ព័ត៌មាន
កំណើនឱកាសការងារនិងការវិនិយោគក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ តាមរយៈការអនុម័តគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចមានលទ្ធភាពបង្កើតឱកាសការងារបានប្រមាណ ៣២ម៉ឺនកន្លែង លើគម្រោងជិត៥០០គម្រោងនៅក្នុងពេញមួយឆ្នាំ២០២៤ ត្រូវបានអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា សញ្ញាណល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថេរភាពនយោបាយរបស់កម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧។
លោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ (ASIP) បានគូសបញ្ជាក់ថា សមិទ្ធផលនៅក្នុងពេញមួយឆ្នាំ២០២៤ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តជាច្រើនរយគម្រោងវិនិយោគ និងបង្កើតការងារច្រើនម៉ឺនកន្លែង គឺជាការបង្ហាញពីកត្តាវិជ្ជមានទាំងផ្នែកសេដ្ឋកិច្ច និងឆ្លុះបញ្ចាំងពីភាពជឿជាក់ និងទំនុកចិត្តរបស់វិនិយោគិនបរទេសមកលើប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ បានា់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ ជាពិសេសយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ លោកបណ្ឌិតបានមើលឃើញថា ប្រជាពលរដ្ឋ ក៏ដូចជាយុវជនកម្ពុជានៅក្នុងបរិបទសេដ្ឋកិច្ចបច្ចុប្បន្ននេះយ៉ាងហោចណាស់ត្រូវមានជំនាញមួយសម្រាប់ជីវិតខ្លួន ពោលគឺត្រូវពង្រឹងលើការសិក្សាជំនាញរបស់ខ្លួនឱ្យស្របតាមបរិបទសេដ្ឋកិច្ចប្រទេសកម្ពុជា។
លោកបណ្ឌិត បានគូសបញ្ជាក់បន្ថែមថា បើទោះបីប្រទេសកម្ពុជាមានកំណើននៃការវិនិយោគល្អនៅឆ្នាំ២០២៤ ក៏ប៉ុន្តែកម្ពុជានៅតែត្រូវធ្វើបន្ថែមទៀតលើការវិនិយោគលើវិស័យផ្សេងៗទៀត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍធនធានមនុស្ស និងការជំរុញការវិនិយោគនៅថ្នាក់ជាតិ និងថ្នាក់ខេត្តដ៏ទៃទៀតផងដែរ។
បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបំបែកកំណត់ត្រាប្រចាំឆ្នាំតាមរយៈការ អនុម័តគម្រោងវិនិយោគសរុបចំនួន ៤១៤គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៦,៩ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង។
ជារួម ក្នុងឆ្នាំ២០២៤ ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន១៤៦គម្រោង ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ២ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណជិត ៤០% ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ២០២៣ ហើយក្នុងនោះគម្រោងពង្រីកផលិតកម្មបានកើនពី ២១គម្រោង ឡើងមក ២៧គម្រោង។
ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២៤ វិស័យឧស្សាហកម្ម នៅតែបន្តជាវិស័យលេចធ្លោជាងគេដោយបានស្រូបទាញគម្រោងវិនិយោគចំនួន ៣៩៤គម្រោង ស្មើនឹងប្រមាណ ៩៥% នៃចំនួនគម្រោងវិនិយោគសរុប ខណៈទុនវិនិយោគក្នុងវិស័យនេះ មានប្រមាណ ៤,៨ ពាន់លានដុល្លារអាម៉េរិក ដែលចូលរួមចំណែក ៦៩% នៃទុនវិនិយោគសរុប និងមានកំណើនដល់ទៅប្រមាណ ១១០% ធៀបនឹងឆ្នាំ២០២៣៕






-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា6 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន6 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន1 week agoកំណើនសេដ្ឋកិច្ចកម្ពុជានឹងអាច សម្រេចបានអត្រា ៤,០% ឆ្នាំ២០២៦ និង ៤,៨% ឆ្នាំ២០២៧
-
ព័ត៌មាន1 week agoចំណូលថវិកាថ្នាក់ជាតិឆ្នាំ២០២៧ ត្រូវបានគ្រោងចំនួន ៣២ ៣២៧ប៊ីលានរៀល កើនឡើង ៦,៧% ធៀប ឆ្នាំ២០២៦