Connect with us

ព័ត៌មាន

គណៈកម្មការនៃរដ្ឋសភា អបអរសាទរការស្ថាបនាផ្លូវក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលជា​យុទ្ធសាស្ដ្រ​អភិវឌ្ឍន៍ និងការពារបន្ទាត់ព្រំដែនរបស់រាជរដ្ឋាភិបាល

ក្នុងគោលបំណងស្វែងយល់ពីស្ថានភាពសន្តិសុខតាមបន្ទាត់ព្រំដែន ការស្ថាបនាផ្លូវក្រវាត់ព្រំដែន និងដើម្បីសាកសុខទុក្ខ កងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវ៉ាត់ព្រំដែនផងនោះ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែននៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ កងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តភូមិតាំងសេ ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។

ឯកឧត្តម កែប ជុតិមា បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានឆន្ទៈមោះមុត និងផែនការច្បាស់លាស់ក្នុងការកសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ជាច្រើន ដូចជាសរសៃរឈាមនៃផ្នែកសេដ្ឋកិច្ច សង្គមដែលសម្រួលការធ្វើដំណើរ ការដឹកជញ្ជួនទំនិញ កសិផល របស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍក្នុងតំបន់។

ឯកឧត្តមកែប ជុតិមា បានមានប្រសាសន៍បន្តថា ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារព្រំដែន បូរណភាពទឹកដី អធិបតេយ្យជាតិ ដែលមិនមាននរណាអាចរំកិលបានឡើយ។ នៅពេលមានផ្លូវ ប្រជាពលរដ្ឋនឹងមកតាំងទីលំនៅហើយហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ នឹងកសាងបន្តបន្ទាប់ ធ្វើឱ្យបន្ទាត់ព្រំដែនកាន់តែទទួលបានការអភិវឌ្ឍ។ រាជរដ្ឋាភិបាលមានចក្ខុវិស័យច្បាស់លាស់ក្នុងការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជាព្រំដែនសន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។

ឯកឧត្តមបានបញ្ជាក់ថា យុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាលបានដាក់ចេញតាំងពីជំនាន់សម្ដេចតេជោ ហ៊ុន សែន និងបានកំពុងតែអនុវត្តបន្ដដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧នៃរដ្ឋសភា។ ឯកឧត្តម កែប ជុតិមា បានថ្លែងកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចឱ្យបាននូវការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

តាមប្រសាសន៍ឱ្យដឹងរបស់ ឯកឧត្តមប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ថាបន្ទាត់ព្រំដែនជាមួយប្រទេសវៀតណាម ចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានស្ថាបនាផ្លូវបានប្រវែង ៦៨៥ គីឡូម៉ែត្រ លើផែនការសរុប ១០៦៩ គីឡូម៉ែត្រ ។ ចំណែកជាមួយប្រទេសឡាវពីឆ្នាំ ២០១៥ ដល់ ២០២២ បានកសាងផ្លូវបានប្រវែង ១៧៩ គីឡូម៉ែត្រ លើផែនការសរុប ៣៧៧ គីឡូម៉ែត្រ ។ ឯកឧត្តមបានលើកទឹកចិត្តដល់កងកម្លាំងទាំងអស់ចូលរួមបន្តថែរក្សានូវខ្សែបន្ទាត់ព្រំដែន បង្គោលតម្រុយព្រំដែន ដែលភាគីទាំងពីរបានឯកភាពគ្នា និងបង្គោលព្រំដែនបានបោះបង្គោលរួច។

ឆ្លៀតឱកាសនេះ ឯកឧត្តមប្រធានគណៈកម្មការបានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់      សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងការផ្តំាផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តមអនុប្រធានរដ្ឋសភាទំាងពីរ ជូនកងកម្លាំងវិស្វកម្ម អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងការពារព្រំដែន ព្រមទំាងប្រជាពលរដ្ឋផងដែរ។

គណៈប្រតិភូរដ្ឋសភាបាន នាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ចែកជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ផងដែរ។ គ្រឿងឧបភោគបរិភោគ ដែលគណៈកម្មការបានចែកជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស, ត្រីខ១៥កេស, ថ្នាំពេទ្យ២៥ ប្រអប់, គុយទាវ និងមីសួ៣០កេស,ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល, ជូនវរៈសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ ចំនួន២លានរៀល, ជូនសាលាស្រុកអណ្តូងមាស៥០ម៉ឺនរៀល, ជូនសាលាឃុំ២០ម៉ឺនរៀល, ជូនកងកម្លាំងទាំង៣នូវថវិកា៦០ម៉ឺនរៀលនិងប្រជាពលរដ្ឋចូលរួម៦៨នាក់ក្នុងម្នាក់១ម៉ឺនរៀលផងដែរ។ដោយឡែករដ្ឋបាលខេត្ត បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស។

សូមជម្រាបថា រដ្ឋាភិបាលកំពុងប្រើប្រាស់ថវិកាកញ្ចប់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនចំនួនជិត ២៧លានដុល្លារដែលបានពីការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននិងគ្រប់ស្រទាប់វណ្ណៈដើម្បីកសាងផ្លូវប្រវែង ២៥០ គីឡូម៉ែត្រនៅតាមក្រវាត់ព្រំដែននៃខេត្តមណ្ឌលគិរីនិងរតនគិរី។ ការកសាងផ្លូវនេះចាប់ផ្ដើមនៅថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២៤ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៧។ការកសាងផ្លូវខ្សែក្រវាត់ព្រំដែននេះគឺ ខេត្តមណ្ឌលគិរី ត្រូវស្ថាបនាផ្លូវប្រវែងប្រមាណ ១៤៧,៥២ គ.មនិងខេត្តរតនគិរី ប្រវែងប្រមាណ ១០២,៤៩ គ.ម។

ប្រតិភូគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងកិច្ចការព្រំដែននៃរដ្ឋសភាដឹកនាំដោយ ឯកឧត្តម កែប ជុតិមា ដែលបានអញ្ជើញចុះសិក្សាឈ្វេងយល់ការអភិវឌ្ឍន៍នៅតាមបន្ទាត់ព្រំដែន នាឱកាសនេះមាន ឯកឧត្តម ច័ន្ទ សុផល អនុប្រធានគណៈកម្មការ លោកជំទាវ អ៊ុន សុគន្ធា លេខាធិការគណៈកម្មការ ឯកឧត្តម នៅ សំ, ឯកឧត្តម សត្យា វុធ ,ឯកឧត្តម ចាន់ យឿន ,ឯកឧត្តម ឡុង ប៊ុន្នី ឯកឧត្តមសេរី កុសលនិងឯកឧត្តម នាង ចាន់ណាក់ សមាជិកគណៈកម្មការ។ នេះគឺជាបេសកកម្មលើកទី២ របស់គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន ក្នុងអាណត្តិទី៧នេះ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia