ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងកសិកម្មបន្តចុះជួបក្រុមអាជីវករ ដើម្បីផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្ដម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ រួមជាមួយថ្នាក់ដឹកនាំក្រសួង អភិបាលរងខេត្តចំនួន៣ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ មន្រ្តីមន្ទីរកសិកម្មខេត្ត/ឃុំ និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មសរុបចំនួន ៥១២នាក់ ក្នុងនោះមានមន្ត្រីកសិកម្មឃុំសរុបចំនួន ៤១នាក់។
ប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានឲ្យដឹងថា ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងស្ថាប័ន-ពាក់ព័ន្ធ រដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់ប្រជាកសិករ ជាពិសេសការជួយដោះស្រាយបញ្ហាកង្វះទឹកស្រូវប្រាំង និងវិធានការដែលបានដាក់ចេញចំពោះមុខ ការធ្លាក់ចុះនៃតម្លៃស្រូវពូជអូអឹម និងអ៊ីអ៊ែរ នាដើមឆ្នាំ២០២៥នេះ ដើម្បីឱ្យអាជីវករបានយល់ដឹង និងចូលរួមផ្សព្វផ្សាយឱ្យបានជាប្រយោជន៍ដល់កសិករ និងវិស័យកសិកម្ម។
នាឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកឡើងពីគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកសិកម្មដូចជាការពង្រាយមន្ត្រីកសិកម្មឃុំ ការចងក្រងសហគមន៍កសិកម្មទំទើប ការជួយរក្សាលំនឹងថ្លៃកសិផល ការរកទីផ្សារ និងការកាត់បន្ថយថ្លៃដើមផលិត ដើម្បីបង្កើនប្រាក់ចំណេញដល់ប្រជាកសិករ ព្រមទាំងបានរំលេចនូវសមិទ្ធផលជាច្រើន ដែលក្រសួងកសិកម្មសម្រេចបាននាពេលកន្លងមក។
បន្ថែមពីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់អាជីវករលក់ជី និងថ្នាំកសិកម្មទាំងអស់ត្រូវបន្តជួយណែនាំប្រជាកសិករឱ្យដឹង និងយល់កាន់តែច្បាស់បន្ថែម ពីការប្រើប្រាស់ជី ថ្នាំកសិកម្មឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលកសិផល និងមិនប៉ះពាល់សុខភាពអ្នកប្រើប្រាស់។
ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ អាជីវករលក់ជី និងថ្នាំកសិកម្ម ទាំងអស់ បានបង្ហាញក្ដីរីករាយ និងចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ការផ្ដល់ចំណេះដឹងបច្ចេកទេសថ្មីៗ ដើម្បីជួយដល់កសិករ និងជៀសវាងផ្សព្វផ្សាយព័ត៌មាន ដែលបង្កអសន្តិសុខសង្គម បង្កផលប៉ះពាល់អវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល៕





-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល