ព័ត៌មាន
សម្តេច ឃួន សុដារី ស្វាគមន៍ក្រុមប្រឹក្សាធុរកិច្ចស្រ្តីប្រទេសហ្វីលីពីនដែលសម្លឹងឃើញឱកាសវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល(Rosemarie P.Rafael) នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា លើសពីនេះ ដំណើរទស្សនកិច្ចនេះមានសារៈសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរកាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។
លោកជំទាវ រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានចូលជួបសម្តែងការួរសម និងពិភាក្សាការងារនាឱកាសនេះ។ លោកជំទាវ បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននានា របស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន។
ឆ្លៀតនៅក្នុងឱកាសនេះ លោកជំទាវ បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសលទ្ធផលនៃជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តជាខ្លំាងដល់ក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ក្នុងការវិនិយោគនៅកម្ពុជា។
សមាជិកគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាប្រទេសកម្ពុជានិងហ្វីលីពីន នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវសិក្សារួមគ្នា បង្កើនកិច្ចសហការគ្នាក្នុងការវិនិយោគ ទំាងការនាំចេញនាំចូល ក៏ដូចជានៅលើវិស័យនានា មានដូចជាស្រូវអង្ករ វិស័យអប់រំ សុខាភិបាលជាដើមនោះ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិនខុសពីរាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹង ចំពោះការវិនិយោគរបស់ធុរជន ពិសេសសហគ្រិនស្រ្តី នៃប្រទេសទំាងពីរ។ កម្ពុជាមានច្បាប់និងគោលនយោបាយជាច្រើនក្នុងការលើកទឹកចិត្ត និងការពារផលប្រយោជន៍អ្នកវិនិយោគបរទេស។ រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជននិងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាននៅក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ ចំពោះតួនាទី សមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលក្រុមប្រឹក្សាធុរកិច្ចស្រ្តីនៃប្រទេសហ្វីលីពីនសម្រេចបាន នាពេលកន្លងមក ជាពិសេស គឺបាននាំមុខគេក្នុងការលើកម្ពស់សំឡេងរបស់ស្រ្តីក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅហ្វីលីពីន។
នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចែករំលែកអំពីអំពីប្បធម៌ប្រពៃណីរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាសង្គមមាតាធិបតេយ្យ ដោយយកស្រ្តីជាធំ ដែលបានឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ពាក្យពេចន៍ ជាផ្លូវការនិងក្រៅផ្លូវការ ដូចជាមេស្រុក មេឃុំ មេគ្រួសារ ជាដើម។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ និងបានលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យប្រកាន់យកគោលនយោបាយ និងថវិកា ដោយឆ្លើយតបទៅនឹងយេនឌ័រ។ គោលនយោបាយនេះ ក៏ជាតម្រូវការបន្ទាន់ សម្រាប់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រី ផងដែរ។ ជាមួយគ្នានេះ រដ្ឋសភាបានបង្កើតយន្តការសំខាន់នានា ដូចជា អ្នកនយោបាយសភាស្រ្តី (Women Parliamentarians Caucus) និងគំនិតផ្តួចផ្តើម #Girl2Leader ដើម្បីជំរុញការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ បន្ថែមទៀតផងដែរ៕
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ដាក់បទបញ្ជាដល់នាយទាហានក្រោមឱវាទទាំងអស់សាមគ្គីគ្នាជាធ្លុងមួយ ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរក្សាសុខសន្ដិភាពជូនប្រជាជន
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងថៃ បន្តកែសម្រួលយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់លើកទី២ក្រោមក្រសែភ្នែកអ្នកសង្កេតការណ៍អាស៊ាន
-
ព័ត៌មាន3 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំជូនក្រុមគ្រួសារនៃសព លោក ឌី ណៃ ដែលបានមរណភាពក្នុងព្រឹត្តិការណ៍បាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់
-
ព័ត៌មាន1 week agoអូស្ត្រាលីគាំទ្រវិស័យស្រូវអង្ករកម្ពុជា
-
ព័ត៌មាន1 week agoសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនដល់យុទ្ធជនដែលរងរបួស និងកំពុងសម្រាកព្យាបាលនៅតាមបណ្តាមន្ទីរពេទ្យនៅរាជធានីភ្នំពេញ
-
ព័ត៌មាន4 days agoឯកឧត្ដម ហ៊ុន ម៉ានី៖ «តើស្ថិតក្នុងកាលៈទេសៈអ្វី ដែលនាំឱ្យទាហានថៃបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរ? អាជ្ញាធរថៃត្រូវតែផ្តល់នូវការបកស្រាយឱ្យបានច្បាស់លាស់»
-
ព័ត៌មាន1 week agoឯកឧត្ដម ប៉េង ពោធិ៍សា អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំត្រៀមសហការរៀបចំពិធីជំនួបប្រាស្រ័យព្រំដែនមិត្តភាព លើកទី២ រវាងថ្នាក់រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា-វៀតណាម នៅខេត្តស្វាយរៀង
-
ព័ត៌មាន2 days agoក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកោសល្យវិច័យ ខណៈបណ្ដាញព័ត៌មានថៃផ្សាយថា ពុំមានការស្លាប់នៅភូមិព្រៃចាន់