ព័ត៌មាន
ក្រុមបាល់ទាត់ ស.ស.យ.ក បុរស-នារី ទទួលបានជ័យជម្នះរៀងខ្លួន ក្នុងការប្រកួតមិត្តភាព អបអរទិវាជ័យជម្នះ ៧មករា
ក្រុមបាល់ទាត់សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ទាំងផ្នែកបុរស និងនារី បានទទួលជ័យជម្នះរៀងៗខ្លួន ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា» ក្រោមប្រធានបទ ៧មករា នៃការចងចាំ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ។

សម្រាប់ក្រុមបាល់ទាត់ ស.ស.យ.ក ផ្នែកបុរស ដែលមានការអញ្ជើញចូលរួមប្រកួតផ្ទាល់ពីសំណាក់ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុម ហើយមានការចូលរួមពីថ្នាក់ដឹកនាំ និងអតីតកីឡាករជាច្រើនរូប គឺបានយកឈ្នះក្រុមផ្ការីកគ្រប់រដូវ ដឹកនាំដោយតារាកំប្លែងនាយពាក់មី ដោយលទ្ធផល ៦-២ ស្របពេលក្រុម ស.ស.យ.ក ផ្នែកនារី បានយកឈ្នះក្រុម ខេមបូឌាអលស្ដារ ដោយលទ្ធផល ២-១ ។

ការប្រកួតមិត្តភាពអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ផ្ដួចផ្ដើមគំនិតរៀបចំដោយឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឡើងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ផង និងជំរុញការគាំទ្រក្នុងវិស័យកីឡាបាល់ទាត់កម្ពុជាផង ជាក់ស្ដែងក្រៅពីការប្រកួត ក្នុងស្មារតីកីឡា ប្រកបដោយភារតភាព សាមគ្គីភាព និងស្នាមញញឹម សម្រាប់អ្នកទស្សនាក៏បានបង្ហាញនូវការគាំទ្រពេញទំហឹង ប្រកបដោយទឹកមុខរីករាយ កំឡុងការប្រកួតមិត្តភាពនេះផងដែរ ។

សូមបញ្ជាក់ថា នៅថ្ងៃជាមួយគ្នា នៃការប្រកួតបាល់ទាត់មិត្តភាពនេះ ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហាញនូវគុណបំណាច់នៃថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃត្រូវបានប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសចងចាំមិនភ្លេច ហើយថែមទាំងប្រសិទ្ធនាមថា «ជាថ្លៃកំណើតទី២» របស់ពួកគាត់ ដែលបានរួចផុតពីរបបដ៏ខ្មៅងងិតរបស់ខ្មែរក្រហមទៀតផង ។
តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ឯកឧត្តម បានអបអរសាទរ ខួបទី៤៦ ទិវាជ័យជំនះ ៧ មករា ហើយឯកឧត្តមបានបន្ថែមថា ៧ មករា គឺជាថ្ងៃដែលប្រជាជាតិរស់រានមានជីវិតឡើងវិញពីជ្រោះមរណៈ នៃបនប្រល័យពូជសាសន៍។ ៧ មករា កើតចេញពីការងើបឡើងតស៊ូរបស់យុទ្ធជន ដែលមិនអាចទ្រាំឃើញប្រជាជនរងទុក្ខវេទនា ក្នុងសោកនាដកម្មអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ បើគ្មានការចាកចេញទៅស្វែងរកការសង្រ្គោះជាតិរបស់សម្តេចតេជោ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ និងការប្រមូលផ្តុំកម្លាំងពីទិសនានា ក៏គ្មានរណសិរ្សសាគ្គីសង្រ្គោះជាតិកម្ពុជាដែរ។ បើគ្មាន ២ ធ្នូ ១៩៧៨ ក៏មិនមាន ៧ មករា ១៩៧៩ ដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលមិនអាចប្រកែកបាន ហើយក្នុងនាមយុវជនជំនាន់ក្រោយចងចាំជានិច្ចនូវគុណូបការៈដ៏ធំធេង នៃថ្ងៃ ៧ មករា ដែលជាចំណុចផ្តើមនៃដំណើរស្វែងរកសន្តិភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ រហូតមកដល់យើងមានអ្វីៗដូចបច្ចុប្បន្ននេះ ។
គួរដឹងថា រៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជា គ្រប់ទិសទី តែងអបអរសាទរទិវាមហាជ័យជម្នះរបស់ប្រជាជនកម្ពុជាលើបនប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ តាមរូបភាពផ្សេងៗ ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ នៃទិវាជ័យជម្នះ ៧មករា ហើយក៏ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងសុខភាព ក្រោមម្លប់សន្ដិភាព ប្រកបដោយភាពសប្បាយរីករាយផងដែរ ៕ អត្ថបទ លី ឈុនឡា











-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន2 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី