ព័ត៌មាន
ស្ថានទូតថៃប្រចាំកម្ពុជារៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ ដើម្បីអបអរសាទរខួបគម្រប់ ៧៥ឆ្នាំ
ស្ថានទូតថៃប្រចាំកម្ពុជា រួមសហការជាមួយ Go Study Thailand និងបណ្តាញអតីតនិស្សិតដែលបញ្ចប់ការសិក្សាពីប្រទេសថៃ បានរៀបចំកម្មវិធីពិព័រណ៍ការសិក្សា និងការងារ “Thailand Education and Jobs Fair 2025” ក្រោមមូលបទ “រួមគ្នាដើម្បីអនាគតដ៏កាន់តែប្រសើរ” (Together for a Better Future,) ដើម្បីអបអរសាទរខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រថៃ និងព្រះរាជាណាចក្រកម្ពុជា នៅតំបន់កោះពេជ្រ រាជធានីភ្នំពេញ។
កម្មវិធីពិព័រណ៍ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ មានវត្តមានគ្រឹះស្ថានអប់រំថៃចំនួន១៩ និងក្រុមហ៊ុនថៃដែលកំពុងបណ្តាក់ទុននៅកម្ពុជាចំនួន២៥បានចូលរួម ដែលនឹងផ្តល់ឱកាសដល់យុវជនកម្ពុជាទទួលបានព័ត៌មានពីកម្មវិធីកិច្ចពិភាក្សា ការបង្កើតបណ្តាញជាមួយអ្នកជំនាញមានបទពិសោធន៍ ព្រមទាំងអាចស្វែងរកអនាគតការសិក្សា និងការងារបានផងដែរ។ កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ពីបណ្តាសិស្សនិស្សិតកម្ពុជា និងអ្នកដែលកំពុងស្វែងរកការងារមកពីគ្រប់មជ្ឈដ្ឋានប្រមាណជាង៥០០នាក់។
លោកស្រី អេកអរ ឃុ ណាចារើន ភារធារី នៃស្ថានទូតថៃប្រចាំកម្ពុជា បានមានប្រសាសន៍ថា ស្ថានទូតថៃប្រចាំកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំនូវក្នុងការជំរុញគាំទ្រយុវជនកម្ពុជា ដែលមានបំណងរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច និងការបង្កើនទំនាក់ទំនងស្អិតរមួតរវាងប្រជាជននៃប្រទេសយើងទាំងពីរ។ លោកស្រីបានបន្តថា ឆ្នាំនេះ គឺជាឆ្នាំដ៏កាន់តែពិសេស ព្រោះជាខួបគម្រប់៧៥ឆ្នាំ នៃការស្ថាបនាទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដែលតាមរយៈកម្មវិធីនេះក៏បានឆ្លុះបញ្ចាំងផងដែរអំពីទំនាក់ទំនងដ៏រឹងមាំនៃប្រទេសយើងទាំងពីរ។
នៅក្នុងពិធីបើកកម្មវិធីខាងលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការអរគុណចំពោះវិស័យអប់រំឯកជន និងក្រុមហ៊ុនពាណិជ្ជកម្មទាំងអស់ ដែលបានចូលរួមតាំងបង្ហាញព័ត៌មានអំពីកម្មវិធីសិក្សា និងឱកាសការងារជូនដល់យុវជននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត សង្ឃឹមថា ព្រឹត្តការណ៍នេះនឹងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ កាន់តែរឹងមាំបន្ថែមទៀត តាមរយៈវិស័យអប់រំ និងឱកាសការងារនេះ៕










-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន7 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន7 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន7 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង