ព័ត៌មាន
មជ្ឈមណ្ឌលការងារចល័តរបស់ NEA បន្តចុះផ្សព្វផ្សាយព័ត៌មានការងារដល់យុវជនតាមសាកលវិទ្យាល័យ
គិតមករហូតដល់ពេលនេះមជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅតែបន្តសកម្មភាពចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យនានា ដើម្បីផ្តល់ព័ត៌មានអំពីទីផ្សារការងារ និងនាំយកឱកាសការងារពិតប្រាកដឲ្យខិតជិតដល់យុវជន សិស្ស និស្សិត បំណងបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
ទាក់ទិនការចុះផ្សព្វផ្សាយរបស់ NEA នេះ លោក ឈុន ណុច សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យធនធានមនុស្ស បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ពិតជាមានការសប្បាយចិត្ត និងគាំទ្រពេញទំហឹងរបស់មជ្ឈមណ្ឌលការងារចល័តនេះ ព្រោះថា ពិតជាមានប្រយោជន៍និងមានតម្លៃខ្លាំងមែនទែនសម្រាប់ជួយទៅដល់យុវជន ក៏ដូចជាជួយសម្របសម្រួលការងារដែលបម្រើទៅដល់ការអភិវឌ្ឍន៍សង្គមជាតិ។ លោកបន្តថា ក្នុងនាមជាអ្នកបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាសាលាទាំងមូល គឺចង់ឃើញយុវជនរៀនចប់ និងមានការងារធ្វើដូចគ្នា។
លោកសាកលវិទ្យាធិការរង ក៏បានអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ការអភិវឌ្ឍធនធានមនុស្ស គឺជាមុំនៅក្នុងចក្ខុវិស័យ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលកាន់តែបង្កើនសក្តានុពលសម្រាប់ទាំងអស់គ្នានៅក្នុងវិស័យអប់រំបណ្តុះបណ្តាលនេះ មានឱកាសច្រើនក្នុងការជួយជ្រោមជ្រែងគ្នា ដើម្បីឲ្យធនធានយុវជនរបស់កម្ពុជា កាន់តែមានសក្តានុពល ឆ្លើយតបជាមួយនឹងសមត្ថភាពយុវជននៅក្នុងសម័យតេជោសន្តិភាព។
យុវជន ថន សុភារិទ្ធ និងយុវតី ស៊ីដែន ដួងសុជាតា តំណាងយុវជនជាច្រើននាក់នៅសាកលវិទ្យាល័យធនធានមនុស្សយល់ថា បន្ទាប់ពីទទួលបានព័ត៌មាន និងស្តាប់ការផ្សព្វផ្សាយរបស់ក្រុមការងាររបស់មជ្ឈមណ្ឌលការងារចល័តនេះ មានចិត្តសប្បាយរីករាយ និងពេញចិត្តទទួលយកក្នុងការផ្សព្វផ្សាយនេះ ដោយសារមានផលប្រយោជន៍ចំពោះនិស្សិត ជាពិសេសនិស្សិតមកពីបណ្តាខេត្តដែលមានជីវភាពលំបាក អញ្ចឹងនៅពេលមានការផ្សព្វផ្សាយបែបនេះ គឺផ្តល់ភាពងាយស្រួលទៅដល់អ្នកដែលចង់រៀនបណ្តើរ និងធ្វើការបណ្តើរ ដើម្បីកាត់បន្ថយការចំណាយនានា។
ពួកគេលើកបន្តថា អត្រាការងារសព្វថ្ងៃនេះ ពិតជាមានច្រើនណាស់ និងមិនមែនតែមួយផ្នែកទេ។ ប៉ុន្តែអ្វីដែលសំខាន់ចំពោះមុខ គឺការត្រៀមខ្លួនដើម្បីឆ្លើយតបទីផ្សារការងារដែលកំពុងមានតម្រូវការ ហើយប្រសិនជាអាចយុវជនគួរសាកល្បងធ្វើការងារសមស្របណាមួយ ដើម្បីទទួលបានបទពិសោធន៍ពីការងារ។
សូមជម្រាបថា ដើម្បីឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ www.nea.gov.kh, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត។ បន្ថែមពីនេះ មជ្ឈមណ្ឌលការងារចល័ត NEA បានបង្កើនការចុះផ្សព្វផ្សាយឱកាសការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានា ឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស៕ អត្ថបទ៖ ឈិត បូរ៉ាវី







-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល