Connect with us

ព័ត៌មាន

គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺជូនពលរដ្ឋខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរ ខួបទី៤៦ នៃទិវាជ័យជម្នះ ៧ មករា

កោះកុង ÷ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ នៅវិទ្យាល័យ ហ៊ុន សែន ចាំយាម ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង ដើម្បីចូលរួមអបអរសាទរ ខួបទី ៤៦ នៃទិវាជ័យជម្នះ ៧ មករា (០៧.០១.១៩៧៩-០៧.០១.២០២៥) បានលើសគម្រោងផែនការ។

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង អនុប្រធានប្រតិបត្តិ ទទួលបន្ទុកប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ខេត្តកោះកុង និងជាប្រធានមន្ទីរសុខាភិបាល ខេត្តកោះកុង បានលើកឡើងថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ  និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លា របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៦៩១នាក់ ស្រី៣៤៣នាក់ បានចុះអប់រំសុខភាព បណ្តុះបណ្តាលវគ្គសង្រ្គោះបឋម ព្រមទាំងពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ភេសជ្ជៈ នំប៉័ង នំបញ្ចុក ជូនប្រ​ជា​ពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ ឥតគិតថវិកាបេសកកម្ម បានចំនួន៥៦៧៩នាក់ ស្រីចំនួន៣៩១៨នាក់។

ចំណែកប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាព មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង មានការជឿជាក់លើក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី អំពើល្អនេះបានដក់ជាប់ក្នុងបេះដូងរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរ នៅខេត្តកោះកុង។

នាឱកាសនោះលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងគោរពថ្លែងអំណរគុណជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចាត់តាំងបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាច្រើនលើកមកខេត្តកោះកុង ក្នុងការពិនិត្យព្យាបាលជំងឺ ចែកឱសថ ទឹកសុទ្ធ ភេសជ្ជៈ នំប៉័ង នំបញ្ចុក ជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម។

ជាចុងក្រោយឯកឧត្តម លេង ផាលី បាននាំពាក្យផ្តាំផ្ញើសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនចំពោះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ និងក្រុមការងារ ដែលចូលរួមក្នុងពិធីនេះ។ ជាពិសេសក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមក្នុងចលនាសង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក. បន្ថែមទៀត។

តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគំរូដល់សង្គមជាតិ ការចូលរួមសកម្មភាពបម្រើសង្គម ជាការរៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខុមាលភាពប្រជាជន ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ។

ឯកឧត្តម លេង ផាលី បានបញ្ជាក់ថា ក្នុងរយៈពេល ១៣ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៤ មករា ឆ្នាំ២០២៥) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ២៧០០០នាក់ (ពីរម៉ឺន ប្រាំពីរពាន់ នាក់) ក្នុងនោះស្ត្រីមានចំនួន ១៨៦៣០នាក់ (មួយម៉ឺន ប្រាំបីពាន់ ប្រាំមួយរយ សាមសិប នាក់) ដែលមាន២៨សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី-ខេត្ត សាខា និងសាកលវិទ្យាល័យ ចំនួន៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធ​ផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវា ដោយឥតគិតថ្លៃបានចំនួន ២១០២លើក មានប្រជាពលរដ្ឋចូលរួមចំនួន ១៣.២៩៧.៧៤៤ នាក់ (ដប់បីលាន ម្ភៃប្រាំបួនម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ សែសិបបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦.៨១៨.៨០០នាក់ (ប្រាំមួយលាន ប៉ែតសិបមួយម៉ឺន ប្រាំបីពាន់ ប្រាំបីរយ នាក់) គិតត្រឹម ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ ច្រើនជាង ៣ ភាគ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧.៥៧៧.៧៦០នាក់ (ដប់ប្រាំពីរលាន ហាសិបប្រាំពីរម៉ឺន ប្រាំពីរពាន់ ប្រាំពីររយ ហុកសិបនាក់) ធៀបនឹងឆ្នាំ២០២៥  បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយ​អស់ ៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦៤.៨៨៧.២០០ដុល្លារ (ប្រាំមួយរយហុកសិបបួនលាន ប៉ែតសិបប្រាំបីម៉ឺន ប្រាំពីរពាន់ ពីររយ ដុល្លារសហរដ្ឋអាមេរិក)។ ក្នុងពេលកន្លងមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៤,៦០១នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១១,២០៣ដូស (ដប់មួយលានកៅសិបមួយម៉ឺនមួយពាន់ពីររយបីដូស)ក្នុង២៥រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។ យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដើម្បីរួបរួមគ្នាធ្វើអំពើល្អ ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងបុព្វហេតុជាតិនិងមាតុភូមិរបស់យើង ជាពិសេសការចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជនគឺនាំអោយមានកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ យើងទាំងអស់គ្នាសូមគោរពថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ តែងតែគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា៕

អត្ថបទ រដ្ឋា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia