ព័ត៌មាន
ព្រះករុណា ព្រះមហាក្សត្រ យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្ពោធសមិទ្ធផលនានានៅវត្តឧណ្ណាលោម
នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ បានស្ដេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រះរាជពិធីសម្ពោធមហាកុដិសម្តេចព្រះសង្ឃរាជ ជួន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និង អភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំង សមិទ្ធិនានា ស្ថិតក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ត្រូវបានសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឥស្សរជនសំខាន់ៗជាច្រើនទៀតបានអញ្ជើញដង្ហែអង្គព្រះមហាក្សត្រចូលរួមនៅក្នុងព្រះរាជពិធីនេះផងដែរ។
សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត សម្តេចព្រះចៅអធិការវត្តឧណ្ណាលោម បានទូលថ្វាយ និងជំរាបជូនថា វត្តឧណ្ណាលោម គឺជាវត្តដែលស្ថិតនៅក្នុងចំណោមវត្តទាំង៦ក្នុងរាជធានីភ្នំពេញដែលត្រូវបាន សាងសង់ឡើងក្នុងរាជ្ជកាលព្រះបាទចៅពញាយ៉ាត ក្នុងឆ្នាំ១៤៣៧ ហើយអ្វីដែលជាកត្តាប្រវត្តិសាស្ត្រនោះ គឺមានតែវត្ត ឧណ្ណាលោមមួយគត់ ដែលមានប្រាសាទសម័យអង្គរ ដោយយោងតាមការសិក្សាបង្ហាញថា ប្រាសាទនេះ សាងសង់ ឡើងក្នុងចន្លោះសវត្សទី១១ ទី១២ មានចរនាបថកោះកេរ ធ្វើពីថ្មភក់ បែរមុខទៅទិសខាងកើត និងបានប្រែក្លាយជាចេតិយនៅសម័យក្រោយអង្គរសម្រាប់ការគោរពបូជាក្នុងព្រះពុទ្ធសាសនា។វត្តនេះ មានមហាកុដិមួយដែលបាន ស្ថាបនាឡើងនៅក្នុងឆ្នាំ១៩៤៩ក្រោមព្រះរាជូបត្ថម្ភ របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះចៅក្រុងកម្ពុជាធិបតី និងរួមដោយសទ្ធាជ្រះថ្លាពីសំណាក់ពុទ្ធបរិស័ទក្រុងភ្នំពេញនិងខេត្តផ្សេងៗទៀត។មហាកុដិនេះទៀតសោត បានក្លាយជាព្រះរាជដំណាក់សម្តេចព្រះមហាសង្ឃរាជរហូតដល់៣ព្រះអង្គ មានសម្តេចព្រះសង្ឃរាជ ជួន ណាត សម្តេចព្រះសង្ឃរាជ ហួត តាត និងសម្តេចព្រះសង្ឃរាជ ទេព វង្ស។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានថ្លែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅ ប្រគេនសម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះចៅអធិការវត្តឧណ្ណាលោមដែលបានធ្វើរបាយការណ៍រម្លឹកអំពីប្រវត្តិសាស្ត្រនិងគូសបញ្ជាក់អំពីការជួសជុលសមិទ្ធផលនានា និងតួនាទីដ៏សំខាន់មិនអាចកាត់ថ្លៃបាន របស់វត្តឧណ្ណាលោមប្រកបដោយលក្ខណៈវិសេសដ៏គួរឱ្យចាប់អារម្មណ៍ទាំងទិដ្ឋភាពព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណី។ ព្រះអង្គមានមានព្រះរាជបន្ទូលថា អារាមនេះគឺជាទីបណ្តុះនូវព្រះធម៌របស់ព្រះសម្មាសម្ពុទ្ធដ៏ល្អឯក ហើយក៏ជាកន្លែង ដែលបានផ្តល់កំណើតដល់វចនានុក្រមខ្មែរ តាមរយៈការលះបង់ដ៏ធំធេងរបស់សម្តេចព្រះសង្ឃរាជ ជួន ណាត ពេញមួយព្រះជន្មរបស់ព្រះអង្គផងដែរ ។
ក្នុងបរិការណ៍នេះព្រះអង្គបានលើកឡើងថា តួនាទីដ៏លេចធ្លោរបស់វត្តអារាមព្រះពុទ្ធសាសនា បានក្លាយទៅជាចលករមួយដែលមិនអាចកាត់ផ្តាច់ចេញបាន រវាងដំណើរជីវិតប្រជាពលរដ្ឋខ្មែរប្រចាំថ្ងៃ និងការអភិវឌ្ឍសង្គមជាតិ ដែលមានន័យថាវត្តអារាម និងសង្គមគឺតែមួយ ។ លើសពីនេះទៀត តួនាទីដ៏ពិសិដ្ឋរបស់វត្តអារាមព្រះពុទ្ធសាសនាខ្មែរបានរួមវិភាគទានដ៏សំខាន់ដល់សង្គម តាំងតែពីបុរាណកាល រហូតមកដល់បច្ចុប្បន្នកាល ក្នុងតួនាទីសំខាន់៤យ៉ាង៖ ទី១៖ វត្តអារាមខ្មែរ បានដើរតួនាទីជំរុញ បណ្តុះសីលធម៌ គុណធម៌ ដែលជាផ្នែកមួយនៃពុទ្ធ ចរិយាសាស្ត្រធ្វើឱ្យសង្គមខ្មែរ មានសុខដុមនីយកម្មទាំងសាសនា និងសង្គម ។
ទី២៖ វត្តអារាមខ្មែរ បានក្លាយទៅជាទីកន្លែង អប់រំទាំងផ្លូវកាយ ផ្លូវចិត្ត កសាងធនធានមនុស្ស ឱ្យមានចំណេះដឹងគ្រប់បែបយ៉ាង ។
ទី៣៖ វត្តអារាមខ្មែរ គឺជាឃ្លាំងសម្រាប់រក្សាទុកនូវ មត៌កវប្បធម៌ ប្រពៃណី ចំណេះដឹងដ៏សំបូរបែប ដែលផ្តល់គុណតម្លៃសម្រាប់ការសិក្សាស្រាវជ្រាវមិនចេះរីងស្ងួតឡើយ និង ទី៤៖ វត្តអារាមខ្មែរ គឺជាទីកន្លែងដ៏ទូលាយក្នុងការបញ្ជ្រាបនិងថែរក្សាអត្តសញ្ញាណ ព្រលឹង ជាតិ ដ៏សំខាន់តាំងតែពីបរមបុរាណដរាបរៀងមក ។
ព្រះអង្គបានគូសបញ្ជាក់ថា តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្នកាល វត្តអារាមជួយផ្តល់កន្លែងស្នាក់នៅ បួសរៀន សូត្រចំណេះដឹងទូទៅដល់អ្នកដែលមានការខ្វះខាត ។ ក្នុងចំណោមនោះមានមួយចំនួនបានក្លាយ ទៅជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្នុងការបម្រើរដ្ឋ ។ ឆ្លៀតនៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ ព្រះករុណាជាអម្ចាស់ បានអរគុណ និងកោតសរសើរជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាស្ថាបនិកដ៏ អស្ចារ្យ ប៉ិនប្រសប់ និងឈ្លាសវៃ ក្នុងការធ្វើឱ្យព្រះពុទ្ធសាសនា និងវត្តអារាមខ្មែរមានព្រលឹងរស់ឡើង វិញដូចសព្វថ្ងៃ ដែលនាំឱ្យមានស្ថិរភាពសង្គម សន្តិភាព ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ។ក្នុងពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានភាពឈ្លាសវៃ មានគោលនយោបាយសមស្រប ទទួលបានការរីកចម្រើន និង ស្ថិរភាពសង្គមល្អប្រសើរ ។ អាស្រ័យហេតុនេះ មិនអាចមានបុគ្គលណាមួយប្រមាថ ឬប្រទូសរ៉ាយ ចំពោះព្រះពុទ្ធសាសនា នៅក្នុងសម័យកាលសន្តិភាពនេះបានឡើយ ។
ព្រះអង្គបានយកនូវឱកាសនេះកោតសរសើរចំពោះសប្បុរសជននានារួម ទាំងពុទ្ធបរិស័ទ ដែលបានជួយកសាង និងជួសជុលមហាកុដិ សម្តេចព្រះសង្ឃរាជ ជូន ណាត និង វិទ្យាស្ថានស្រាវជ្រាវ និងអភិរក្សសាស្ត្រាស្លឹករឹតខ្មែរ ព្រមទាំងសមិទ្ធផលនានាក្នុងវត្តឧណ្ណាលោមតាំងពីដំណាក់កាលដំបូង រហូតមកទល់នឹងថ្ងៃសម្ពោធនេះ បានល្អប្រពៃ៕ អត្ថបទ មុត សុទ្ធ

-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោសែនអំពាវនាវដល់ពលករនៅថៃឱ្យវិលត្រលប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញ និងប្រមាថ
-
ព័ត៌មាន1 week ago
TOP STORY | សម្ដេចតេជោ គាំទ្រការបិទច្រកអន្តរជាតិដូងខេត្តបាត់ដំបង ខណៈថៃប្រើច្រកនេះដឹកទំនិញឆ្លងកាត់ទៅវៀតណាមរាប់រយឡានក្នុងមួយថ្ងៃៗ
-
ព័ត៌មាន1 week ago
សម្តេចតេជោ អំពាវនាវពលរដ្ឋខ្មែរកុំធ្វើអំពើជ្រុលនិយមបាតុកម្មប្រឆាំងស្ថានទូតថៃប្រចាំកម្ពុជា
-
ព័ត៌មាន4 days ago
TOP STORY | សម្ដេចតេជោបញ្ជាក់ថា សំឡេងសន្ទនារវាងសម្ដេច និងនាយករដ្ឋមន្រ្តីថៃបានផ្ញើទៅមន្រ្ដីពាក់ព័ន្ធប្រហែល៨០នាក់»
-
ព័ត៌មាន7 days ago
កិច្ចប្រជុំ JBC កម្ពុជា-ថៃ រយៈពេលពីរថ្ងៃបញ្ចប់ដោយរលូន និងបានឯកភាពអនុម័តលើរបៀបវារៈចំនួន៤
-
ព័ត៌មាន7 days ago
គណៈប្រតិភូព្រឹទ្ធសភា ចុះសួរសុខទុក្ខកងកម្លាំងជួរមុខការពារព្រំដែននៅខេត្តព្រះវិហារ
-
ព័ត៌មាន6 days ago
អភិបាលខេត្តបន្ទាយមានជ័យ៖ ក្រុមការងារពាក់ព័ន្ធកំពុងត្រៀមទទួលពុកម៉ែបងប្អូនមានកន្លែងស្នាក់នៅបណ្តោះអាសន្ន រយៈពេលវែង និងសម្រួលឯកសារពាក់ព័ន្ធ
-
ព័ត៌មាន6 days ago
[BREAKING NEWS] យន្តហោះមួយគ្រឿងទៀតហើយរបស់ Air India ហោះត្រឡប់ទៅហុងកុងវិញ បន្ទាប់ពីបញ្ហាបច្ចេកទេសពាក់កណ្តាលអាកាស