ព័ត៌មាន
ឯកឧត្តម ស៊ុយ សែម អញ្ជើញធ្វើពិធីពុទ្ធាភិសេក ព្រះពុទ្ធប្បដិមាកម្ពស់ ២៧.៩ ម៉ែត្រ នៅវត្តច័ន្ទរង្សី ខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ព្រះពុទ្ធប្បដិមា ទ្រង់ឈរ កម្ពស់ ២៧.៩ ម៉ែត្រ ក្នុងកាយវិការប្រទានព្រះធម៌ និងប្រទានពរ មានតំលៃជិត៤០ម៉ឺនដុល្លារដែលកសាងដោយឯកឧត្តម ស៊ុយ សែម សមាជិករដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងលោកជំទាវ ជា ខេង តម្កល់ទុកជាគរុភ័ណ្ឌក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងវត្តច័ន្ទរង្សីហៅវត្តរំលេច ស្ថិតក្នុងភូមិប្រឡាយរំដេញ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានកសាងរួចរាល់ជាស្ថាពរហើយ ហើយបានធ្វើពិធីបុណ្យពុទ្ធាភិសេកយ៉ាងអធឹកអធម រយៈពេល០២ថ្ងៃ។
ដោយនៅថ្ងៃទី១ពេលរសៀលមានធ្វើពិធីក្រុងពលី សូត្រមន្តចម្រើនព្រះបរិត្ត ពេលល្ងាចធ្វើពិធីអភិសេកព្រះពុទ្ធប្បដិមា ដោយព្រះសង្ឃ៨០អង្គ ដឹកនាំដោយសម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ហើយថ្ងៃទី២ មានការនិមន្តនិងអញ្ជើញចូលរួមពីសម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧណ្ណាឡោម, ព្រះព្រហ្មាភិរ័ត្ន កែវ កន ព្រះមេគណខេត្ត, ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទ។
ឯកឧត្តម ស៊ុយ សែម មានប្រសាសន៍ថា ដោយសេចក្ដីគោរព កតញូតា ចំពោះមាតាបិតា និងជំនឿជ្រះថ្លាយ៉ាងជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា ឯកឧត្តមនិងភរិយាតែងបានចូលរួមចំណែកយ៉ាងសកម្ម តាមលទ្ធភាពនិងធនធានដែលមាន ក្នុងការសាងសង់ព្រះវិហារ ឧបដ្ឋានសាលា និងហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យព្រះពុទ្ធសាសនា នៅតាមទីវត្តអារាមនានាជាច្រើនក្នុងខេត្តពោធិ៍សាត់ ដែលជាខេត្តកំណើតរបស់ខ្លួន។ សមិទ្ធិផលទាំងអស់នេះ បានចូលរួមជាមួយរាជរដ្ឋាភិបាលនិងពុទ្ធសាសនិកទាំងអស់ ក្នុងការជម្រុញអភិវឌ្ឍនិងលើកកម្ពស់សេចក្ដីចម្រើនរុងរឿងនៃព្រះពុទ្ធសាសនា និងសេចក្ដីសុខ សុភមង្គល របស់ប្រជារាស្ត្រខ្មែរ ក្រោមម្លប់នៃសន្តិភាពនិងការឯកភាពជាតិដ៍ថ្លៃថ្លាបំផុត។ ឯកឧត្តមបន្តទៀតថា ទន្ទឹមនឹងសមិទ្ធិផលទាំងអស់នោះ ឯកឧត្តមមានបំណងប្រាថ្នាមួយទៀត គឺចង់សាងសង់ព្រះពុទ្ធប្បដិមាទ្រង់ឈរមួយអង្គមុនពេលចូលនិវត្តន៍ ដើម្បីទុកជូនជាមរតកស្ថាបត្យកម្ម ក្នុងព្រះពុទ្ធសាសនាចុងក្រោយរបស់ឯកឧត្តម សម្រាប់ពុទ្ធសាសនិកទាំងអស់ ពិសេសប្រជាពលរដ្ឋខេត្តពោធិ៍សាត់ជំនាន់ក្រោយ។ ដោយមមាញឹកខ្លាំងក្នុងការងារ និងក្នុងការទទួលខុសត្រូវតាមភារកិច្ចប្រគល់ជូនដោយរាជរដ្ឋាភិបាល ឯកឧត្តមពុំមានឱកាសដើម្បីសម្រេចបំណងប្រាថ្នានេះបានសោះ។ គាប់ជូនពេលវេលាមួយក្នុងឱកាសចូលរួមជាអធិបតី ក្នុងពិធីសម្ពោធសមិទ្ធិផលនៅក្នុងវត្តច័ន្ទរង្សីហៅរំលេចនេះ ឯកឧត្តមមានចំណាប់អារម្មណ៍ និងស្រលាញ់ជាប់ចិត្តយ៉ាងខ្លាំង ចំពោះភាពស្រស់ស្អាត បរិស្ថានអនាម័យល្អ និងស្នាមញញឹមរួសរាយរាក់ទាក់ របស់ព្រះសង្ឃនិងប្រជាពលរដ្ឋ ដែលបានមកចូលរួមនៅទីនេះ ឯកឧត្តមនិងភរិយាក៍សម្រេចចិត្តសាងសង់ ព្រះពុទ្ធប្បដិមាទ្រង់ឈរមួយអង្គកម្ពស់២៧.៩ម៉ែត្រ នៅក្នុងវត្តរំលេចនេះតែម្ដង។ បំណងប្រាថ្នារបស់ឯកឧត្តម គឺចង់ឧទ្ទិសស្នាដៃថ្មីនេះ សម្រាប់រំលឹកដល់គុណធម៌នៃសេចក្ដីកតញូតា ចំពោះមាតាបិតា ការសម្ដែងព្រះធម៌ និងសេចក្ដីប្រទានពរសិរីមង្គល របស់ព្រះសម្មាសម្ពុទ្ធចំពោះបុគ្គលដែលមានកតញូ និងស្វែងរកការប្រៀនប្រដៅពីព្រះអង្គ។ ស្របតាមបំណងប្រាថ្នានេះប្លង់រចនានៃសំណង់ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយស្ថាបត្យករនិងអ្នកជំនាញខាងវប្បធម៌និងសាសនា ដោយផ្អែកលើមូលដ្ឋាននៃគម្រូព្រះពុទ្ធបដិមាខ្មែរ ក្នុងរចនាបថសម័យមុនអង្គរ(ស.វ.ទី៧.ទី៨នៃគ.ស) ដល់សម័យចុងអង្គរ(ស.វ.ទី១២.ទី១៣នៃគ.ស)។ ទម្រង់ទំហំនិងខ្នាតរង្វាស់រង្វាល់នៃសំណង់ ត្រូវបានកំណត់យកស្របតាមសមមាត្រ នៃចំនួនគុណឪពុកនិងចំនួនគុណម្ដាយដូចតទៅ៖ ព្រះពុទ្ធប្បដិមាទ្រង់ឈរមានកម្ពស់២១ម៉ែត្រ តំណាងគុណឪពុកទាំង២១។ ពុទ្ឌាសនៈទ្រព្រះពុទ្ធប្បដិមាមានអង្កត់ផ្ចិត១២ម៉ែត្រ តំណាងគុណម្ដាយទាំង១២។ ព្រះពុទ្ធប្បដិមាទ្រង់ឈរក្នុងទម្រង់កាយវិការពីររួមបញ្ចូលគ្នា គឺកាយវិការប្រទានពរព្រះធម៌ និងកាយវិការប្រទានពរ។ កាយវិការប្រទានព្រះធម៌បង្ហាញតាមរយៈមេដៃ និងចង្អុលដៃផ្គុំគ្នាបង្កើតជារង្វង់ ហើយម្រាមដៃបីទៀតលាតសន្ធឹងធម្មតា។ រង្វង់តំណាងលំហូរនៃថាមពលនិងពុទ្ធិវដ្ត ក្នុងការបង្រៀនប្រៀនប្រដៅ និងការប្រទានព្រះធម៌។ រីឯម្រាមបីទៀតដែលលាតសន្ធឹងស្មើគ្នា តំណាងឲ្យព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។ កាយវិការប្រទានពរ បង្ហាញតាមរយៈព្រះហស្តឆ្វេងសណ្ដូកចុះក្រោម និងលាបាតព្រះហ្តចេញមកក្រៅ។ ម្រាមដៃទាំងអស់សណ្ដូកត្រង់ឬបត់បន្តិច តាមទម្រង់សិល្បៈរចនាបថ។
ឯកឧត្តម ស៊ុយ សែម បានឲ្យដឹងថា ការសាងសង់បានចាប់ផ្ដើមនៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០២៣ ដោយប្រើរយៈពេល១៤ខែទើបបានបញ្ចប់ជាស្ថាពរ។ សមិទ្ធិផលសំខាន់ៗដែលមានជាមួយគ្នានេះរួមមាន៖ ព្រះពុទ្ធប្បដិមាទ្រង់ឈរកម្ពស់២៧.៩ម៉ែត្រ, ចម្លាក់តោថ្មធ្វើពីសិលាក្រែចំនួនពីរ, សំណង់នរៈសឹង្ហធ្វើពីបេតុងចំនួន០៦, កម្រាលក្រានីតជុំវិញព្រះពុទ្ធប្បដិមា មានបីជាន់ទំហំ៦០២ម៉ែត្រក្រឡា និងផ្លូវចូលពីក្លោងទ្វារវត្តដល់ព្រះពុទ្ធប្បដិមា ក្រាលក្រានីតប្រវែង១០៤,២៥ម៉ែត្រ ទទឹង៦,៨ម៉ែត្រ។ សមិទ្ធផលទាំងអស់នេះ ចំណាយថវិកាសរុបអស់ចំនួន ៣៨០.៧៦៨ ដុល្លារសហរដ្ឋអាមេរិក។ ថវិកាទាំងនេះជាធនធានផ្ទាល់ខ្លួនរបស់ឯកឧត្តមនិងលោកជំទាវ ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ដែលជាមិត្តភ័ក្កិរបស់ឯកឧត្តមនិងលោកជំទាវ នៅរាជធានីភ្នំពេញផងដែរ។ ឯកឧត្តមសូមប្រគល់សមិទ្ធិផលស្ថាបត្យកម្មដ៍ឧត្តុង្គឧត្តមនេះ ទុកជាមរតក សម្រាប់មប្រើឲ្យគុណប្រយោជន៍របស់ពុទ្ធសាសនិកជន ប្រជាជនកម្ពុជាគ្រប់ជំនាន់តរៀងទៅ ជាពិសេសប្រជាជននៅខេត្តពោធិ៍សាត់តែម្ដង។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុយ សែម និងលោកជំទាវ ជា ខេង បានប្រគេនថវិកាចំនួន២០.០០០ដុល្លារសហរដ្ឋអាមេរិកបន្ថែមទៀត សម្រាប់ធ្វើរបងវត្តបង្ហើយ ក្នុងនោះ៤០០០ដុល្លារទុកសម្រាប់ព្យាបាលជំងឺព្រះចៅអធិការវត្តរំលេច ដែលមានព្រះជន្មជរាលើស៩០ឆ្នាំទៅហើយ៕

-
ព័ត៌មាន5 days ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យការិយាល័យបុគ្គលិកសួរនាំមន្រ្តីនគរបាលចរាចរណ៍គោលដៅខណ្ឌសែនសុខ និងអញ្ជើញលោកបណ្ឌិតសុខ ទូច ដើម្បីចូលដោះស្រាយ
-
ព័ត៌មាន4 days ago
សម្ដេចធិបតី ផ្ដាំទៅអ្នកនយោបាយទាំងខ្មែរ និងថៃ កុំយករឿងនយោបាយលូកលាន់លើកិច្ចការងារបច្ចេកទេស
-
ព័ត៌មាន4 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប
-
ព័ត៌មាន4 days ago
សម្ដេចធិបតី៖ កម្ពុជារក្សាជំហរដោះស្រាយបញ្ហាព្រំដែនតាមសន្ដិវិធីប៉ុន្ដែនឹងប្រើកម្លាំងបើមានការឈ្លានពាន
-
ព័ត៌មាន4 days ago
សម្ដេចធិបតី លើកទឹកចិត្តនិស្សិតជ័យលាភីបន្តខិតខំស្វែងរកការងារធ្វើទាំងវិស័យសាធារណៈ និងជកជន
-
ព័ត៌មាន4 days ago
ករណីបណ្ឌិត សុខ ទូច ជាមួយនគរបាលចរាចរ! សម្ដេចតេជោ អំពាវនាវឱ្យជនរួមជាតិក៏ដូចជាអ្នកពាក់ព័ន្ធបញ្ចប់តាមរបៀបឈ្នះ ឈ្នះ
-
ព័ត៌មាន2 days ago
ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់
-
កីឡា5 days ago
ពានសម្ដេចតេជោ-ថ្នាក់ជាតិ នឹងប្រកួតកាត់សេចក្ដីរកបេក្ខភាព ៣ក្រុមឡើងបង្គ្រប់វគ្គ ១/៤ ស្អែកនេះ