ព័ត៌មាន
ឯកឧត្តម កែប ជុតិមា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាដោយឆន្ទៈមោះមុត កសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់
គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនកងកម្លាំងវិស្វកម្មនៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុក ពេជ្រាដា ច្រកព្រំដែនទ្វេភាគីណាមលៀខេត្តមណ្ឌលគិរី ។
ក្រៅពីការសួរសុខទុក្ខកងកម្លាំងវិស្វកម្មដែលកំពុងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរី គណៈប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏នឹងពិនិត្យមើលពីស្ថានភាពបង្គោលព្រំដែន វឌ្ឍនភាពនៅព្រំដែន និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន កងកម្លាំងវិស្វកម្ម និងប្រជាពលរដ្ឋ នៅទីនោះ ឯកឧត្តម កែប ជុតិមា មានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្តេជ្ញាដោយឆន្ទៈមោះមុតនិងផែនការ្បាស់លាស់ដើម្បីកសាងផ្លូវក្រវាត់ព្រំដែនឱ្យបានរួចរាល់ចប់សព្វគ្រប់។ ការកសាងផ្លូវក្រវាត់ព្រំដែនគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ក្នុងគោលបំណងពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។
ឯកឧត្តមគូសបញ្ជាក់ថា គំនិតផ្តួចផ្តើមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិនិងបង្កើតឱកាសសម្រាប់ធ្វើឱ្យមានកំណើនសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនដាច់ស្រយាល។ ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិបតេយ្យជាតិកម្ពុជា។ គោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។
ក្នុងឱកាសនោះ ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមមកមើលតំបន់ព្រំដែនដើម្បីលើកទឹកចិត្តកងកម្លាំងវិស្វកម្ម និងមកស្វែងយល់ជាក់ស្តែងពីស្ថានភាពព្រំដែន និងការស្ថាបនាផ្លូវក្រវាត់ព្រំដែន ជាពិសេសលើកទឹកចិត្តឱ្យប្រជាពលរដ្ឋមករស់នៅតំបន់ព្រំដែននេះ ព្រោះប្រជាពលរដ្ឋជាជញ្ជាំងការពារព្រំដែនដ៏រឹងមាំ។
លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា មានប្រសាសន៍ថា ស្រុកពេជ្រាដា មានព្រំប្រទល់ជាប់ជាមួយប្រទេសវៀតណាម ប្រវែង១១០គីឡូម៉ែត្រ និងមានបង្គោល ព្រំដែនសរុបទាំងអស់ ចំនួន ៥០បង្គោល។ច្រកទ្វារព្រំដែនទ្វេរភាគីណាមលៀរ មានប្រវែង ២៧ គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា និងមានប្រវែង ៦៧ គីឡូម៉ែត្រ ពីទីរួមខេត្តមណ្ឌលគិរី។
លោកឧត្តមសេនីយ៍ទោ ជុំ ហុន តំណាងកងវិស្វកម្ម បានឱ្យដឹងថា កងឯកភាពចំនួន៦នៅក្នុងខេត្តមណ្ឌលគិរី បាននិងកំពុងស្ថាបនាផ្លូវព្រំដែននេះ ដោយប្រើប្រាស់មធ្យោបាយគ្រឿងចក្រគ្រប់ប្រភេទចំនួន១៤៨គ្រឿងសម្រាប់ធ្វើផ្លូវ១៣៣គីឡូម៉ែត្រ ក្នុងនេះផ្លូវខ្សែក្រវាត់ព្រំដែនមានប្រវែង៨៤គីឡូម៉ែត្រ និងផ្លូវតភ្ជាប់ប្រវែង៤៩គ.ម។
ច្រកទ្វាព្រំដែនទ្វេភាគីណាមលៀរ មានចម្ងាយផ្លូវប្រវែង៦០គីឡូម៉ែត្រពីក្រុងសែនមនោរម្យ និងមានចម្ងាយផ្លូវប្រវែង ២៦គីឡូម៉ែត្រ ពីទីរួមស្រុកពេជ្រាដា មានទីតាំងស្ថិតនៅក្នុងភូមិពូលុ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជាប់ជាមួយនឹង ច្រកទ្វារព្រំដែនទ្វេាគីាក់ប័រ ស្ថិតនៅក្នុងភូមិធន់ហាញ់ ឃុំធុនអាន ស្រុកដាក់មីល ខេត្តដាក់ណុង ប្រទេសវៀតណាម។
ប្រតិភូគណៈកម្មការទី៤នៃរដ្ឋសភាក៏បាននាំយកនូវអំណោយរបស់សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា មានគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន ទឹកសុទ្ធ៣០កេស ត្រីខ១៥កេស ថ្នាំពេទ្យ២៥ ប្រអប់ គុយទាវ និងមីសួ៣០កេស ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល។ ដោយឡែករដ្ឋបាលខេត្តមណ្ឌលគិរី បានឧបត្ថម្ភអង្ករ២តោន ថវិកា៥០០ដុល្លារ និងថ្នាំប៉ារ៉ា២កេស៕




-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន5 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន3 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់