ព័ត៌មាន
កងទ័ពកម្ពុជា-ចិន នឹងធ្វើសមយុទ្ធ«នាគមាសឆ្នាំ២០២៥» ធំជាងឆ្នាំមុន និងមានយុទ្ធោបករណ៍កាន់តែទំនើប
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ មន្រ្តីអ្នកនាំពាក្យអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងធ្វើសមយុទ្ធដែលមានឈ្មោះថា «នាគមាសឆ្នាំ២០២៥» នាពេលខាងមុខនេះ ខណៈសមុទ្ធនេះនឹងធ្វើឡើងជាទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ទាំងលើគោក និងលំហរសមុទ្រ។
ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានបញ្ជាក់ថា «ការសមយុទ្ធនាគមាស ឆ្នាំ២០២៥ ធំជាងបណ្តាឆ្នាំមុន ទាំងខ្លឹមសារ ចំនួនកងទ័ពចូលរួម យុទ្ធោបករណ៍កាន់តែច្រើននិងទំនើបជាងឆ្នាំមុនៗ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យ»។
បើតាមអ្នកនាំពាក្យរូបនេះបានឲ្យដឹងផងដែរថា នេះជាសមយុទ្ធទ្រង់ទ្រាយធំលើកទី៧ ហើយ រវាងកងទ័ពកម្ពុជា-ចិន ដែលគ្រោងធ្វើនៅទឹកដីកម្ពុជា ចាប់តាំងពីសមយុទ្ធនេះបង្កើតឡើងលើកដំបូងកាលពីឆ្នាំ២០១៦ ខណៈដែលប្រទេសទាំងពីរ គឺជាដៃគូុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយកំពុងកសាងសហគមន៍រួមវាសនាតែមួយ។
បើតាមអ្នកនាំពាក្យរូបនេះដដែលបានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីថ្ងៃទី១៩ មករា ក្រុមការងារសមយុទ្ធនាគមាសភាគីចិន ដឹកនាំដោយ លោកវរសេនីយ៍ឯកពិសេស លុក ហៅវិន នាយរងនាយកដ្ឋានហ្វឹកហ្វឺនចម្រុះ នៃសេនាធិការចម្រុះ តំបន់ភូមិភាគខាងត្បូងកងទ័ពរំដោះប្រជាជនចិន បានមកដល់ព្រះរាជាណាចក្រកម្ពុជា ហើយបានជួបពិភាក្សាការងារជាមួយសមភាគីកម្ពុជា លោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺនអគ្គបញ្ជាការ ព្រមទាំងបានចូលជួបសំដែងការគួរសមជាមួយនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ ផងដែរ ដើម្បីពិភាក្សាលើរបៀបវារៈនៃការធ្វើសមយុទ្ធប្រចាំឆ្នាំនេះ។
លោកឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ បានឲ្យដឹងទៀតថា ក្នុងជំនួបពិភាក្សាលើកទី១ ក្រុមការងារនៃភាគីទាំងពីរបានពិភាក្សា និងវាយតម្លៃ អំពីពេលវេលា ទីកន្លែងធ្វើសមយុទ្ធ និងខ្លឹមសារនៃប្រធានបទ។ ឯលទ្ធផលសម្រេចយ៉ាងណានោះក្រុមការងារប្រទេសទាំងពីរនឹងបន្តពិភាក្សាជាលើកទី២បន្តទៀត នៅប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។
យ៉ាងណាក៏ដោយ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា«ខ្លឹមសារនៃការធ្វើសមយុទ្ធនេះ គឺផ្ដោតសំខាន់ទៅលើការងារប្រឆាំងភេរវកម្ម និងការងារមនុស្សធម៌តែប៉ុណ្ណោះ ក្នុងគោលបំណងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកងទ័ពប្រទេសទាំងពីរ ក៏ដូចជាពង្រឹងសន្តិសុខទប់ស្កាត់អំពើភេរវកម្មនៅក្នុងស្រុកនីមួយៗ និងនៅក្នុងតំបន់ផងដែរ ហើយការធ្វើសមយុទ្ធនេះមិនមានបំណងគំរាមកំហែងធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។
សូមបញ្ជាក់ថា កម្ពុជា-ចិន បានបង្កើតទំនាក់ទំនងរយៈពេល៦៦ឆ្នាំមកហើយ ភាគីទាំងពីរបានដំឡើងកម្រិតទំនាក់ទំនងជាបន្តបន្ទាប់រហូតក្លាយជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មិត្តភាពដែកថែប កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងកំពុងរួមគ្នាកសាងសហគមន៍រួមវាសនាតែមួយ ចិន-កម្ពុជាផងដែរ៕ អត្ថបទ៖ បាន ចក់




-
ព័ត៌មាន1 week agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន5 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ