ព័ត៌មាន
ស្ថានភាពតម្លៃស្រូវបានវិលមកធម្មតាឡើងវិញ ក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម
អ្នកជំនាញក្នុងវិស័យស្រូវ អង្ករ បានឲ្យដឹងថា គិតមកដល់ពេលនេះ ពោលក្រោយចប់រដូវបុណ្យចូលឆ្នាំចិន-វៀតណាម ស្ថានភាពនៃការនាំចេញ ក៏ដូចជាតម្លៃស្រូវ បានវិលត្រឡប់មកជាធម្មតាឡើងវិញហើយ និងត្រៀមពង្រីកទីផ្សារនាំចេញស្រូវរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិថែមទៀត។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ជាទូទៅ ការប្រមូលផលស្រូវមិនមានការខុសប្លែកគ្នាប៉ុន្មានទេ ពីព្រោះពាក់ព័ន្ធការដាំដុះ ផ្ទុយទៅវិញអ្វីគឺមើលឃើញថា មានការប្រែប្រួលច្រើន គឺពាក់ព័ន្ធទៅនឹងការនាំចេញស្រូវពីប្រទេសកម្ពុជា ដែលឃើញកន្លងមក កាលពេលដែលថ្លៃស្រូវមានបញ្ហាខ្លាំងកាលពីដើមខែនោះ គឺទំហំនៃការនាំចេញតិចដែលបានដាក់សំពាធខ្លាំងទៅលើថ្លៃស្រូវ។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា ផ្ទុយទៅវិញក្រោយពីមានវិធានការណ៍មួយចំនួនពីការកៀគរជួយប្រមូលទិញពីរោងម៉ាស៊ីនក្នុងស្រុក ពីអ្នកប្រើប្រាស់ក្នុងស្រុក ក៏ដូចជាការអំពាវនាវ និងវិធានការណ៍ផ្សេងៗនោះ គឺឃើញថាការនាំចេញស្រូវប្រចាំថ្ងៃមានការកើនឡើងគួរឲ្យកត់សម្គាល់ លើកលែងតែចន្លោះពេលចូលឆ្នាំចិន-វៀតណាម ដែលចំនួននេះមានការធ្លាក់ចុះបន្តិច តែបច្ចុប្បន្ននេះ គឺបានកើនឡើងមកក្នុងកម្រិតជាធម្មតាវិញហើយ។

លោកឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យ ប៊ីធីវី ដឹងដែរថា ជុំវិញបញ្ហាស្រូវក្នុងពេលនេះ គឺមានស្ថានភាពប្រសើរជាងមុន ហើយតម្លៃក៏ល្អជាងមុនដែរ ដែលឥឡូវនេះនៅក្នុងចន្លោះ ៨៦០រៀល ក្នុងមួយគីឡូក្រាម សម្រាប់ស្រូវពូជប្រភេទ អូអិម (OM) ។ រីឯប្រភេទស្រូវស្រង៉ែ តម្លៃចន្លោះ ១,០៣០ ទៅ ១,០៥០រៀល ក្នុងមួយគីឡូ។ លោកឧកញ៉ា បានបន្តថា ដោយឡែក ការនាំចេញស្រូវមកដល់ពេលនេះ កត់សម្គាល់ឃើញដែរថា ក៏មានការវិលត្រឡប់មកប្រក្រតីឡើងវិញហើយ។
លោកឧកញ៉ាប្រធានបានបញ្ជាក់ថា ក្នុងពេលនេះ សហព័ន្ធស្រូវអង្ករកម្ពុជាកំពុងជំរុញអភិវឌ្ឍកម្មវិធី អេសអាភី (SRP) ឬហៅថាជាប្រភេទស្រូវមាននិរន្ត៍រភាព ជាស្តង់ដារមួយថ្មី ដើម្បីឲ្យប្រជាកសិករទទួលបាននូវតម្លៃស្រូវមួយដែលល្អ ហើយថ្លៃ។

ជុំវិញបញ្ហាស្រូវអង្ករនេះដែរ រដ្ឋាភិបាលកម្ពុជា បានបន្តលើកទឹកចិត្តដល់ប្រជាកសិករឲ្យងាកមកដាំពូជយុទ្ធសាស្រ្តរបស់កម្ពុជាដែលជាអង្ករក្រអូប ក៏ដូចជាការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ពីព្រោះដើម្បីធានាថា មានភាពច្បាស់លាស់ តម្លៃល្អ ទទួលបានព័ត៌មានមុននឹងធ្វើការសម្រេចចិត្តដាំ ហើយអ្វីដែលចង់លើកទឹកចិត្តបន្ថែមទៀតនោះ គឺការចងក្រងទៅជាសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម។
សូមជំរាបជូនទៀតថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ចំពោះលក្ខខណ្ឌក្នុងការចូលជាសហគមន៍កសិកម្មទំនើប គឺត្រូវមានសមាជិកចាប់ពី៥០គ្រួសារឡើង។ ដោយឡែក ចំពោះ ការចុះបញ្ចី, ការផ្សព្វផ្សាយ, ការៀបចំធ្វើផែនការអាជីវកម្ម និងនីតិវិធីផ្សេងៗទៀត ក្រសួងកសិកម្ម ធានាសម្របសម្រួលជូន៕ អត្ថបទ៖ ឈិត បូរ៉ាវី









-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល