ព័ត៌មាន
ពានសម្ដេចតេជោ-ថ្នាក់ជាតិ៖ ភ្នំពេញក្រោន និងទ័ព ឡើងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ ខណៈថាយហ្គឺរ បានត្រឹមខកចិត្ត
ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ បានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយ ឬវគ្គ ១/៤ផ្ដាច់ព្រ័ត្រចំនួន ២ក្រុមទៀត រួមមានក្រុមភ្នំពេញក្រោន និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ(Tiffy Army) គ្រាដែលអង្គរថាយហ្គឺរ បានត្រឹមខកចិត្ត ក្រោយធ្លាក់ត្រឹមវគ្គជម្រុះដំបូង ។
សម្រាប់ភ្នំពេញក្រោន គឺបានបន្ដយកឈ្នះក្រុមឈើតុំខេត្តពោធ៍សាត់ ៧-០ លើទឹកដីរបស់ខ្លួន ក្រោយយកឈ្នះក្រៅដី ២-០ កាលពីជើងទី១ ។ សម្រាប់គ្រាប់បាល់ជ័យជម្នះ ក្នុងជំនួបជើងទី២ នៅកីឡដ្ឋាន ស្មាត អរអេសអ៊ិន កាលពីរាត្រីថ្ងៃទី០៥ ខែកុម្ភៈនេះ ធ្វើសម្រេចដោយកីឡាករ Andres Nieto ៣គ្រាប់ និងមិត្ដរួមក្រុម ឡុង ភារ៉ាត់, Yudai Ogawa, ឈិន វីននីន និង Jelle Goselink ម្នាក់ ១គ្រាប់ ។
ជ័យជម្នះនេះ នាំឲ្យភ្នំពេញក្រោន ឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ដោយឈរចាំក្រុមឈ្នះ រវាងក្រុមណាហ្គាវើលដ៏ និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ដែលគ្រោងធ្វើការប្រកួតកាត់សេចក្ដីជើងទី២ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីជើងទី១ ណាហ្គាវើលដ៏ បានទទួលជ័យជម្នះក្រៅដី ១-០ ។
ចំណែកក្រុមកងយោធពលខេមរភូមិន្ទ គឺបានផ្ដល់ការខកចិត្តដល់ក្រុមអង្គរថាយហ្គឺរ ក្រោយបញ្ចប់ការប្រកួតជើងទី២ ស្មើគ្នា ៣-៣ នៅកីឡដ្ឋានស្ដាតចាស់ កាលពីរាត្រីថ្ងៃពុធជាមួយគ្នា ។ ជំនួបរវាងក្រុមសមាជិកលីគកំពូលនេះ ពិតជាមានភាពស្វិតស្វាញខ្លាំង បន្ទាប់ពីក្រុមម្ចាស់ផ្ទះបើកការនាំមុខ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ជុង សាណាត និង ខន ណារ៉ង់ អង្គរថាយហ្គឺរ ក៏បានព្យាយាមវាយបកជាខ្លាំង នៅវគ្គទី២ រហូតរកបាន ៣គ្រាប់វិញ ដោយកីឡាករ Pedro Joao ម្នាក់ឯង នៅនាទី៥០, ៥១ និងនាទី៧៧ ។
ដោយសារផសគ្រាប់បាល់ នៅតែចាញ់កងយោធពលខេមរភូមិន្ទ បន្ទាប់ពីបរាជ័យក្នុងដី ៣-០ កាលពីជើងទី១ អង្គរថាយហ្គឺរ នៅតែបន្ដវាយសម្រុករកគ្រាប់បាល់បន្ថែម តែធ្វើមិនបានសម្រេច ផ្ទុយទៅវិញ ត្រូវបានកីឡាករ ជុង សាណាត បន្ថែមគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះតាមស្មើ នៅនាទី៩០+៤ ហើយបានរក្សាដល់ចប់ការប្រកួតពេញម៉ោង ។ សរុបទាំង ២ជើង កងយោធពលខេមរភូមិន្ទ ឈ្នះអង្គរថាយហ្គឺរ ៦-៣ ដើម្បីឡើងទៅវគ្គ ៨ក្រុមចុងក្រោយ ។
សម្រាប់វគ្គបន្ដ អតីតក្រុមជើងឯក ៣សម័យ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺត្រូវឈរចាំក្រុមឈ្នះ រវាងក្រុមវិសាខា និងក្រុមឡាយអ៊ិនឃីងខេត្តសៀមរាប ដែលនឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ នាល្ងាចថ្ងៃទី០៦ ខែកុម្ភៈនេះ បន្ទាប់ពីជើងទី១ វិសាខា បានយកឈ្នះក្រុមមានមូលដ្ឋាននៅខេត្តសៀមរាប ៣-០ ក្រៅដី ។ រីឯអង្គរថាយហ្គឺរ ដែលបានដាក់គោលដៅដណ្ដើមកៅអី Top-4 លើកដំបូង ធ្វើមិនបានសម្រេចឡើយ ដោយបានធ្លាក់ត្រឹមវគ្គ ១៦ក្រុមចុងក្រោយប៉ុណ្ណោះ ។
គួរដឹងថា បច្ចុប្បន្នពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ជាតិ ឆ្នាំ២០២៤/២៥ គឺបានរកឃើញបេក្ខភាពឡើងវគ្គ ៨ក្រុមចុងក្រោយចំនួន ៣ក្រុមហើយ គ្រាដែល ១ក្រុមទៀត គឺក្រុមបឹងកេត ដែលបានយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១៦-១ ៕អត្ថបទ លី ឈុនឡា



-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន