។ ជាមួយគ្នាដែរឯកឧត្តមអភិបាលខេត្ត បានសម្ដែងនូវការអបអរសាទរ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង ៣ភូមិ ក្នុងឃុំឫស្សីជ្រោយ និងឃុំព្រែកអញ្ចាញ ដែលទទួលបានកម្មសិទ្ធិនាពេលនេះ។

លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសូរិយោដីខេត្តកណ្ដាល បានឱ្យដឹងថា៖ គិតមកដល់ពេលនេះចុះបញ្ជីបាន ៦០ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ នឹង ៣១ភូមិ លើ១០១០ភូមិ គឺស្មើនឹង ៥២% នៃចំនួនភូមិសរុប ដែលមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៨៤៩,២៨០ ក្បាលដី។ក្នុងនោះបានធ្វើការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ៣៩០,០១០ ប័ណ្ណ និងធ្វើការចែកប័ណ្ណ ជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៣០ លើកស្មើនឹង ៣១២,៧៨០ប័ណ្ណ ហើយថ្ងៃនេះគឺជាលើកទី២៣១ នៃការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋមកពី ភូមិឫស្សីជ្រោយ ចំនួន ៥៤៩ប័ណ្ណ និងភូមិជ្រោយមេត្រីក្រោម ចំនួន ៣២៨ប័ណ្ណ ឃុំឫស្សីជ្រោយ និងភូមិក្រោម ចំនួន ១,១៧៣ប័ណ្ណ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល សរុបចំនួន ២,០៥០ប័ណ្ណ៕


-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា4 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន2 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoសម្តេចធិបតី៖២០ឆ្នាំកម្ពុជាបានបញ្ជូនកងកម្លាំងមួកខៀវជាងមួយម៉ឺននាក់ បំពេញបេសកកម្មសន្តិភាព ក្រោមឆត្រUN