ព័ត៌មាន
KOICA សន្យាផ្តល់ហិរញ្ញប្បទានចំនួន ១១,៧លានដុល្លារ សម្រាប់កំណែទម្រង់អភិបាលកិច្ច និងការកសាងសមត្ថភាពនៅសាលាភូមិន្ទរដ្ឋបាលកម្ពុជា
ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍរបស់កម្ពុជា តាមរយៈការប្រកាសអំពីគម្រោងចំនួន១១,៧លានដុល្លារ ដែលមានគោលបំណងពង្រឹងសមត្ថភាពរបស់សាលាភូមិន្ទរដ្ឋបាលសម្រាប់កំណែទម្រង់អភិបាលកិច្ច និងការធ្វើឲ្យស្ថាប័ននេះប្រសើរឡើង។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំបូកសរុប សម្រាប់ការសិក្សាស៊ីជម្រៅនៃគម្រោងដែលធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល, នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
កិច្ចប្រជុំបញ្ចប់ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងលោកស្រី Shin Jungyeon នាយកស្តីទីនៃការិយាល័យ KOICAកម្ពុជា ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃគំនិតផ្តួចផ្តើមនេះ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងសហការរវាង KOICA និងរដ្ឋាភិបាលកម្ពុជា។
ការសិក្សាស៊ីជម្រៅដែលធ្វើឡើងពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមអ្នកជំនាញរបស់ KOICA និងមន្ត្រីមកពីក្រសួងមុខងារសាធារណៈ និង សាលាភូមិន្ទរដ្ឋបាលរបស់កម្ពុជា។ ការសិក្សានេះ ផ្តោតលើការកែលម្អធាតុផ្សំនៃគម្រោង និងការរៀបចំមូលដ្ឋានសម្រាប់រៀបចំធាតុចូល ទៅក្នុង កំណត់ហេតុនៃកិច្ចពិភាក្សា(RoD)រវាង KOICA និងក្រសួងដែលរំពឹងថា នឹងត្រូវបានចុះហត្ថលេខានៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៥នេះ។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងពីវិធានការសំខាន់ៗនៃកំណែទម្រង់រដ្ឋបាលសាធារណៈរបស់កម្ពុជា រួមមាន ការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ការកសាងសមត្ថភាពស្ថាប័ន និងប្រព័ន្ធលើកទឹកចិត្ត។ ឯកឧត្តម បានកត់សម្គាល់ថា ការដាក់ឱ្យដំណើរការទាន់ពេលវេលារបស់គម្រោងKOICA ឆ្លុះបញ្ចាំងពីសារៈសំខាន់របស់ខ្លួនក្នុងការគាំទ្រដល់គោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាល។
គម្រោងនេះ ផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រតិបត្តិការ តាមរយៈការផ្តល់សេវាពិគ្រោះយោបល់លើប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ និងប្រព័ន្ធបណ្តុះបណ្តាល ដោយផ្តោតជាពិសេសលើការគាំទ្រដល់ការកសាងសមត្ថភាពសម្រាប់ការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំ។ លើសពីនេះទៀត ការបង្កើតវេទិកាអប់រំតាមប្រព័ន្ធអ៊ីនធឺណែត នឹងធ្វើឱ្យមន្ត្រីរាជការអាចទទួលបានការបណ្តុះបណ្តាលទាំងតាមប្រព័ន្ធអ៊ីនធឺណិត និងក្រៅប្រព័ន្ធ (online and offline) ដែលរួមចំណែកដល់គោលដៅរបស់ សាលាភូមិន្ទរដ្ឋបាល ក្នុងការបង្កើនចំនួនមន្ត្រីរាជការដែលបានទទួលការបណ្តុះបណ្តាលប្រចាំឆ្នាំ។
តាមរយៈការបង្កើតវេទិកាអប់រំតាមអ៊ីនធឺណិត និងការពង្រឹងការប្រើបច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) ក្នុងវិស័យអប់រំសម្រាប់មន្ត្រីរាជការគម្រោងនេះក៏នឹងគាំទ្រដល់វិស័យអាទិភាពរបស់រដ្ឋាភិបាលកម្ពុជានៃការធ្វើបរិវត្តកម្មឌីជីថល ឬ Digital Transformation ក្នុងការគ្រប់គ្រងសាធារណៈ។ គំនិតផ្តួចផ្តើមនេះ ស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រតិបត្តិការ និងបង្កើតសេវាសាធារណៈ ដែលដំណើរការដោយបច្ចេកវិទ្យាកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ផងដែរថា: KOICA បានធ្វើការសិក្សាលទ្ធភាពដំបូងសម្រាប់គម្រោងដែលបានរៀបរាប់ខាងលើ ក្នុងខែធ្នូ ឆ្នាំ២០២៣។ ការសិក្សាលទ្ធភាពទទួលបានលទ្ធផលវិជ្ជមាន ដែលនាំឱ្យ KOICA អនុម័តលើការអភិវឌ្ឍន៍គម្រោងចំនួន១១,៧លានដុល្លារ សម្រាប់រយៈពេលប្រាំឆ្នាំ ចាប់ពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៩។ នេះជាការបន្ថែមចំនួន១,៧លានដុល្លារ និងជាការពន្យាររយៈពេលពីរឆ្នាំ បើធៀបនឹងសំណើដើមនៃគម្រោង១០លានដុល្លារ ក្នុងរយៈពេលបីឆ្នាំ៕
អត្ថបទ រដ្ឋា






-
ព័ត៌មាន1 week agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់ពីពិនិត្យ និងថែទាំព្រះរាជសុខភាពនៅចិន
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
កីឡា1 week agoក្រុមជម្រើសជាតិកម្ពុជា បញ្ចប់ការរង់ចាំជាង ៧០ឆ្នាំ ឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់អន្ដរជាតិលើកដំបូង
-
ព័ត៌មាន1 week agoកងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល