ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ច ចំណែកសម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថាពិភពលោកកាន់តែស្រស់បំព្រងកាលបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីសម្រេចចិត្តកាន់តែច្រើន
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់លើកកម្ពស់សមភាពយេនឌ័រនិងការផ្តល់ភាពអង់អាចជូនស្រ្តីនិងកុមារីជានិច្ច នៅក្នុងនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ ជួយស្រ្តីគឺជួយខ្លួនឯង។ ចំណែកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត វិញបានលើកឡើងថា ពិភពលោកកាន់តែស្រស់បំព្រងបើមានការចូលរួមរបស់ស្រ្តីក្នុងតួនាទីជាអ្នកសម្រេចចិត្តកាន់តែច្រើននោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងដូច្នេះ កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសេចក្តីសម្រេចបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីស្រុកពញាឮ ខេត្តកណ្តាល នៅទីស្នាក់ការគណបក្សស្រុកពញាឮ ដែលមានសមាជិកចូលរួមជិត៣០០នាក់។
នៅក្នុងឱកាសដ៏មហោឡារិកនោះ ចលនាស្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកពញាឮ ក៏ដូចជានៅទូទំាងខេត្តកណ្តាល បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការលើគម្រោងស្មោកគ្រោក ដែលជាសកម្មភាពភេរវកម្មរបស់ក្រុមជ្រុលនិយមក្នុងការប្រើប្រាស់ដ្រូនប៉ុនប៉ងធ្វើឃាត សម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ។ សកម្មភាពដ៏ថោកទាប ខ្មៅកខ្វក់ គ្មានសាសនានេះ ជាការប្រមាថដ៏ធ្ងន់ធ្ងរលើអាយុជីវិតឥស្សរជនថ្នាក់ដឹកនាំកំពូលរបស់ជាតិមិនអាចអត់ឱនបានឡើយ។ សកម្មភាពឆ្កួតលីលានេះ នឹងឈានដល់ការបំផ្លាញសុខសន្តិភាព ស្ថិរភាពនិងការភិវឌ្ឍរបស់ប្រទេសជាតិ ជាពិសេសនឹងទាញសង្គមជាតិឱ្យធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី។
បន្ទាប់ពីបានស្តាប់របាយការណ៍ស្វាគមន៍ ក៏ដូចជាការអានសេចក្តីសម្រេចស្តីពីការបែងចែកសមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ទទួលបន្ទុកស្រុកពញឮ និងការបេ្តជ្ញាចិត្តរបស់ ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយបានលើកពីទិសដៅការងារដែលត្រូវអនុវត្តបន្ត ព្រមទំាងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនជូនក្រុមការងារដើម្បីយកទៅអនុវត្តឱ្យកាន់តែទទួលបានលទ្ធផលល្អ ស្របតាមគោលនយោបាយនិងផែនការរបស់គណបក្ស។
នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទំាង សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនសមាជិកអង្គពិធីទំាងមូលផងដែរ។
សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលក្រុមការងារស្រ្តី ក៏ដូចជាគណបក្សប្រជាជនកម្ពុជាស្រុកពញាឮទំាងមូល សម្រេចបាននាពេលកន្លងមក។ សម្តេចរដ្ឋសភាធិបតី ក៏បានលើកឡើងពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ដែលបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលធំៗ ថ្មីៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន។
សម្តេចប្រធានរដ្ឋសភានិងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាលផងនោះ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បន្តជ្រោងទង់ បង្កើតសមិទ្ធផលថ្មីៗ ជូនសង្គមជាតិ ដូចជាការការធានាបានយ៉ាងប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ។ ធានាបាននូវបរិស្ថានម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយស្ថិរភាពនិងភាពអនុគ្រោះសម្រាប់សម្មភាពអាជីវកម្មនិងការរស់នៅរបស់ប្រជាជន។ បានទាក់ទាញការវិនិយោគនិងការជំរុញលើកកម្ពស់សកម្មភាពធុរកិច្ចក្នុងប្រទេស ការបន្តផ្តោតការយកចិត្តទុកដាក់ ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សដែលជាអាទិភាពទី១ នៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១។ ការបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរួមបញ្ចូលនូវផ្លូវ ទឹក ភ្លើងនិងប្រព័ន្ធឌីជីថល។ ការកែទម្រង់អភិបាលកិច្ចនិងស្ថាប័នសំដៅលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃសេវាសាធារណៈជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ជាង៤០ឆ្នាំមកនេះ សម្តេចតេជោ ហ៊ុន សែន បានលះបង់សាច់ស្រស់ឈាមស្រស់ដោយមិនខ្លាចការនឿយហត់ ជម្នះរាល់ឧបសគ្គ យកអាយុជីវិតទៅប្តូរដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍជូនប្រជាពលរដ្ឋ។ ដូចគ្នានេះក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គទេសក៍បន្តវេន កំពុងបន្តជ្រោងទង់រក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗជាច្រើនជូនប្រទេសជាតិជាបន្តទៀតក្នុងការនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
សូមជម្រាបថាក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ ជាជំនួយការឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ដែលមានតួនាទីជាជំនួយការឱ្យគណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារចលនាស្រ្តីគណបក្សខេត្តក្នុងការសម្របសម្រួលនិងជំរុញការអនុវត្ត ភារកិច្ចរបស់ក្រុមការងារចលនាស្រ្តី បណ្តាញស្រ្តីគ្រប់ថ្នាក់ដើម្បីធានាបាននូវសុខដុមនីយកម្មការងារចលនាស្រ្តីក្រោមការដឹកនាំរបស់គណបក្ស។
បន្ទាប់ពីបានលើកឡើងពីការងារសំខាន់ៗដែលក្រុមការងារចលនាស្រ្តីគណបក្សស្រុកត្រូវអនុវត្តហើយ សម្តេចរដ្ឋសភាធិបតី បានផ្តល់អនុសាសន៍ចំនួន៦ចំនុចដល់ក្រុមការងារមានដូចជា៖
១- បន្តសហការជាមួយគណបក្សនិងក្រុមការងារគណបក្សមូលដ្ឋានស្រុកពញាឮ ក្នុងការអនុវត្តសកម្មភាពជួយសហគមន៍ លើកកម្ពស់សិទ្ធិស្រ្តី សុខុមាលភាពស្រ្តី និងសុខភាពមាតានិងទារក។
២- កសាងផែនការសកម្មភាពផ្អែកតាមសេចក្តីសម្រេចចិត្ត គោលការណ៍ណែនាំទិសដៅការងារគណបក្សនិងក្រុមការងារគណបក្សនិងស្របតាមផែនការទិសដៅការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តនិងក្រុមការងារចលនាស្រ្តីគណបក្សខេត្ត។
៣- បន្តផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋ ដែលពាក់ព័ន្ធសិទ្ធិនិងផលប្រយោជន៍ពលរដ្ឋ ផលប្រយោជន៍ស្រ្តី កុមារ ចាស់ជរា ជនងាយរងគ្រោះជាដើម ។
៤- រៀបចំបែងចែកភារកិច្ចក្នុងក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុកឱ្យទទួលបន្ទុកតាមឃុំ ភូមិច្បាស់លាស់។ សហការចូលរួមជំរុញការអនុវត្ត គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
៥- ខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹកនិងជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ។ បន្តខិតខំពង្រឹងពង្រីកសមាជិកគណបក្សឱ្យបានច្រើននិងប្រកបដោយគុណភាព ពោលគឺសមាជិកគណបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។
៦- ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានរឹងមាំ អនុវត្តរបបប្រជុំនិងរាយការណ៍ឱ្យបានទៀងទាត់។ ជាមួយគ្នានេះ សកម្មជនក្រុមការងារទំាងអស់ត្រូវហ៊ានវាយបក និងធ្វើបដិឃោសនាដើម្បីទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ការញុះញង់ បំភៃ្លសភាពការណ៍របស់ពួកអគតិ ជ្រុលនិយមទំាងនៅក្នុងនិងក្រៅប្រទេស ដែលជានិច្ចកាលតែងតែខិតខំរិះរកបង្កើតនូវព្រឹត្តិការណ៍ និងពង្រីកព្រឹត្តិការណ៍ឱ្យមានភាពច្របូកច្របល់ ប៉ះពាល់ដល់ស្ថិរភាព និងការអភិវឌ្ឍរបស់សង្គមជាតិ៕



-
ព័ត៌មាន5 days agoអ្នកនាំពាក្យ៖យោធាថៃបានបាញ់ចូលកម្ពុជាកាន់តែខ្លាំងនិងសាហាវខ្លាំងជាងមុនប៉ុន្តែកង ទ័ពកម្ពុជាបានឆ្លើយតបគ្រប់គោលដៅ
-
ព័ត៌មាន1 week agoតម្លៃសេវាអ៊ីនធឺណិតនឹងទាបជាងមុន បន្ទាប់ពីកម្ពុជាតបណ្តាញប្រព័ន្ធអ៊ីនធឺណិតពីហុងកុង
-
ព័ត៌មាន5 days agoតំណាងអចិន្ត្រៃយ៍របស់កម្ពុជា ស្នើ ៥ចំណុច ឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ចាត់វិធានចំពោះថៃឈ្លានពាន
-
ព័ត៌មាន5 days agoទង្វើថៃកាន់តែសាហាវ ក្រៅពីបាញ់ចូលតំបន់ស៊ីវិល ថែមទាំងផ្លោងចូលមន្ទីរពេទ្យ
-
ព័ត៌មាន1 week agoយោធាថៃបានប្រើប្រាស់អាវុធ និងយុទ្ធោបករណ៍បំផ្លិចបំផ្លាញធុនធ្ងន់គ្រប់ ជាង ១០ប្រភេទ
-
ព័ត៌មាន4 days agoកម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ ក្នុងកិច្ចប្រជុំ ក្នុងចំណោម ១៥០ប្រទេស
-
ព័ត៌មាន6 days agoទិវាសិទ្ធមនុស្សអន្តរជាតិ សហជីពនិងកម្មករអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសការបំពានរបស់ថៃលើកិច្ចព្រមព្រៀងឈប់បាញ់
-
ព័ត៌មាន7 days agoក្រសួងការងារ និង UNDP ចុះអនុស្សរណៈ ពង្រឹងអភិបាលកិច្ច និងក្របខណ្ឌវិនិយោគមូលនិធិសោធន