ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំង បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង រួមនិងឯកឧត្តម លោកជំទាវ ជាក្រុមការងារចុះមូលដ្ឋានខេត្តស្រុក ឯកឧត្តមប្រធានតុលាការ ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរស្រុក ក្រុង ឃុំសង្កាត់ ប្រមាណជិត១ពាន់នាក់។
មានប្រសាសន៍ក្នុងពិធីបិទសន្និបាតនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតសម្រចានូវសមិទ្ធផលជាច្រើន។ ការខិតខំប្រឹងប្រែងនេះពិតជាបានចូលរួមចំណែក ក្នុងការថែរក្សាសុខសន្តិភាព, ស្ថិរភាព នយោបាយ, សន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម, ការលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស, ការពង្រឹងនីតិរដ្ឋ និង ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យ កាន់តែរឹងមាំ ប្រកបដោយចីរភាព និង បរិយាបន្ន។ រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្រ្តចម្បងពីរ គឺ៖ ទី១.ថែរក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និង ពូនជ្រំ ចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម។ ទី២.កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ជំរុញសន្ទុះនៃការអភិវឌ្ឍជាតិ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។
ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានណែនាំដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង គណៈបញ្ជាការឯកភាពខេត្ត ក្រុងស្រុក ឃុំសង្កាត់ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឱ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល ឬ ភាពវឹកវរក្នុងសង្គម។ ស្រាវជ្រាវ និងបង្ការទប់ស្កាត់ឱ្យបានទាន់ពេលប្រកបដោយប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់អុចអាល បង្កឱ្យមានអំពើហិង្សា ការប្រឆាំងនឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់ធ្ងន់ធរដល់សង្គមជាតិលើគ្រប់ទិដ្ឋភាព ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោ និងជីវភាព្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។ ត្រូវពង្រឹងយន្តការនានា ក្នុងការគាំទ្រដល់ការអនុវត្តគោលនយោបាយ «ភូមិ, ឃុំ-សង្កាត់ មានសុវត្ថិភាព» ដោយមានផែនការច្បាស់លាស់ និង មានការចូលរួម ពីគ្រប់ តួអង្គពាក់ព័ន្ធ។ ត្រូវពង្រឹងយន្តការសម្របសម្រួល និងដោះស្រាយបញ្ហាទំនាស់ជម្លោះ និងការទាមទារតវ៉ានានាដែលបានកើតមាននៅមូលដ្ឋាន ដោយផ្អែកតាមច្បាប់គោលការណ៍ណែនាំបែបបទ និងនីតិវិធីជាធរមាន ដើម្បីលើកកម្ពស់យុត្តិធម៌សង្គម បង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើរដ្ឋបាលថ្នាក់ក្រោមជាតិ និងបង្កើតបរិយាកាសល្អដល់ការរស់នៅ ការវិនិយោគ និងការប្រកបអាជីវកម្មផ្សេងៗ។ ត្រូវបន្តជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែសកម្ម នៅតាមគ្រប់មូលដ្ឋានរៀងៗខ្លួន និងត្រូវបំផុសចលនាប្រជាជន ឱ្យចូលរួមកសាង ភូមិ និងឃុំ-សង្កាត់គំរូ គ្មានគ្រឿងញៀន។ ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ គឺជាគោលបំណង និងជាទិសដៅការងារដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល៕ កាំង ហុងវាស្នា










-
ព័ត៌មាន5 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន4 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន3 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន2 days agoអ្នកវិភាគ៖ ដំណោះស្រាយជម្លោះដែនសមុទ្រកម្ពុជា-ថៃ តាមយន្តការ UNCLOS កម្ពុជា អាចមានប្រៀបខាងផ្លូវច្បាប់
-
ព័ត៌មាន4 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន7 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន1 week agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល